អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ទុយ​នី​ស៊ី​ដែល​ចាស់​ជាងគេ​លើ​លោក ស្លាប់​ក្នុង​អាយុ​៩២​ឆ្នាំ​
25, Jul 2019 , 6:03 pm        
រូបភាព
លោក Beji Caid Essebsi ថ្លែងនៅក្នុងក្នុងសន្និសីទសារព័ត៌មាននៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៨ (AFP)
លោក Beji Caid Essebsi ថ្លែងនៅក្នុងក្នុងសន្និសីទសារព័ត៌មាននៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៨ (AFP)
ដោយ: ថ្មីៗ
​លោក Beji Caid Essebsi ប្រធានាធិបតី​ទុយ​នី​ស៊ី បានទទួល​មរណភាព​ក្នុង​អាយុ​៩២​ឆ្នាំ បន្ទាប់ពី​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាប់តាំងពី​ចុងខែ​មិថុនា​មក​។ នេះ​បើតាម​ការបញ្ជាក់​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​។​

 
​លោក Beji Caid Essebsi មាន​ស្ថានភាព​ជំងឺ​ដ៏​ធ្ងន់ធ្ងរ មុនពេល​ទទួលមរណភាព​។ លោក​ជា​ប្រធានាធិបតី​ក្នុង​តំណែង​ដែលមាន​វ័យ​ចំណាស់​ជាងគេ​លើ​លោក តែ​ជា​ប្រមុខរដ្ឋ​ដែល​ចាស់​ជាងគេ​ទី​ពីរ បន្ទាប់ពី​ម្ចាស់​ក្ស​ត្រី អេ​លីហ្សា​បែ​តទី​២។

លោក Beji បានឡើងកាន់តំណែងក្រោយការបោះឆ្នោតនៅឆ្នាំ ២០១៤ រយៈពេលបីឆ្នាំបន្ទាប់ពីអតីតមេដឹកនាំផ្តាច់ការ Zine El Abidine Ben Ali  ត្រូវបានទម្លាក់ពីតំណែងក្នុងចលនាបដិវត្តន៍អារ៉ាប់។​

កន្លងមកនេះ បញ្ហាយ៉ាប់យឺននៃសុខភាពរបស់ប្រមុខរដ្ឋទុយនីស៊ី បានបង្កើតជាក្តីបារម្ភសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ នេះក៏ដោយសារការទំនេរនៃកៅអីប្រធានាធិបតីអាចបង្កើតជាការប្រទា​ញប្រទង់នយោបាយ មុនការបោះឆ្នោតប្រធានាធិបតីដែលមកដល់ខែវិច្ឆិកាដែរ។
 
បើតាមរដ្ឋធម្មនុញ្ញដែលបង្កើតឡើងឆ្នាំ ២០១៤ ករណីដែលកៅអីប្រធានាធិបតីនៅទំនេរ នាយករដ្ឋមន្ត្រីនឹងមានអំណាចទទួលខុសត្រូវការងារប្រធានាធិបតី និងការសម្រេច​ចិត្តនានាក្នុងរយៈពេលមិនយូរជាង ៦០ថ្ងៃឡើយ។ ក្នុងករណីដែលកៅអីនេះនៅទំនេរយូរជាង ៦០ថ្ងៃ ប្រធានសភានឹងត្រូវផ្តល់សេចក្តីទុកចិត្តកាន់កាប់តំណែងប្រធានាធិបតីនេះ ប៉ុន្តែមិនឲ្យលើសពី ៩០ថ្ងៃទេ។
 

Tag:
 ទុយ​នី​ស៊ី​
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com