ទាំងថ្នាក់ដឹកនាំក្លិបបាល់ទាត់ការពារតំណែងជើងឯកក្រសួងការពារជាតិ(ទ័ព)និងភ្នំពេញក្រោនសុទ្ធតែបង្ហាញក្តីកង្វល់លើទម្រង់លេងរៀងៗខ្លួន ក្រោយចាប់ឆ្នោតប៉ះគ្នានៅវគ្គ១/៤ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ។ វានឹងក្លាយជាជំនួបដ៏តានតឹង ដ្បិតពួកគេមានមហិច្ឆតាចង់លើកពាននៅឆ្នាំនេះ បន្ទាប់ពីភ្នំពេញក្រោនបានខកខានឱកាសគ្រងជើងឯកតាំងពីឆ្នាំ២០១០ ខណៈទ័ពត្រូវការការពារតំណែងជើងឯក។
ទាំងភ្នំពេញក្រោននិងក្រសួងការពារជាតិសុទ្ធតែជឿជាក់ថា ការជួបគ្នារបស់ពួកគេក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តនិងតានតឹង ដ្បិតក្រុមទាំងពីរសប្បូរធនធានយុវជន ដែលបណ្តុះបណ្តាលដោយពួកគេផ្ទាល់។ ក្រសួងការពារជាតិ ដែលក្រុមការពារតំណែងជើងឯក បានបង្ហាញក្តីកង្វល់លើធនធានយុវជនរបស់ភ្នំពេញក្រោន ក្នុងការបង្កគ្រោះថ្នាក់ដល់ក្រុមខ្លួន។
«ខ្ញុំជឿជាក់ថា វានឹងក្លាយជាការប្រកួតដ៏តានតឹង និងជក់ចិត្តសម្រាប់ទស្សនិកជន ដោយសារភ្នំពេញក្រោនគាត់មានកីឡាករវ័យក្មេងល្អៗច្រើន ហើយទ័ព ក៏មានកីឡាករដែលបណ្តុះបណ្តាលដោយខ្លួនឯងច្រើនផងដែរ។ ប៉ុន្តែយ៉ាងក៏ដោយ វាអាស្រ័យលើការរៀបចំ បើក្លិបណារៀបចំបានល្អ នឹងទទួលបានលទ្ធផលល្អក្នុងការប្រកួត»។ នេះជាការលើកឡើងរបស់លោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លិបបាល់ទាត់ក្រសួងការពារជាតិ ពេលលោកចូលរួមក្នុងពិធីចាប់ឆ្នោតប្រកួតវគ្គ១/៤ពានសម្តេច ហ៊ុន សែន។
ជាមួយគ្នានេះលោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោនបានបង្ហាញក្តីកង្វល់លើភាពក្មេងខ្ចីផ្នែកបទពិសោធរបស់យុវជន និងឆន្ទៈលេងកីឡាករក្រសួងការពារជាតិ ដែលត្រូវការជ័យជម្នះ ដើម្បីការពារតំណែងជើងឯក។ តែយ៉ាងណាអ្នកការក្រុមរូបនេះប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរៀបចំក្រុមឲ្យបានល្អក្នុងការតទល់ជាមួយក្រសួងការពារជាតិ។
អតីតកីឡាករភ្នំពេញក្រោនរូបនេះ បាននិយាយដូច្នេះថា៖«ក្រសួងការពារជាតិជាក្រុមជើងឯកឆ្នាំចាស់ ខ្ញុំគិតថា វាជាការប្រកួតដ៏តឹងតែងសម្រាប់ភ្នំពេញក្រោន ដោយសារក្រសួងការពារជាតិមានឆន្ទៈខ្ពស់ក្នុងការលេងពានសម្តេច។ សម្រាប់ភ្នំពេញក្រោនធ្វើម៉េចបើយើងឆាប់ឆ្នោតប៉ះហើយ មានតែខំប្រឹងប្រែងនិងរៀបចំក្រុមឲ្យបានល្អ សម្រាប់ត្រៀមប្រកួតជាមួយក្រសួងការពារជាតិ»។
លោកបានបន្ថែមថា៖«អ្វីដែលជាក្តីកង្វល់ គឺយើងនៅតែខ្វល់កីឡាករយើងមានវ័យក្មេង ហើយគាត់អត់សូវមានបទពិសោធលេងនៅលើទីលាន។ ការលេងជាមួយបាល់យើងឃើញថា គាត់ល្អ តែយើងខ្វល់លើបទពិសោធលេងលើទីលាន។ ព្រោះអីយើងដឹងហើយថា ក្រសួងការពារជាតិគេមានកីឡាករចាស់ទុំច្រើននាំលេង នេះហើយជាឧបសគ្គរបស់យើង»។
ទន្ទឹមនឹងភ្នំពេញក្រោនចាត់ទុកការការពារតំណែងជើងឯកជាចលករជំរុញឲ្យកីឡាករក្រសួងការពារជាតិមានឆន្ទៈខ្ពស់ក្នុងការលេង ផ្ទុយទៅវិញលោក ខូវ ឆាយ អះអាងថា កត្តានេះជាសម្ពាធសម្រាប់ក្រុមខ្លួនទៅវិញទេ។ លោកបានរៀបរាប់ដូច្នេះថា៖«ក្នុងនាមយើងជាក្រុមការពារតំណែងជើងឯក យើងក៏មានសម្ពាធខ្លះដែរ ដោយសារយើងធ្លាប់ធ្វើបានល្អនៅឆ្នាំចាស់ យើងត្រូវតែបន្តធ្វើឲ្យបានល្អបន្ថែមទៀត ដើម្បីទស្សនិកជននិងថ្នាក់ដឹកនាំ ដែលគាត់រំពឹងថានឹងទទួលបានលទ្ធផលល្អ។ ដូច្នេះវាជាសម្ពាធមួយសម្រាប់យើងក្នុងការប៉ះជាមួយភ្នំពេញក្រោន»។
មុនឡើងមកជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រសួងការពារជាតិបានទម្លាក់អាស៊ីអឺរ៉ុបជាមួយលទ្ធផល ៦-៣ នៅវគ្គ១៦ក្រុមចុងក្រោយ ខណៈភ្នំពេញក្រោនទម្លាក់កំពង់ចាម ២៤-០។ បើមើលពីប្រវត្តិក្រុមក្រសួងការពារជាតិធ្លាប់ឈ្នះជើងឯក៣លើក(២០១០, ២០១៦, ២០១៨) និងជើងឯករង១លើកនៅឆ្នាំ២០១៣ រីឯភ្នំពេញក្រោនធ្លាប់ឈ្នះជើងឯកពីរលើកនៅឆ្នាំ២០០៨ និង២០០៩ និងបានជើងឯករង១លើកនៅឆ្នាំ២០១០។
សម្រាប់ការចាប់ឆ្នោតវគ្គ១/៤ពានរង្វាន់សម្តេច ហ៊ុន សែន នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៩ ក្រុមវិសាខាប៉ះជាមួយគីរីវង់សុខសែនជ័យ រីឯព្រះខ័នរាជស្វាយរៀងប៉ះអង្គរថាយហ្គឺរ ខណៈបឹងកេតប៉ះសូលទីឡូអង្គរ និងភ្នំពេញក្រោនជួបក្រសួងការពារជាតិ។ ការប្រកួតជើងទី១ប្រព្រឹត្តទៅនៅថ្ងៃ៧-៨ ខែសីហា និងជើងទី២នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែកាលបរិច្ឆេទនេះអាចមានការប្រែប្រួល៕