កីឡាអន្តរជាតិ
អន្តរជាតិ
Newcastle ចំណាយ​៥០​លាន​ដុល្លារ​ជា​កំណត់ត្រា​ក្លិប ដើម្បី​ទិញ Joelinton ពី Hoffenheim
24, Jul 2019 , 3:26 pm        
រូបភាព
Newcastle United បញ្ចេញ​ខ្ទង់ចំណាយ​ដ៏​ច្រើន​មិន​ធ្លាប់មាន​ជា​កំណត់ត្រា​ក្លិប​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ Joelinton ពី​ក្លិប Hoffenheim ក្នុងតម្លៃ ៤០​លាន​ផោន (៥០​លាន​ដុល្លារ​អាមេរិក​)​។​



​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ២២​ឆ្នាំ​ដែល​យល់ព្រម​ចុះកិច្ចសន្យា​ឲ្យ​ក្រុម​រហស្សនាម​សារិការ​ព្រៃ​រយៈពេល​៦​ឆ្នាំ បាន​ក្លាយជា​កីឡាករ​ដំបូង​ចាប់តាំងពី​លោក Steve Bruce ឡើងជា​អ្នកចាត់ការ​ទូទៅ​ថ្មី​ជំនួស​លោក Rafael Benitez ដែល​ចាក​ចេញទៅ​ដឹកនាំ​ក្លិប​នៅ​ចិន​។​
 
Joelinton ដែលមាន​ឈ្មោះ​ពេញ Joelinton Cassio Apolinário de Lira បានបង្ហាញ​ភាពលេច​ធ្លោ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga រដូវ​កាល​មុន តាមរយៈ​ការរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ចំនួន ១១​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៣៥​ប្រកួត សម្រាប់ Hoffenheim​។ រូបគេ​បាន​ផ្លាស់​ពី​ក្លិបនៅ​ប្រេ​ស៊ី​ល Sport Recife ទៅកាន់​ទឹកដី​អាល្លឺម៉ង់​កាលពី​ឆ្នាំ​២០១៥​។​
 
​ការមកដល់​ទឹកដី St. James' Park របស់ Joelinton មានន័យថា​រូបគេ​បាន​បំបែក​កំណត់ត្រា​ទិញ​ចូល​កីឡាករ​ថ្លៃ​ជាងគេ​របស់​ខ្សែបម្រើ​សញ្ជាតិ​ប៉ា​រ៉ា​ហ្គា​យ Miguel Almiron ដែល Newcastle ទិញ​ពី Atlanta United នៃ​លី​គ MLS អាមេរិក ក្នុងតម្លៃ ២៥​លាន​ដុល្លារ កាលពី​ខែមករា​កន្លងទៅ​។​
 
 Joelinton ដែល​នឹង​ពាក់អាវ​លេខ ៩​បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានមក​ទីនេះ​។ ខ្ញុំ​ដឹងថា​នេះ​ជាការ​ទទួលខុសត្រូវ​ដ៏​ធំ ដូចដែល​វីរបុរស Alan Shearer ដែលជា​អ្នកទទួលខុសត្រូវ​ដ៏​ធំ​បំផុត​របស់​ក្រុម​នេះ​ពីមុនមក ហើយ​ខ្ញុំ ក៏បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដែរ​។ ខ្ញុំ​ដឹងថា​គ្រប់គ្នា​នៅ​ក្លិប​នេះ​មាន​ជំនឿ​លើ​ខ្ញុំ​ទើប​នាំ​ខ្ញុំ​មក​ទីនេះ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ក្រុម​»​។​
 
​លោក Bruce ដែល​នឹងត្រូវ​ដឹកនាំ​ក្រុម​សម្រាប់​យុទ្ធនាការ​រដូវ​កាល​ថ្មី ២០១៩-២០ ក៏បាន​លើកសរសើរ Joelinton ផងដែរ​។ លោក​មាន​ជំនឿ​ចិត្ត​ថា កីឡាករ​វ័យក្មេង​ដ៏​មាន​ទេ​ព្យ​កោសល្យ​រូបនេះ​នឹង​ផ្តល់​ក្តីរំភើប​សម្រាប់ Newcastle និង​សមាជិក​ក្រុម​ទាំងមូល​៕
 

Tag:
 Newcastle United
  Joelinton
  Hoffenheim
© រក្សាសិទ្ធិដោយ thmeythmey.com