កីឡាអន្តរជាតិ
អន្តរជាតិ
​ពលរដ្ឋ​ហុងកុង​ដែល​យក​ទីលាន​បាល់ទាត់​ដើម្បី​តវ៉ា​នយោបាយ ប្រឈម​ការពិន័យ​ពី FIFA
25, Jul 2019 , 7:19 pm        
រូបភាព
​ក្រុម​អ្នកគាំទ្រ​កីឡាបាល់ទាត់​ហុងកុង​បាន​គ្រវី​បដា និង​ច្រៀង​បទ​ចម្រៀង​ប្រឆាំង​រដ្ឋាភិបាល​ស្វយ័ត​ហុងកុង​ខណៈ​នយោបាយ​កំពុង​ឡើង​កំដៅ​។ ហេតុការណ៍​នេះ​ផ្ទុះឡើង អំឡុង​ការប្រកួត​មិត្តភាព​រវាង Manchester City និង Kitchee នា​កីឡដ្ឋាន Hong Kong Stadium ដែលជា​ទីក្រុង​គ្រប់គ្រង​ដោយ​ចិន​។​


 
​មុនពេល​ការប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី នៅ​ថ្ងៃទី​២៤ ខែកក្កដា ដែល​ម្ចាស់​ជើងឯក Premier League យកឈ្នះ​ក្រុម​ពី​លី​គ​កំពូល​ហុងកុង Kitchee ៦-១ នោះ អ្នក​តវ៉ា​មួយចំនួនធំ​បាន​ចែកចាយ​បដា​ទៅកាន់​អ្នកគាំទ្រ​ផ្សេងទៀត​នៅក្រៅ​កីឡដ្ឋាន​ដើម្បី​បង្ហាញ​ពី​ការតវ៉ា​របស់​ពួកគេ​។​
 
​អ្នក​តវ៉ា​ម្នាក់​ដែល​បាន​គ្រប​មុខ ហើយ​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​អះអាងថា​ពួកគេ​ត្រូវតែ​តវ៉ា ដ្បិត​ពេលនេះ​មាន​មនុស្ស​ច្រើន​។ ភ្លាមនោះ ក្រុម​ប៉ូ​លី​ល​ក៏បាន​គៀង​អ្នក​តវ៉ា​ទាំងនោះ​ចូលទៅក្នុង​ទីលាន​ប្រកួត​តែម្តង​។​


 
​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ពលរដ្ឋ​ហុងកុង​បាន​បើក​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ជាច្រើនលើក ពោលគឺ​ចាប់តាំងពី​ខែមិថុនា​មក ដើម្បី​តវ៉ា​សេចក្ដីស្នើច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ក្ដី​នៅ​តុលាការ​ចិនដីគោក ពី​សំណាក់​មេដឹកនាំ​ហុងកុង លោកស្រី Carrie Lam​។ ការតវ៉ា​ដោយ​ហិង្សា​នេះ​ក៏​បណ្តាល​ឲ្យ​មាន​ពលរដ្ឋ​ស្លាប់​ផងដែរ​។​
 
​ខណៈ​ការប្រកួត​កំពុងដំណើរការ​ក្រុមអ្នកតវ៉ា​មួយចំនួន​បាន​ស្រែកច្រៀង​«​តើ​អ្នក​ឮ​សំឡេង​មនុស្ស​ច្រៀង​ទេ​? បន្ទាប់មក អ្នក​នៅក្នុង​កីឡដ្ឋាន​ជាច្រើន​ក្នុងចំណោម ២​ម៉ឺន នាក់​ក៏បាន​ចាប់ផ្ដើម​ច្រៀង​តាម ដោយ​អ្នកខ្លះ​ស្រែកថា «Free Hong Kong»​។ ពួកគេ​ហាក់​ចង់បង្ហាញ​ការតវ៉ា​ទៅកាន់​សមាជិក​ក្រុម Man City ដែលមាន​វត្តមាន​ក្នុង​ទីលាន​នោះ​ អ្នកខ្លះ​ទៀត​បាន​លើក​បដា​ដែល​សរសេរថា «No Extradition» ដើម្បី​ចង់បង្ហាញ​ដល់​រដ្ឋាភិបាល​ក្រុង​ហុងកុង​ឲ្យ​លុបចោល​ច្បាប់​បត្យាប័ន​ជនសង្ស័យ​ពី​ហុងកុង ជាជាង​គ្រាន់តែ​ផ្អាក​បណ្តោះអាសន្ន​។ បុរស​ម្នាក់​ស្លៀកពាក់​ខ្មៅ​ដែលជា​សម្លៀកបំពាក់​រប​ស់​ក្រុមអ្នកតវ៉ា​ក៏បាន​រត់​ចូលទៅក្នុង​ទីលាន​ដែរ​ផងដែ​។​
 
​ទង្វើ​របស់​ក្រុមអ្នកតវ៉ា​ហុងកុង​នា​អំឡុង​ការប្រកួត​បែបនេះ ប្រហែលជា​អាច​ប្រឈម​ការដាក់ពិន័យ​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) មិន​ខាន​។ តាមច្បាប់​របស់ FIFA គឺ​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​មាន​ការតវ៉ា​ដោយ​ពាក់ព័ន្ធ​នឹង​នយោបាយ​ណាមួយ​នៅក្នុង​កីឡា​នេះឡើយ​៕


 

Tag:
 Manchester City
  ហុងកុង​
  Kitchee
© រក្សាសិទ្ធិដោយ thmeythmey.com