ជាតិ
សង្គមជាតិ
ACU បញ្ជូន​ប៉ូលិស​៣​នាក់ ដែល​រត់ការ​ដោះលែង​ជនល្មើស​ចិន ទៅ​តុលាការ​វិញ​
24, Jul 2019 , 5:51 pm        
រូបភាព
សកម្មភាពមន្រ្តី ACU បញ្ជូននគរបាលទាំង៣នាក់ ចេញពីតុលាការភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ទៅសួរនៅ ACU
សកម្មភាពមន្រ្តី ACU បញ្ជូននគរបាលទាំង៣នាក់ ចេញពីតុលាការភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ទៅសួរនៅ ACU
​នគរបាល​៣​នាក់ ដែល​រត់ការ​ដោះលែង​ជនល្មើស​ចិន​១៨​នាក់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បញ្ជូន​ត្រឡប់​ទៅ​តុលាការ​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។ ជន​ជាតិចិន​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន ពីបទ​ល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណេ​ត នៅ​ខេត្តកំពង់ស្ពឺ​។


 
​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​ឃាត់ខ្លួន​នគរបាល​ទាំង​៣​នាក់ កាលពី​ថ្ងៃទី​២១​កក្កដា​ឆ្នាំ​២០១៩ ហើយក៏​បញ្ជូនទៅ​តុលាការ​។ បន្ទាប់មក តុលាការ ក៏​បញ្ជូនទៅ​ឲ្យ ACU ដើម្បី​ស៊ើបអង្កេត​។  ACU មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​និង​ព័ត៌មាន​លម្អិត​អំពី​នគរបាល​ទាំង​៣​នាក់​នោះទេ​។ 
 
​នគរបាល​ទាំង​៣​នាក់​នោះ  គឺ អនុប្រធាននាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម មន្ត្រី​ការិយាល័យ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង មន្ត្រី​ការិយាល័យ​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ 
 
​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៧ ខែកក្កដា បាន​ចាប់ខ្លួន​ជនជាតិ​ចិន និង​តៃវ៉ាន់​១៨​នាក់ នៅ​ភូមិ​ចារ ឃុំ​សាយ​ច​ចឹប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey ថា អ្នក​ទាំងនោះ ជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (VOIP)៕
 

Tag:
 ACU
  ចិន​
  នគរបាល​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com