អន្តរជាតិ
ចិន ដឹករថយន្តមួយទឹក ៩គ្រឿងមកលក់នៅកម្ពុជាតម្លៃ ១៦ម៉ឺនដុល្លារ មន្ត្រីគយចិន បានចុះពិនិត្យរថយន្តមួយទឹក នៅថ្ងៃទី២៤ កក្កដា ដែលនឹងត្រូវដឹកទៅក្រៅប្រទេស (Chinadaily)
× រថយន្តមួយទឹកចំនួន ៩គ្រឿង ដែលស្មើនឹងទឹកប្រាក់ ១,១លានយ៉ន់ ឬ១៦០ ៥៨៣ដុល្លារ ត្រូវបានដឹកចេញពីតំបន់ពាណិជ្ជកម្មសេរី Nanshan ក្នុងខេត្ត Guangdong ភាគខាងអាគ្នេយ៍នៃប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសកម្ពុជា ។ ការបញ្ជូនរថយន្តប្រើប្រាស់ហើយសម្រាប់លក់ទាំងនេះ ធ្វើឡើងក្រោយពីទទួលបានភ្លើងបៃតងពីអាជ្ញាធរកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃពុធទី ២៤ កក្កដា នាយកដ្ឋានគយទីក្រុង Guangzhou នៃខេត្ត Guangdong បានបញ្ជាក់ឲ្យដឹងថា រថយន្តទាំង៩គ្រឿងនេះ ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនចិន នឹងត្រូវដឹកតាមនាវាទៅកាន់ប្រទេសកម្ពុជា ក្រោយពីក្រុមហ៊ុននេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា កាលពីដើមឆ្នាំ ២០១៩នេះ។
រថយន្តទាំង៩គ្រឿងនេះ ជាផ្នែកមួយនៃរថយន្តចំនួន៣០០គ្រឿង ដែលត្រូវលក់ទៅឲ្យប្រទេសផ្សេង ដែលមានតម្លៃសរុប២,៥លានដុល្លារ។
តាមការចុះផ្សាយរបស់កាសែតចិន China Daily រថយន្តដែលដឹកមកកាន់កម្ពុជានេះ ត្រូវបានពិនិត្យលើគុណភាពរួចរាល់ នៅឯស្ថានីយ៍មួយកន្លែង ក្នុងទីក្រុង Guangzhou កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៩ ។ សេចក្តីថ្លែងការណ៍ដដែលនេះ គូសបញ្ជាក់ទៀតថា នេះជាលើកទីមួយដែលរថយន្តមួយទឹក មានប្រភពពីខេត្ត Guangdong នឹងត្រូវបានបញ្ជូនទៅលក់នៅបរទេស។
សូមបញ្ជាក់ថា ខេត្ត Guangdong រំពឹងនឹងលក់រថយន្តមួយទឹកប្រមាណ ៣ពាន់គ្រឿងទៅក្រៅប្រទេស ក្នុងឆ្នាំ២០១៩នេះ។ ហើយទិសដៅនៃការលក់រថយន្តទាំងនេះ គឺមានដូចជា កម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាម រុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀត ដែលជាសមាជិកក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថី៕
Tag:
ចិន
កម្ពុជា
រថយន្តមួយទឹក
© រក្សាសិទ្ធិដោយ thmeythmey.com