ជាតិ
សង្គមជាតិ
ជម្លោះដីធ្លីនៅព្រះសីហនុ៖ អ្នកកាសែត២នាក់ រួចខ្លួន ខណៈពលរដ្ឋ៥នាក់ នៅជាប់ឃុំ លោក កែវ រតនា (ខាងឆ្វេង) និង លោក ហ៊ុន សុខា ពេលត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩
× ចៅក្រមស៊ើបសួរនៃតុលាការខេត្តព្រះសីហនុ សម្រេចឲ្យលោក កែវ រតនា ចាងហ្វាងកាសែត TN TV និង លោក ហ៊ុន សុខា ប្រធានក្លិបអ្នកកាសែតឯករាជ្យ ឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ ប៉ុន្តែ អ្នកកាសែតទាំង២នាក់នេះ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងនៅជាប់ចោទដដែល។
អ្នកកាសែតទាំង២នាក់ រងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ញុះញង់ឲ្យប្រព្រឹត្តតាមផ្លូវសារព័ត៌មាននិងសមគំនិតក្នុងអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ ដោយឡែកប្រជាពលរដ្ឋទាំង៥នាក់ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចយកទៅឃុំជាបណ្តោះអាសន្ន ក្រោមបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត បទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទគំរាមយកប្រាក់។
កាលពីថ្ងៃទី១៩ ខែកក្កដា កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនអ្នកកាសែត និងប្រជាពលរដ្ឋទាំង៧នាក់នេះ។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ដែលចេញនៅថ្ងៃទី២២ ខែកក្កដា បានបកស្រាយថា ការឃាត់ខ្លួនមនុស្សទាំង៧នាក់ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមមេធាវី ដែលការពារក្តីឲ្យពលរដ្ឋម្នាក់ឈ្មោះ ខូវ សម្បត្តិ។ កងរាជអាវុធហត្ថ បន្តថា ពេលនោះ ពលរដ្ឋទាំង៥នាក់ បានប្រមូលផ្តុំគ្នា ហើយហាមឃាត់គ្រឿងចក្រ ដែលកំពុងឈូសឆាយលើដីកម្មសិទ្ធិរបស់លោក ខូវ សម្បត្តិ។
កងរាជអាវុធហត្ថ រៀបរាប់ថា ប្រជាពលរដ្ឋទាំង៥នាក់ បានគំរាមទារប្រាក់២៥០ដុល្លារក្នុង១ម៉ែត្រការ៉េ ពីលោក ខូវ សម្បត្តិ បើចង់បន្តឈូសឆាយនិងសាងសង់លើដីនោះ។ បើតាមកងរាជអាវុធហត្ថ អ្នកទាំង៥ បានទាក់ទងអ្នកកាសែត២នាក់ គឺ លោក ហ៊ុន សុខា និង លោក កែវ រតនា ឲ្យទៅជួយផ្សព្វផ្សាយ។
កងរាជអាវុធហត្ថ អះអាងថា ការផ្សាយនោះ គឺមានលក្ខណៈញុះញង់ ដែលធ្វើឲ្យមហាជនមានការភាន់ច្រឡំទៅលើលោក ខូវ សម្បត្តិ ជាម្ចាស់ដីធ្លីស្របច្បាប់។ កងរាជអាវុធហត្ថ បញ្ជាក់ដូច្នេះថា៖«ដោយករណីខាងលើ ជាបទល្មើសជាក់ស្តែង ទើបកងកម្លាំង ឃាត់បុគ្គលទាំង៧នាក់នោះ»៕
Tag:
តុលាការ
អ្នកកាសែត
ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com