កីឡាអន្តរជាតិ
អន្តរជាតិ
​អ្នក​ប្រដាល់​រុស្ស៊ី Dadashev ស្លាប់ ក្រោយ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់​
24, Jul 2019 , 10:05 am        
រូបភាព
កីឡាករប្រដាល់រុស្ស៊ី Maxim Dadashev ស្លាប់ក្នុងអាយុ២៨ឆ្នាំ ក្រោយរងរបួសពេលប្រកួត។ រូបថត Getty Images
កីឡាករប្រដាល់រុស្ស៊ី Maxim Dadashev ស្លាប់ក្នុងអាយុ២៨ឆ្នាំ ក្រោយរងរបួសពេលប្រកួត។ រូបថត Getty Images
ដោយ: រួបរួម
​អ្នក​ប្រដាល់​រុស្ស៊ី Maxim Dadashev បានទទួល​មរណភាព​ក្នុង​អាយុ​២៨​ឆ្នាំ បន្ទាប់ពី​រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ស្រាល IBF ជាមួយ​កីឡាករ​ព័រ​តូ​រី​កូ Subriel Matias​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​សហព័ន្ធ​កីឡាប្រដាល់រ​ស្ស៊ី កាលពី​ថ្ងៃ​អង្គារ​។​

 
Dadashev និង Matias បាន​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ IBF នៅ​រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ​។ របាយការណ៍​បាន​បង្ហាញថា Dadashev មិនអាច​ដើរចូល​ទៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ដោយ​ខ្លួនឯង​បានឡើយ បន្ទាប់ពី​លោក Buddy McGirt ដែលជា​គ្រូបង្វឹក បាន​បញ្ឈប់​ការប្រកួត​របស់គេ​នៅ​ចុង​ទឹក​ទី​១១​។​
 
​កីឡាករ​រូបនេះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ប៉ុន្តែ​នៅតែ​មិនអាច​ស្រោចស្រង់​ជីវិត​បាន​នោះឡើយ​។ លោក Umar Kremlev អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​រុស្ស៊ី សំដែង​ការសោកស្តាយ​ចំពោះ​មរណភាព​កីឡាករ​វ័យក្មេង និង​ពោរពេញ​ទៅដោយ​សមត្ថភាព ដោយ​លោក​លើកឡើងថា ការស៊ើបអង្កេត​លើ​ករណីនេះ កំពុងដំណើរការ​។​
 
​លោក Kremlev បាន​គូសបញ្ជាក់ថា​៖ «​ករណីបែបនេះ កើតឡើង​គ្រប់​ប្រភេទ​កីឡា ប៉ុន្តែ​ខ្ញុំ​គិតថា ពេលខ្លះ​វា​ជា​រឿង​ដែល​មនុស្ស​តាំងចិត្ត​បង្កើតឡើង ដែល​អាច​ចាត់ទុកជា​ទង្វើ​បែប​ហិង្សា​»​។​
 
Dasashev ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បានឈ្នះ​១៣​លើក​កន្លងមក ប៉ុន្តែ​បាន​ចាញ់​ប្រៀប​កីឡាករ​ព័រ​តូ​រី​កូ Matias ហើយ​បាន​ស្ថិតក្នុង​ស្ថានភាព​របួស​ដ៏​ធ្ងន់ធ្ងរ មុនពេល​ដែល​លោក McGirt សម្រេច​សុំ​បញ្ចប់​ការប្រកួត​។ កីឡាករ​ប្រដាល់​អាជីព​លើ​ពិភពលោក​សុទ្ធតែ​បង្ហាញ​នូវ​ការសោកស្តាយ​ចំពោះ​មរណភាព​កីឡាករ​វ័យក្មេង​រុស្ស៊ី​រូបនេះ​៕

Tag:
 ប្រដាល់​
© រក្សាសិទ្ធិដោយ thmeythmey.com