ជាតិ
រដ្ឋាភិបាល​គ្មាន​បំណង​យកពាក្យ Fake News មក​ប្រឆាំងនឹង​អ្នកសារព័ត៌មាន​ទេ​?
25, Jul 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល គ្មាន​បំណង​យកពាក្យ Fake News (​ព័ត៌មាន​ប្រឌិត​) មក​ប្រឆាំង ឬ​ធ្វើទុក្ខបុកម្នេញ​អ្នកកាសែត ដែល​ចូលចិត្ត​សរសេរ​ព័ត៌មាន​រសើប​ពី​រដ្ឋាភិបាល​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅក្នុង​សន្និសីទកាសែត​ស្តីពី «​ព័ត៌មាន​ក្លែងក្លាយ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​» នៅ​ព្រឹក​ថ្ងៃទី​២៥ កក្កដា នាទី​ស្តីការគណៈរដ្ឋមន្ត្រី​។​

 
​ពាក្យ Fake News បាន​ក្លាយជា​ប្រធានបទ​សួរដេញដោល​គ្នា​រវាង​អ្នកកាសែត និង​អ្នកនាំពាក្យ​រដ្ឋាភិបាល រួមទាំង​តំណាង​ក្រសួងការពារជាតិ​, ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​ព័ត៌មាន​។ ការសួរដេញដោល​គ្នា​នេះ ដែល​រៀបចំ​នៅក្នុង​សន្និសីទកាសែត​ស្តីពី​«​ព័ត៌មាន​ក្លែងក្លាយ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​» ធ្វើឡើង​ក្រោយពី​សារព័ត៌មាន The Wall Street Jounar របស់​អាមេរិក បាន​ចុះផ្សាយ​ថា កម្ពុជា និង​ចិន បាន​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​មួយ ដើម្បី​បើកផ្លូវ​ឲ្យ​ចិន​បង្កើត​មូលដ្ឋានទ័ព​ឈរជើង​នៅក្នុង​ទឹកដី​កម្ពុជា រយៈពេល​៣០​ឆ្នាំ ដោយ​បន្ត​កិច្ចសន្យា​ស្វ័យប្រវត្ត​រាល់​១០​ឆ្នាំ​ម្ដង​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បដិសេធ​ព័ត៌មាន​នេះ ដោយ​ចាត់ទុកថា​ជា «Fake News» ក្នុង​គោលបំណង​បង្កើត​ព័ត៌មាន​វាយប្រហារ និង​បំផ្លាញ​សន្តិសុខ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា​។​
 


 
​ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​ពី​រឿង​វិធានការ​លើ​កាសែត​អាមេរិក​នេះ​វិញ លោក ផៃ ស៊ី​ផាន អះអាងថា រដ្ឋាភិបាល​គ្មាន​បំណង​ដាក់ពាក្យ​ប្ដឹង ឬ​ចាត់វិធានការ​លើ​កាសែត​អន្តរជាតិ​នេះ​ទេ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ បានស្នើ​ឲ្យ​អ្នកកាសែត​ក្នុងស្រុក និង​ទីភ្នាក់ងារ​ព័ត៌មាន​នៃ​ស្ថាប័ន​ធំៗ​នៅ​កម្ពុជា កុំ​សរសេរ​ព័ត៌មាន​បន្ទរ​សម្តី​រប​ស់កា​សែត​បរទេស​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ជាតិ​ខ្លួនឯង​។​
 
​ភ្លាមៗ​នោះ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង បាន​បន្ថែម​លើស​ម្តី​លោក ផៃ ស៊ី​ផាន ថា អ្នកកាសែត​មិនគួរ​យកសម្តី​ពី​ពលរដ្ឋ​នៅតាម​ចិញ្ចើមផ្លូវ ឬ​ប្រភព​អ្វីមួយ​ដែល​មិន​ច្បាស់លាស់​មក​សួរនាំ​រដ្ឋាភិបាល​ទេ ព្រោះ​ប្រភពព័ត៌មាន​នោះ វា​អាចជា Fake News ដែល​នាំ​ឲ្យ​ប៉ះពាល់​ផ្ទៃក្នុង​ប្រទេសជាតិ​។​
 
​នៅពេល​អ្នកកាសែត​សួរថា អ្វីដែល​អ្នកនាំពាក្យ​រដ្ឋា​ភិ​បាល​លើក​យកមក​ពន្យល់​នេះ ហាក់​កំពុង​ប្រើប្រាស់​ពាក្យ Fake News ប្រឆាំង ឬ​ធ្វើទុក្ខបុកម្នេញ​អ្នកកាសែត ដែល​ចូលចិត្ត​សរសេរ​រឿង​រសើប​របស់​រដ្ឋាភិបាល​? លោក ផៃ ស៊ី​ផាន ចូលខ្លួន​បកស្រាយ​វិញ​ថា រដ្ឋាភិបាល​គ្មាន​គោលបំណង​យកពាក្យ Fake News (​ព័ត៌មាន​ប្រឌិត​) មក​ប្រឆាំង ឬ​រឹតត្បិត​សេរីភាព​អ្នកកាសែត ដែល​ចូលចិត្ត​សរសេរ​ព័ត៌មាន​រសើប​ពី​រដ្ឋាភិបាល​នោះទេ ពោលគឺ​រដ្ឋាភិបាល​ចង់​ឲ្យ​អ្នកកាសែត​សរសេរ​អ្វី​ទៅតាម​វិជ្ជាជីវៈ​របស់ខ្លួន​ប៉ុណ្ណោះ​។​
 
​រយៈពេល​មួយ​ព្រឹក​នៃ​ការធ្វើ​សន្និសីទកាសែត​ជុំវិញ​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ បាន​បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​កម្ពុជា​អ្នកកាសែត​ចង់​និយាយ​អ្វី​ក៏បាន​ដែរ ក៏ប៉ុន្តែ​យើង​មានច្បាប់​ត្រឹមត្រូវ​នៃ​ការកំណត់​តួនាទី​របស់​យើង​។ ការ​បង្អើល​ដែល​នាំ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ មិនមែនជា​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​ព័ត៌មាន​ទេ​។ តែ​យើង​ត្រូវ​ចេះ​ថ្លឹងថ្លែង ព្រោះ​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ បើ​ស្រុក​យើង​ឆេះ នោះ​វា​ក៏​ដល់​ប្អូន​(​អ្នកកាសែត​)​ដែរ​…​។ ដូច្នេះ​ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​អ្នកសារព័ត៌មាន អ៊ីចឹង​បានជា​យើង​រៀបចំ​វេទិការ​(​សន្និសីទកាសែត​) នេះ ហើយ​កុំ​ឲ្យ​មានគំនិត​ថា រាជរដ្ឋាភិបាល​យកពាក្យ​Fake News ទៅ​បំផ្លាញ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន គឺ​អត់​ទេ​»​។​
 


 
​ការី​និពន្ធ​នៃ​កាសែត Khmer Time លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា បាន​និយាយថា បើសិនជា​មានការ​ចុះផ្សាយ​ព័ត៌មាន ដែល​រដ្ឋាភិបាល​ចាត់ទុកជា​រឿង​មិន​ត្រឹមត្រូវ​នោះ រដ្ឋាភិបាល​គួរ​ចេញមុខ​បកស្រាយ​ឆ្លើយតប​នឹង​ការចុះផ្សាយ​នោះ ល្អ​ជាង​ប្រើពាក្យ​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដែល​វា​គ្មានអ្វី​ជា​គោល ឬ​តឹង​តាង​តប​នឹង​ស្ថាប័ន​ព័ត៌មាន​នោះ​។ សម្រាប់​លោក ថា​រ៉ា ការប្រើ​ពាក្យ Fake News របស់​រដ្ឋាភិបាល ទៅលើ​ស្ថាប័ន​ព័ត៌មាន ដែល​ព្យាយាម​ចុះផ្សាយ​ពី​រឿង​រសើប​របស់​រដ្ឋាភិបាល​នេះ វា​ហាក់ដូច​ជាការ​រឹតត្បិត​សេរីភាព​ព័ត៌មាន ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​របស់​អ្នកកាសែត​។​
 
«​ខ្ញុំ​គិតថា វា​ប៉ះពាល់​ខ្លាំង​ទៅលើ​អ្នកសារព័ត៌មាន ដែល​គាត់​ព្យាយាម​ស្រាវជ្រាវ​ជជីក​រករឿង ដែល​គេ​ព្យាយាម​លាក់បាំង ដើម្បី​ឲ្យ​ក្លាយទៅជា​ព័ត៌មាន​មួយ សម្រាប់​មហាជន​ទូទៅ ហើយ​(​ស្របពេល​)​សម័យនេះ វា​ពោរពេញ​ទៅដោយ​ពាក្យ​ថា ព័ត៌មាន​មិន​ពិត​ទៅវិញ ដោយសារតែ​រឿង​ណាមួយ​រសើប​ខ្លាំង ប៉ះពាល់​ទៅដល់​បុគ្គល​ផ្ទាល់ខ្លួន គាត់​(​រដ្ឋាភិបាល​)​យក​លេស​ថា នេះ​ជា​ព័ត៌មាន​មិន​ពិត​។ ប៉ុន្តែ​គាត់​គ្មានអ្វី​ជា​អំណះអំណាង​បក​មកលើ​ថា អា​(​ការចុះផ្សាយ​) ហ្នឹង​ជា​ព័ត៌មាន​មិន​ពិត ដោយសារ​មូលហេតុ​អ្វី​? អ៊ីចឹង​ការយក​ព័ត៌មាន​មិន​ពិត​មក​ប្រើ​ចំពោះ​អ្នកសារព័ត៌មាន វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន ក្នុងការ​ស្វែងរក​ព័ត៌មាន​រសើប ព័ត៌មាន​ល្អៗ សម្រាប់​ជូន​សាធារណជន​គាត់​បាន​ជ្រាប​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា​។​
 
​ការី​និពន្ធ​កាសែត Khmer Time រូបនេះ ក៏​ទទួលស្គាល់​ដែរ​ថា ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ គឺ​កើតចេញពី​ស្ថាប័ន ឬ​វេ​ប​សាយ​ព័ត៌មាន​មួយចំនួន ដែល​គេ​ពុំ​សូវ​ស្គាល់ ហើយ​បង្កើត​រឿង​ផ្សេងៗ ដើម្បី​ទាក់ទាញ​អ្នកអាន និង​ចូល​មើល​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ស្ថាប័ន​កាសែត​ធំៗ​វិញ គឺ​គេ​កម្រ​សរសេរ​រឿងប្រឌិត ដែល​ខុសពី​វិជ្ជាជីវៈ ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ព័ត៌មាន​របស់គេ​នោះឡើយ​។ តែ​យ៉ាងណា​លោក ថា​រ៉ា នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន ជាជាង​ប្រើពាក្យ​ព័ត៌មាន Fake News​។ 
 
Fake News? គឺជា​ពាក្យ​សម្រាប់​ប្រើប្រាស់​សម្គាល់​ទៅលើ​ព័ត៌មាន ដែល​កើតចេញពី​បុគ្គល ឬ​ក្រុម​ណាមួយ ក្នុង​ចេតនា​ទុ​ច្ច​រឹត ដើម្បី​វាយប្រហារ​ទៅលើ​អ្នកដទៃ ឬ​ទាញយក​ផលប្រយោជន៍​សម្រាប់​ពួកគេ​។ នេះ​ជាការ​ឲ្យ​និយមន័យ​ស្រដៀង​គ្នា​រវាង​លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា ការី​និពន្ធ​កាសែត Khmer Times និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន​៕

Tag:
 ផៃ ស៊ី​ផាន​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com