ជាតិ
នយោបាយជាតិ
វៀតណាម ស្នើឲ្យទ័ពកម្ពុជា អនុវត្តកិច្ចព្រមព្រៀងឲ្យមានប្រសិទ្ធភាព ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និង អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម នៅភ្នំពេញ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)
× អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ង្វៀង ជីវិញ (Nguyen Chi Vinh) បានស្នើរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្តេច ទៀ បាញ់ ឲ្យដឹកនាំអង្គភាពកងទ័ព អនុវត្តឲ្យមានប្រសិទ្ធភាពលើពិធីសារ ផែនការ និង កិច្ចព្រមព្រៀងប្រចាំឆ្នាំ ដែលបានចុះហត្ថលេខាជាមួយគ្នាកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (Vietnam News Agency)
ជំនួបរវាងសម្តេច ទៀ បាញ់ និង លោក ង្វៀង ជីវិញ ធ្វើឡើងនៅទី២៣ ខែកក្កដា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់លោក ង្វៀង ជីវិញ នៅកម្ពុជា គឺបញ្ចប់នៅថ្ងៃទី២៤ ខែកក្កដា។
ក្នុងជំនួបនោះ ភាគទាំងពីរ បានពិភាក្សាគ្នាពីសន្តិសុខ និងស្ថានការណ៍នយោបាយ ទាំងថ្នាក់តំបន់ និងពិភពលោក។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ផ្សាយថា វៀតណាមនិងកម្ពុជា បានឯកភាពគ្នាលើការយល់ឃើញពីបញ្ហាយុទ្ធសាស្ត្រ ដែលអាចប៉ះពាល់ដល់សន្តិសុខ និងនយោបាយនៃប្រទេសទាំងពីរ ហើយបានបញ្ជាក់រៀងខ្លួនថា គួរតែពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ ព្រមទាំងបន្តរក្សា និងលើកកម្ពស់ចំណងមិត្តភាព។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម សរសេរដូច្នេះថា៖«ភាគីទាំងពីរ ឯកភាពថា កិច្ចចរចាលើគោលនយោបាយការពារជាតិ គឺជាកត្តាដ៏សំខាន់ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការការពារជាតិនៃប្រទេសទាំងពីរ»។
លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានវៀតណាម សរសេរទៀតថា វៀតណាម-កម្ពុជា បានយល់ព្រមជាមួយគ្នា ដើម្បីពង្រឹងការអនុវត្តផែនការប្រចាំឆ្នាំ ដែលផ្តោតសំខាន់លើសន្តិសុខ និងកិច្ចសហប្រតិបត្តិនយោបាយក្នុងវិស័យយោធា ដោយត្រូវប្រឆាំងនឹង «ការបំផ្លើសព័ត៌មានខុសការពិត ក្នុងគោលបំណងបំផ្លិចបំផ្លាញ» ពីសំណាក់កម្លាំងសត្រូវ នៅតាមបណ្តាញសង្គមនានា។
ចំណែក ក្រសួងការពារជាតិកម្ពុជា ផ្សាយថា សម្តេច ទៀ បាញ់ លើកឡើងពីការរួមចំណែកដ៏ធំធេងទាំងស្មារតីនិងសម្ភាររបស់កងទ័ពវៀតណាមតាំងពីដើមមក ក្នុងការកសាងយោធពលខេមរភូមិន្ទកម្ពុជា។ សម្តេច លើកឡើងទៀតថា កងទ័ពជនវៀតណាម ថែមទាំងបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទផងដែរ។
ក្រសួងការពារជាតិ បានសរសេរពីសម្តីរបស់សម្តេចរដ្ឋមន្ត្រី ដូច្នេះថា៖«ជាក់ស្តែងនៅក្នុង អនុស្សារណៈស្តីពីផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសយើងទាំងពីរ បានបង្ហាញថា រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀណាម នៅតែបន្តយកចិត្តទុកដាក់ជួយដល់កងយោធពលខេមរភូមិន្ទ ជារៀងរហូត»៕
Tag:
កម្ពុជា-វៀតណាម
យោធា
© រក្សាសិទ្ធិដោយ thmeythmey.com