Floyd៖ «Pacquiao វ៉ៃ​១២​ទឹក​បានតែ​១០​លាន​ដុល្លារ ឯខ្ញុំ​ប្រើពេល​ត្រឹម​៣​នាទី បាន​៩​លាន​ដុល្លារ​»
កីឡាអន្តរជាតិ
អន្តរជាតិ
Floyd៖ «Pacquiao វ៉ៃ​១២​ទឹក​បានតែ​១០​លាន​ដុល្លារ ឯខ្ញុំ​ប្រើពេល​ត្រឹម​៣​នាទី បាន​៩​លាន​ដុល្លារ​»
24, Jul 2019 , 9:19 pm        
រូបភាព
Floyd និង Pacquiao កាលជួបគ្នាកាលពីឆ្នាំ២០១៥
Floyd និង Pacquiao កាលជួបគ្នាកាលពីឆ្នាំ២០១៥
​ក្រោយ​អង្គុយ​ទស្សនា Manny Pacquiao ផ្តួល Keith Thurman នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់ WBA Super Welterweight កាលពី​ថ្ងៃអាទិត្យ ស្តេច​ប្រដាល់​អាមេរិក Floyd Mayweather Jr. បាន​យក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម រិះគន់​អតីត​គូប្រជែង​ខ្លួន​។ Floyd ឌឺដង​ទៅ Pacquiao ថា​វាយ​១២​ទឹក​ទើបបាន​លុយ​១០​លាន​ដុល្លារ ខណៈដែល​ខ្លួន​ប្រើពេល​មិន​ដល់​៣​នាទី​ផង​តែ​រកបាន​ដល់​ទៅ​៩​លាន​ដុល្លារ​។​


 
Floyd កំពូល​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់ នៅ​ថ្ងៃទី​២៤ ខែកក្កដា​នេះ បាន​បង្ហោះ​សារ​អមដោយ​រូបភាព​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់គេ ដែល​បញ្ជាក់​ពី​តម្លៃ​ខ្លួន​ក្នុងការ​ប្រកួត​លើស​ង្វៀន​របស់​កំពូល​អ្ន​ក​ប្រដាល់​ហ្វីលីពីន​ក្នុងជំនួប​ទល់នឹង Thurman និង​ជំនួប​រវាង​រូបគេ​ជាមួយ​អ្នក​ប្រដាល់​ជប៉ុន Tenshin Nasukawa កន្លងមក​។ លើសពីនេះ​អ្នក​ប្រដាល់​វ័​៤២​ឆ្នាំ​ក៏បាន​ភ្ជាប់​រូបភាព​ដែល​ខ្លួន​និង Pacquiao ប៉ះគ្នា​កាលពី​ឆ្នាំ​២០១៥​ផងដែរ​។​
 
«​ខ្ញុំ​រកលុយ​បាន​ច្រើនជាង​អ្នក (Pacquiao) ខ្ញុំ​ក៏​ធ្លាប់បាន​ផ្តួល​អ្នក​ដែរ​។ អ្នកទទួលបាន​ប្រាក់ ១០ លាន​ដុល្លារ​សម្រាប់​ការប្រកួត ១២​ទឹក ចំណែក​ខ្ញុំ​រកបាន ៩​លាន​ដុល្លារ​ដោយ​ប្រើ​រយៈពេល​ត្រឹម​១៣៩​វិនាទី ពោលគឺ​មិន​ដល់​១​ទឹក​ស្រួលបួល​ផង​»​។​

 
 
​នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់ WBA Super Welterweight នៅ​សង្វៀន MGM Grand Garden Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក អ្នក​ប្រដាល់​ហ្វីលីពីន​វ័យ​៤០​ឆ្នាំ​ទទួលបាន​តម្លៃ​ខ្លួន​១០​លាន​ដុល្លារ ខណៈ Thurman អ្នក​ប្រដាល់​អាមេរិក​វ័យ​៣០​ឆ្នាំ​ទទួលបាន​២,៥​លាន​ដុល្លារ​។ 
 
​រីឯ​ការជួបគ្នា​ជាមួយ​អ្នក​ប្រដា​ល់វ័យ​២០​ឆ្នាំ​ជប៉ុន Nasukawa នៅ​ទឹកដី​ជប៉ុន​កាលពី​ឆ្នាំ​២០១៨ ត្រូវបាន​គេ​ដឹងថា Floyd ទទួលបាន​តម្លៃ​ខ្លួន​ចំនួន​៩​លាន​ដុល្លារ​។​
​ក្រោយ​ពាក្យ​ឌឺដង​របស់ Floyd បែបនេះ Pacquiao ក៏​មិនបាន​នៅ​ស្ងៀម​ដែរ​។ សមាជិក​ព្រឹទ្ធិ​សភា​ហ្វីលីពីន​រូបនេះ​បាន​វាយបក​ទៅ​ដៃគូ​ចាស់​របស់ខ្លួន​ដោយ​បបួល Floyd ឡើង​សង្វៀន​សារជាថ្មី​ដើម្បី​សងសឹក​។​
 
 
​តាមពិត​ទៅនេះ​មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​អ្នក​ទាំងពីរ​បញ្ចេញ​សារ​ឌឺដង​គ្នា​នោះ​។ បន្ទាប់ពី​ប៉ះគ្នា​ជាមួយ​លទ្ធផល​ចម្រូងចម្រាស​កាលពី​៤​ឆ្នាំមុន​នោះ ពួកគេ​តែងតែ​ផ្ចាញ់ផ្ចាល​គ្នា​រាប់មិនអស់​ទៅហើយ​។ Pacquiao តែងតែ​ចង់បាន​ការប្រកួត​សងសឹក ប៉ុន្តែ Floyd តែងតែ​ព្យាយាម​បដិសេធ​សម្រាប់​ជំនួប​លើក​ទី​២​។ ប៉ុន្តែ​យ៉ាងណា គេ​ជឿជាក់ថា​អ្នក​ទាំងពីរ​នឹង​ប៉ះគ្នា​ម្តងទៀត​មិន​ខាន​៕
 


Tag:
 ​ប្រដាល់​
  Manny Pacquiao
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com