អន្តរជាតិ
ស្ត្រី​ម្នាក់​យក Laptop គប់​ក្បាល​ប្តី ដោយសារ​ខឹង​គាត់​មើល​ស្រី​ផ្សេង​លើ​យន្តហោះ​
25, Jul 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ម្នាក់​ខឹងសម្បារ​យ៉ាងខ្លាំង បន្ទាប់ពី​ឃើញ​ស្វាមី​ខ្លួន សម្លឹង​នារី​ម្នាក់​ផ្សេងទៀត​ដោយ​មិន​ដាក់​ភ្នែក​ក្នុង​ដំណើរ​លើ​យន្តហោះ American Airlines កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ ទិដ្ឋភាព​ជម្លោះ​នោះ ត្រូវ​អ្នកដំណើរ​ផ្សេងទៀត​លួច​ថត ហើយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។​

 
​យោងតាម​ការផ្សាយ​រប​ស់ Fox News ស្វាមី​-​ភរិយា​ពាក់ព័ន្ធ​នោះ ធ្វើដំណើរ​ពី​អាកាសយានដ្ឋាន Miami International Airport ទៅកាន់ Los Angeles​។ តាម​សំដី​ក្នុង​វីដេអូ ដែល​ថត​បាន​នោះ បង្ហាញថា ស្ត្រី​ជា​ភរិយា​ខឹង​ស្វាមី​ខ្លួន មើល​ស្រី​ដទៃ ហើយ​បាន​ប្រើប្រាស់​ភាសា​អសុរ​ស​ជាច្រើន​។​
 
​បុគ្គល​បម្រើការ​យន្តហោះ​ព្យាយាម​ទប់​កំហឹង​ស្ត្រី​នោះ ដោយ​និយាយថា មាន​ក្មេង​នៅក្នុង​យន្តហោះ​ផងដែរ ប៉ុន្តែ​គាត់​មិន​ស្តាប់​ឡើយ ហើយ​ថែមទាំង​បន្ត​ជេរ​ស្វាមី​ខ្លួន​ដោយ​សំឡេង​ខ្លាំងៗ​ផ្អើល​អ្នកដំណើរ​ផ្សេងទៀត​។ 
 
 
​ក្រោយមក បុគ្គលិក​បម្រើការ​លើ​យន្តហោះ បាន​បំបែក​ស្វាមី​ឲ្យ​ទៅ​អង្គុយ​ខាងមុខ​។ បុរស​នោះ​ធ្វើតាម​សំណូមពរ ប៉ុន្តែ​នៅពេលដែល​គាត់​ដើរចេញ ភរិយា​បាន​យក Laptop ទៅ​គប់​ដាក់​ក្បាល​តែម្តង​។ 
 
​បុរស​ជា​ស្វាមី​ត្រូវបាន​នាំ​ចេញពី​យន្តហោះ ខណៈ​ភរិយា​របស់ខ្លួន​ត្រឡប់​ទៅយក​កាបូប​របស់ខ្លួន​។ មន្ត្រី​នៅលើ​យន្តហោះ​បាន​ព្រមាន​ថា គាត់​ប្រឈម​ការចោទប្រកាន់​ពីបទ​ប្រើ​ហិង្សា ប៉ុន្តែ​ស្ត្រី​រូបនោះ ថា មិន​ខ្វល់​នោះឡើយ​។​
 
​អ្នកនាំពាក្យ American Airlines បាន​អះអាង​ប្រាប់ Fox News ថា ជាគោលការណ៍​បុគ្គល​ទាំងពីរ​ត្រូវ​នាំ​ចេញពី​យន្តហោះ​ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​អ្នកដទៃ​។ ប៉ូលិស​ក៏បាន​បញ្ជាក់​ផងដែរ​ថា បុគ្គលិក​យន្តហោះ​ម្នាក់ និង​អ្នកដំណើរ​ម្នាក់ទៀត ក៏ត្រូវ Laptop ខ្ទាត​ចំ​ផងដែរ ប៉ុន្តែ​មិនមាន​អ្នកណា​ដាក់ពាក្យ​ប្តឹង​នោះឡើយ​។​
 
​អ្នកបម្រើ​លើ​យន្ត និង​អ្នកដំណើរ​ម្នាក់​ដែល​រង​ការប៉ះទង្គិច​នោះ អាច​ឡើង​យន្តហោះ​វិញ ទាន់ពេលវេលា ខណៈ​បុរស​ដែលជា​ស្វាមី ត្រូវ​ឡើង​យន្តហោះ​វ៉ុល​បន្ទាប់​ទៀត​។ ក្រោយ​ចេញពី​យន្តហោះ ស្ត្រី​បង្ករ​ហេតុ​បាន​ដើរ​ចេញទៅ​កន្លែង​ផ្សេង​ដោយ​គ្មាន​អ្នកដឹង ហើយ American Airlines ក៏​មិនបាន​បញ្ជាក់ថា គាត់​បាន​កក់​សំបុត្រ​ឡើងវិញ ឬ​យ៉ាងណា​នោះឡើយ​៕
 

Tag:
 ​យន្តហោះ​
  គ្រួសារ​
© រក្សាសិទ្ធិដោយ thmeythmey.com