អន្តរជាតិ
ចិន​អះអាងថា គ្មាន​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​កម្ពុជា​ឡើយ វា​ជា​ព័ត៌មាន​មិន​ពិត
24, Jul 2019 , 10:52 am        
រូបភាព
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិននាពិធីប្រកាសសៀវភៅសការពារជាតិនៅថ្ងៃទី២៤ ខែកក្កដា។
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិននាពិធីប្រកាសសៀវភៅសការពារជាតិនៅថ្ងៃទី២៤ ខែកក្កដា។
​ក្រសួងការពារជាតិ​ចិន នៅ​ថ្ងៃទី​២៤ ខែកក្កដា បាន​ទាត់ចោល​របាយការណ៍​ដែលថា ខ្លួន​មាន​កិច្ចព្រមព្រៀងសំងាត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​យោធា​ចិន​ឈរជើង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​។ ការបដិសេធ​ដែល​ប្រកាស​ដោយ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន Wu Qian ធ្វើឡើង​ក្រោយ​កម្ពុជា​បាន​ចេញមុខ​បដិសេធ​ផ្លូវការ​រួចហើយ​ជុំវិញ​បញ្ហា​នេះ​។

 
«​ជា​ពាក្យ​ច​ចាម​អារាម និង​ជា​ព័ត៌មាន​មិន​ពិត​។​» នេះ​ជា​ចម្លើយ​របស់លោក Wu Qian អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន ទៅនឹង​សំណួរ​ពាក់ព័ន្ធ​ការផ្សាយ​របស់​កាសែត​អាមេរិក​ជុំវិញ​កិច្ចព្រមព្រៀងសំងាត់​រវាង​ចិន និង​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​យោធា​ចិន​ឈរ​នៅ​កម្ពុជា​។ លោក និយាយ​បែបនេះ​អំឡុងពេល​ប្រកាស​សៀវភៅ​ស​ការពារជាតិ​នៅ​ថ្ងៃទី​២៤ ខែកក្កដា​។​
 
​បើតាម​កាសែត The Wall Street Journal ដែល​បាន​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ម្នាក់​ដែល​អះអាង​បានឃើញ​កិច្ចព្រមព្រៀង​នោះ កម្ពុជា​បានអនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ រយៈពេល​៣០​ឆ្នាំ ហើយ​អាច​បន្ត​សុពល​ភាពជា​ស្វ័យប្រវត្តិ​រៀងរាល់​១០​ឆ្នាំ​ម្ដង​។ កាសែត​អាមេរិក​ដដែល​នេះ​ផ្សាយ​ថា មូលដ្ឋាន​កងទ័ព​ចិន នឹងមាន​កន្លែង​ស្ដុក​អាវុធ ព្រមទាំង​កន្លែង​ចតកប៉ាល់​ចម្បាំង​ជាដើម​។​
 
អត្ថបទទាក់ទង
 
​បន្ថែម​ពីលើ​ការទាត់ចោល​ការផ្សាយ​ខាងលើនេះ លោក Wu Qian បញ្ជាក់ថា ចិន និង​កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​បណ្ដុះបណ្ដាល និង​ការគាំទ្រ​ភស្តុភារ ហើយ​កិច្ចសហប្រតិបត្តិការ​យោធា​នេះ មិន​សំដៅ​ប្រទេស​ទី​បី​ណា​ឡើយ​។ ដោយឡែក​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២២ ខែកក្កដា ក៏​ចេញមុខ​មក​បកស្រាយ​ដែរ​ថា ចិន​សង្ឃឹមថា ភាគី​ដទៃ នឹងមិន​និយាយ​អ្វីដែល​លើសពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កម្ពុជា​ឡើយ​។ 
 
​ពាក់ព័ន្ធ​រឿងនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា ក៏បាន​ចេញមុខ​បដិសេធ​រួចហើយ​ដែរ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​ប្រតិកម្ម​ថា ព័ត៌មាន​ដែល​និយាយ​ពី​កម្ពុជា​បើកផ្លូវ​ឲ្យ​ទ័ព​ចិន​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ​នេះ ជា​រឿងប្រឌិត ខណៈ​លោក ស៊ុំ សុជាត ចាត់ទុក​ការលើកឡើង​របស់​អាមេរិក ជាការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​បំផ្លើសការពិត ដើម្បី​ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​យល់ច្រឡំ​៕ 
 

Tag:
 ចិន​
  កម្ពុជា​
  រាម​
© រក្សាសិទ្ធិដោយ thmeythmey.com