កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ហ្គំ​ប៊ី​ម្នាក់​ខកចិត្ត ដោយ​ក្លិប​តួ​ក​គី​ទិញ​ហើយ តែ​ក្រោយមក​ថា ច្រឡំ​មនុស្ស​ទៅវិញ​
25, Jul 2019 , 3:51 pm        
រូបភាព
​កីឡាករ​បាល់ទាត់​ស​ញ្ជា​ត់​ហ្គំ​ប៊ី Aplha Jallow មាន​ក្តី​សុបិន​ក្នុង​ការលេង​ឲ្យ​ក្លិប​កីឡាបាល់ទាត់​អាជីព​នៅ​តំបន់​អឺរ៉ុប ហើយ​អ្វីៗ​បានក្លាយ​ជាការ​ពិត បន្ទាប់ពី​ក្លិប Menemenspor នៃ​លី​គ​លំដាប់​ទី​៣​តួ​ក​គី​ទិញ​ចូល​ដោយ​ចុះកិច្ចសន្យា​២​ឆ្នាំ​។ ប៉ុន្តែ​ក្រោយ​ទិញ​បាន​១​ថ្ងៃ ក្លិប​នេះ​ប្រកាសថា​ពួកគេ​ទិញ​កីឡាករ​ច្រឡំ​ទៅវិញ​។​

 
​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត និង​ស្ទើរតែ​មិនដែល​ជួបប្រទះ​ក្នុង​វី​ស័​យ​បាល់ទាត់​។ នៅត្រឹម​រយៈពេល ២៤​ម៉ោង​ក្រោយ​ការចុះហត្ថលេខា Jallow ត្រូវ​បញ្ចប់​ក្តី​ស្រ​ម៉ៃ​របស់គេ​វិញ បន្ទាប់ពី​ក្លិប Menemenspor អះអាងថា​ពួកគេ​ច្រឡំ​កីឡាករ​ដោយ​កំណត់​អត្តសញ្ញាណ​ខុស​។​
 
Jallow ត្រូវបាន​ក្លិប​ខាងលើ​ទិញ​ចូលរួម​គ្នា​ជាមួយ​កីឡាករ​កូត​ឌី​វ័រ Ibrahim Sangare មកពី​ក្លិប Gd Alconchetense នៃ​លី​គ​លំដាប់​ទី​៣ ព័រ​ទុយ​ហ្គា​ល់​ដើម្បី​ពង្រឹង​ក្រុម​រដូវ​កាល​ក្រោយ​។​


Lamin Jallow
​កីឡាករ​ទាំងពីរ​សុទ្ធតែ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​ដូចគ្នា ប៉ុន្តែ Jallow សញ្ជាតិ​ហ្គាំ​ប៊ី វ័យ​២១​ឆ្នាំ បាន​ដើរ​ចេញពី​ក្លិប​ថ្មី​នេះ​ទាំង​ឈឺចាប់ ក្រោយ​បង្ហាញថា​រូបគេ​មិនមែនជា​កីឡាករ​ដែល Menemenspor ចង់បាន​នោះឡើយ​។ ក្លិប​នេះ​បានដឹង​ការពិត​ក្រោយ​បាន​ពិនិត្យមើល​ព័ត៌មាន​លំអិត​របស់ Jallow ដែល​បញ្ជាក់ថា​ពួកគេ​បាន​ទិញ​កីឡាករ​ខុស​។​
 
​បើតាម​សេចក្តីប្រកាស​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ Menemenspor នៅ​ថ្ងៃទី​៨ ខែកក្កដា កន្លងមក កីឡាករ​ដែល​ពួកគេ​ចង់បាន​នោះ​គឺមាន​ឈ្មោះ Lamin Jallow ដែលជា​ជនជាតិ​ហ្គាំ​ប៊ី​ដូចគ្នា​។ Lamin Jallow វ័យ​២៣​ឆ្នាំ ជាស​មា​ជិ​ក្រុម Union Sportiva Salernitana 1919 នៃ​លី​គ​ទី​២​អ៊ីតាលី ទើប​ជា​គោលដៅ​សំខាន់​របស់​ក្លិប​នៅ​តួ​ក​គី​នេះ​ទិញ​ចូល​។ យោងតាម Foroyaa Sports ដោយសារ​អ្នកតំណាង​របស់ Jallow រៀបចំ​ការផ្ទេរ​រហ័ស​ពេក​ទើប​បង្កកំហុស​បែបនេះ​។​
 
​យោងតាម​សារព័ត៌មាន​ដដែល Menemenspor បែ​ជា​អះអាងថា Aplha Jallow បរាជ័យ​ក្នុងការ​ពិនិត្យ​សុខភាព​ទើប​លុប​កិច្ចសន្យា​វិញ ជំនួស​ឲ្យ​កំ​ហុង​ដែល​ពួកគេ​បង្កឡើង​។​
 
​ក្រោយ​ដំណឹង​ដ៏​ខកចិត្ត​នេះ​ទៅដល់ Lamin Jallow ដែលជា​មិត្ត​រួម​ជាត​ផ​ផង​នោះ រូបគេ​បាន​យក​ព័ត៌មាន​នេះ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ដើម្បី​លើកទឹកចិត្ត Aplha Jallow ។  «​បន្ត​ទៅមុខទៀត #AplhaJallow ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​ផ្តល់ឱកាស​ឲ្យ​អ្នក​មិន​ខាន​»៕

Tag:
 Menemenspor
  Aplha Jallow
  Lamin Jallow
  ហ្គាំ​ប៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com