ជាតិ
ស្រូវ​ជាង​៦​ម៉ឺន​ហិកតា​នៅ​បាត់ដំបង រង​ការប៉ះពាល់​ដោយសារ​គ្មាន​ភ្លៀង​ធា្ល​ក់​
26, Jul 2019 , 7:59 am        
រូបភាព
ស្រូវក្នុងវាលស្រែ ក្នុងស្រុកមោងឫស្សី ខេត្តបាត់បង (ប្រភពរូប ពីទំព័រហ្វេសប៊ុកក្រសួងកសិកម្ម ដោយលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម ដឹកនាំមន្ត្រី ចុះពិនិត្យមើល ស្ថានភាពប៉ះពាល់នៃគ្រោះរាំងស្ងួត កាលពីថ្ងៃទី១៩កក្កដា ឆ្នាំ២០១៩)
ស្រូវក្នុងវាលស្រែ ក្នុងស្រុកមោងឫស្សី ខេត្តបាត់បង (ប្រភពរូប ពីទំព័រហ្វេសប៊ុកក្រសួងកសិកម្ម ដោយលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម ដឹកនាំមន្ត្រី ចុះពិនិត្យមើល ស្ថានភាពប៉ះពាល់នៃគ្រោះរាំងស្ងួត កាលពីថ្ងៃទី១៩កក្កដា ឆ្នាំ២០១៩)
​ភ្នំពេញ​៖ ដំណាំ​ស្រូវ​ប្រមាណ​៦​ម៉ឺន​ហិកតា ក្នុងស្រុក​មួយចំនួន នៅ​ខេត្តបាត់ដំបង បាន​រង​ការប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​។ ស្រុក​ទាំងនោះ មាន ស្រុក​ថ្មគោល ស្រុក​បរ​វិល ស្រុក​ឯក​ភ្នំ ស្រុក​មោង​ឬ​ស្សី ស្រុក​សង្កែ និង ស្រុក​រុក្ខ​គិរី​។ នេះ​បើ​យោងតាម​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព របស់​អគ្គនាយក​ដា្ឋ​ន​កសិកម្ម​នៃ​ក្រសួង​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ដែល​ចេញ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ។

 
​របាយការណ៍​នោះ បាន​បង្ហាញថា  ក្រៅពី​ដំណាំ​ស្រូវ ក៏មាន​ដំណាំ​ឧស្សាហកម្ម​ជិត​៣​ម៉ឺន​ហិកតា​ផងដែរ ដែល​កំពុង​រង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​នេះ​។ ដំណាំ​ឧស្សាហកម្ម​ទាំងនោះ មាន ពោត និង​ដំ​ឡូ​វ​មី ជាដើម ដែលមាន​នៅក្នុង​ស្រុក​តា​លោ និង​ស្រុក​បាកាន​។ ជាមួយគ្នានេះ ដំណាំ​ខាងលើ បាន​ខូចខាត​ជាង​៦,៧​ពាន់​ហិកតា ដោយសារ​សត្វល្អិត​។ 
 
​ក្រៅពី​ខេត្តបាត់ដំបង មាន​ស្រូវ​ជាង​១០​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​៨​ទៀត ក៏​កំពុង​ជួបប្រទះ​នឹង​គ្រោះរាំងស្ងួត​នេះ​ដូចគ្នា ដែល​មួយចំនួន​ខូចខាត​ជា​បណ្តើរៗ​ហើយ​។ ក្នុងនោះ ខេត្តសៀមរាប មាន​ស្រូវ​ជិត​៣០០​ហិកតា រង​ការខូចខាត​នៃ​ផលប៉ះពាល់​ចំនួន​ជាង​៥​ពាន់​ហិកតា ខេត្តកំពង់ធំ​ខូចខាត​ជិត​១​ពាន់​ហិកតា​នៃ​ផលប៉ះពាល់​ចំនួន​១៥០០០​ហិកតា​។ ដោយឡែក​ខេត្តបន្ទាយមានជ័យ ប៉ះពាល់​ជាង​២,៥​ម៉ឺន​ហិកតា ខេត្តពោធិ៍សាត់ មាន​ជិត​៣,១​ម៉ឺន​ហិកតា ខេត្តកំពង់ចាម​មាន​ជាង​៦​ពាន់​ហិកតា ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ជាង​៨០០​ហិកតា និង​ខេត្ត​ត្បូងឃ្មុំ​មាន​ជាង​៥​ពាន់​ហិកតា​។ នេះ​បើតាម​របាយការណ៍​។ 
 
​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លើកឡើងថា ថ្មីៗ​នេះ បញ្ហា​នៃ​ភាពរាំងស្ងួត​ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​មួយចំនួន នា​រដូវវស្សា​នេះ ដោយសារតែ​បាតុភូត Elnino នៅ​កម្ពុជា មិនទាន់​អស់​ឥទ្ធិពល ដូច្នេះ​ភ្លៀង​នៅមាន​លក្ខណៈ​ធ្លាក់​ដោយ​កន្លែង​មិនបាន​ល្អប្រសើរ​ទេ​។ ការសង្គ្រោះ​ដំណាំ​ស្រូវ​មកទល់ពេលនេះ គឺ​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ពាក់ព័ន្ធ អាចជួយ​បានតែ​ដីស្រែ​ដែល​នៅ​ជិត​ប្រភពទឹក​ប៉ុណ្ណោះ រីឯ​ស្រែ​នៅ​ឆ្ងាយ រីងស្ងួត ឬ​គ្មាន​ប្រភពទឹក គឺ​មានតែ​សង្ឃឹមលើ​ទឹកភ្លៀង​៕ 

Tag:
 កសិកម្ម​
  ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com