ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល ដក​មន្ត្រី​គម្រោង​បច្ចេកទេស​៦​នាក់ «​ព្រោះ​ធ្វើ​ផ្លូវ​គ្មាន​គុណភាព​»
25, Jul 2019 , 5:18 pm        
រូបភាព
លោក ស៊ុន ចាន់ថុល ពេលចុះទៅពិនិត្យ​​កំណាត់​ផ្លូវ​លេខ៧ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០១៩ (រូបពីក្រសួងសាធារណការ)
លោក ស៊ុន ចាន់ថុល ពេលចុះទៅពិនិត្យ​​កំណាត់​ផ្លូវ​លេខ៧ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០១៩ (រូបពីក្រសួងសាធារណការ)
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្រេច​ដក​មន្ត្រី​គម្រោង​៦​នាក់ ដែល​កំពុង​ត្រួតពិនិត្យ និង​គ្រប់គ្រង​ការងារ​ស្ថាបនា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រោយ​រកឃើញថា​ផ្លូវ​ដែល​ទើប​សាងសង់​រួច​នេះ ចាប់ផ្ដើម​ខូច​ជា​បណ្ដើៗ​ទៅហើយ​។ 

 
​ការដក​នេះ​ធ្វើឡើង​ក្រោយ លោក ស៊ុន ចាន់ថុល បាន​ជិះ​កង់​ត្រួតពិនិត្យ​លើ​កំណាត់​ផ្លូវ​លេខ ៧​នេះ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ម្សិលមិញ​។ ហើយ​លោក​បាន​រកឃើញថា ការសាងសង់​មិនមាន​គុណភាព ព្រោះ​កន្លែង​ខ្លះ​បាន​ប្រេះ​កៅស៊ូ ឡើង​ស្រកានាគ ដែល​ត្រូវ​ប៉ះ និង​ជួសជុល​ជាច្រើន​កន្លែង​។ លោក​ក៏បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សាងសង​ចិន​នោះ ជួសជុល និង​កែលម្អ​ឡើងវិញ ទើប​លោក​ព្រម​ទទួលយក​។ 
 
​លោក​បាន​និយាយ​ដូច្នេះ​ថា​៖«​មន្ត្រី​ទាំងនេះ ដែល​ចូលរួម​ជាមួយ​គេ ក៏​ត្រូវតែ​តាមដាន ធ្វើ​របាយការណ៍ ឬ​បញ្ឈប់​កុំ​ឲ្យ​សាងសង់​បន្ត ប្រសិនបើ​ឃើញថា​គាត់​សាងសង់​ខុស​បច្ចេកទេស​។ មន្ត្រី​ម្នាក់​ប្រាប់​ខ្ញុំ​ថា បាន​ប្រាប់​គេ​ដែរ​តែ​គេ​មិន​ព្រម​ឈប់ យើង ជា​អ្នកត្រួតពិនិត្យ ប្រាប់​មក​ក្រសួង យើង​នឹង​បញ្ជា​ឲ្យ​បញ្ឈប់​ភ្លាម​។ គាត់​ប្រាប់ថា ប្រាប់​គេ​ដែរ​តែ​គេ​មិន​ព្រម​ឈប់ ហើយ​ម៉េច​ទៅជា​អ៊ីចឹង យើង​មាន​សិទ្ធិ ផ្អាក​កា​ដ្ឋា​ន​ភ្លាម​»​។ 
 
​លោក វ៉ា​ស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ បាន​ឲ្យ​ដឹងថា អ្នក​ទាំង​៦​រូបនោះ ជា​មន្ត្រី​គម្រោង​ផ្នែក​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន​កូរ៉េ ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ត្រួតពិនិត្យ​លើ​គុណភាព​។ មន្ត្រី​គម្រោង​ដែល​ក្រសួង​សម្រេចចិត្ត​ដក​នោះ​រួមមាន ប្រធាន​ទីប្រឹក្សាបច្ចេកទេស ១​រូប អនុប្រធាន​ទីប្រឹក្សាបច្ចេកទេស​១​រូប និង សមាជិក​ទីប្រឹក្សាបច្ចេកទេស​៤​រូប ព្រោះ​អ្នក​ទាំងនោះ​មិនបាន​គោរព​តួនាទី​របស់ខ្លួន​ក្នុងការ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​សាងសង់ និង​មិន​រាយការណ៍​ពី​បញ្ហា​ទៅ​ក្រសួង ដើម្បី​ចាត់វិធានការ​នោះទេ​។ 
 
​លោក​បាន​និយាយថា​៖«​កាលណា​យើង​មិន​ស្ដាប់​បញ្ជា និង​ការណែនាំ​របស់​ក្រសួង ដូច្នេះ​យើង​ដក​ចោល​ទៅ ព្រោះនេះ​ជា​សិទ្ធិ​សម្រេច​របស់​ក្រសួង​។ ទី​២ ពួកគាត់​មិនបាន​នៅជាប់​លាប់​ជាមួយនឹង​អ្នកម៉ៅការ​សំណង់​។ ទី​៣ គាត់​តែងតែមាន​លេស​ដោះសា​រលើ​បញ្ហា​សាងសង់​»​។ 
 
​លោក​បន្តថា ក្រសួង​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ត្រូវតែ​ជួសជុល និង​កែលម្អ​ផ្លូវ​ឡើងវិញ ទៅតាម​កិច្ចសន្យា ដែល​ក្រសួង និង​ក្រុមហ៊ុន​បាន​ចុះហត្ថលេខា​ជាមួយគ្នា​។ 
 
​ក្រុមហ៊ុន​ចិន ជា​អ្នកទទួលបាន​សិទ្ធិ​ក្នុងការ​សាងសង់ និង​ក្រុមហ៊ុន​កូរ៉េ ជា​អ្នកត្រួតពិនិត្យ​គុណភាព នៃ​ការសាងសង់​លើផ្លូវ​ជាតិ​លេខ​៧​នោះ​។ 
 
​ផ្លូវជាតិ​លេខ​៧​នេះ មាន​ប្រវែង​ជាង​៤៦០​គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ទៅជា​ប្រភេទ​បេតុង​កៅស៊ូ (AC) ដែល​គិត​ចាប់ពី​ស្គន់ ផ្លូវជាតិ​លេខ​៦ (PK ៧៥+០០០) ដល់​ត្រពាំង​គ្រៀល (​ព្រំដែន​កម្ពុជា​-​ឡាវ​) ដែល​បាន​ចំណាយ​ថវិកា​អន្តរជាតិ​ជិត​៧0​លាន​ដុល្លារ​។  
 
​ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ PK136 - PK300 ជា​គម្រោង RAMP II ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​ក្នុង​ទឹកប្រាក់​ជាង​៣៦​លាន​ដុល្លារ និង​ចាប់ពី​បង្គោលគីឡូម៉ែត្រ​លេខ PK332.125 - PK424.690 ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ទឹកប្រាក់​ជាង​៣៣ លាន​ដុល្លារ​អាមេរិក​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com