កីឡាជាតិ
ជាតិ
ប្រធាន​ប៉េតង់​ពិភពលោក​ប្រាប់​មូលហេតុ ដែល​ផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​ពិភពលោក​
26, Jul 2019 , 8:59 am        
រូបភាព
លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោក, រូបភាពពីហ្វេសប៊ុក Sor Sokha
លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោក, រូបភាពពីហ្វេសប៊ុក Sor Sokha
ដោយ:
​លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​ពិភពលោក ប្រាប់​ពី​មូលហេតុ ដែល​លោក​ជ្រើសរើស​កម្ពុជា​ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​យុវជន​និង​ស្ត្រី​ពិភពលោក 17th Juniors & Women Petanque World Championship គឺ​ដោយសារ​កម្ពុ​ជាមាន​ស្នាដៃ​ល្អ​លើ​ឆាក​អន្តរជាតិ និង​មាន​តំបន់​ទេសចរណ៍​ច្រើន​។ លោក​ចាត់ទុក​ការធ្វើ​ម្ចាស់ផ្ទះ​នេះ​ថា វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​។ ប្រធាន​សហព័ន្ធ​ប៉េតង់​កម្ពុជា លោក ស សុខា ចាត់ទុក​ការធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​នេះ ជា​ឈ្នាន់​សម្រាប់​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​មន្ត្រី​បច្ចេកទេស និង​កីឡាករ​។

 
​មាន​ប្រទេស​លើ​ពិភពលោក​និង​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​បានដាក់​ពាក្យស្នើសុំ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ប៉េតង់​ជម្រើស​ជើងឯក​យុវជន​និង​ស្ត្រី​ពិភពលោក​ប្រចាំឆ្នាំ​២០១៩ ប៉ុន្តែ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​ពិភពលោក​បានសម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​ជា​លើកដំបូង​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​ពិភពលោក ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៤ កក្កដា នា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​លោក​បាន​បញ្ជាក់ថា ការផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​នេះ គឺ​ដោយសារ​កម្ពុជា​ជា​ប្រទេស​ដែលមាន​អរិយធម៌​និង​វប្បធម៌​ដ៏​ចំណាស់ និង​សម្បូរ​ដោយ​តំបន់​ទេស​ប្រវត្តិសាស្ត្រ​។ សមិទ្ធផល និង​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​របស់​វីរ​កីឡាការិនី កែ ឡេង​, អ៊ុក ស្រីមុំ និង​កីឡាករ សុខ ចាន់​មាន ដែល​ដណ្តើមបាន​មេដាយមាស​ពិភពលោក ក៏​ជា​ហេតុផល​សំខាន់​ដែល​ជួយ​ឲ្យ​កម្ពុជា​ទទួលបាន​សិទ្ធិ​នៅពេលនេះ​ផងដែរ​។ 


លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោកពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសកម្ពុជា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
 
​សម្រាប់​លោក Claude Azema នេះ​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​ប៉េតង់​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ផ្តល់ឱកាស​ដល់​កីឡាករ​កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម​បាន​សិក្សា​ពីបទ​ពិសោធ​ថ្មីៗ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។ អ្វីដែល​អស្ចារ្យ​ទៀត​នោះ គឺ​វា​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌ និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់​ផងដែរ​។ ព្រោះ​ការប្រកួត​នេះ​មាន​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​មកពី​ជាង​៦០​ប្រទេស​ចូលរួម ហើយ​ពួកគេ​អាច​ស្នាក់នៅ​កម្ពុជា​លើសពី​១​សប្តាហ៍​។ 
 
​ជាមួយគ្នានេះ​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បាន​មានប្រសាសន៍ថា ការធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​នេះ វា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​កីឡា​ប៉េតង់ និង​កម្ពុជា​ទាំងមូល​។ លើសពីនេះ វា​ជា​ឈ្នាន់ និង​ជា​ម៉ែត្រ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម សម្រាប់​ត្រៀម​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ សម្រាប់​លោក ស សុខា ជ័យជម្នះ ក៏​ជា​កត្តា​សំខាន់​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​នេះ​ផងដែរ​។  
 
​បន្ថែម​លើ​កិច្ចការងារ​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី កិច្ចការ​ធំៗ​ពីរ​រួមមាន​បញ្ហា​ទីលាន​ប្រកួត និង​ការងារ​បច្ចេកទេស​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ ដើម្បី​ធានាថា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​។ លោក ស សុខា អះអាងថា មកទល់ពេលនេះ​សហព័ន្ធ​បានរៀបចំ​រួចរាល់​ប្រមាណ​៩០​ភាគរយ​ហើយ នៅឡើយ​តែ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​ស្របតាម​លក្ខណៈ​បច្ចេកទេស​តម្រូវ​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​ពិភពលោក​តែប៉ុណ្ណោះ​។ លោក ជឿជាក់ថា ការរៀបចំ​នឹង​រួចរាល់​១០០​ភាគរយ​មុន​១​ខែ ការប្រកួត​ចូលមក​ដល់​។     


 
«​យើង​មាន​កត្តា​ធំៗ​ពីរ​ដែល​ត្រូវធ្វើ ទី​១.​ត្រូវមាន​ទីតាំង​ប្រកួត ហើយ​ទីតាំង​ប្រកួត​យើង​មាន​ហើយ ដោយ​យើង​គ្រោង​នឹង​ជួសជុល​កែលម្អ ដើម្បី​ឲ្យ​ត្រូវ​តាម​សំណូមពរ​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​ពិភពលោក​, ទី​២​គឺ​ក្រុមការងារ​បច្ចេកទេស បើ​យើង​មានតែ​ទីតាំង​ហើយ​គ្មាន​ការបណ្តុះបណ្តាល​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម គឺ​មិនអាច​ទៅរួច​នោះទេ​។ ខ្ញុំ​គិតថា នេះ​ជា​រឿង​លំបាក ព្រោះ​សហព័ន្ធ​ប៉េតង់​ពិភពលោក​គាត់​ជួយ​តែ​១​កម្រិត​ទេ ខណៈ​១​កម្រិត​ទៀត​វា​ជាការ​ងារ​របស់​សហព័ន្ធ​យើង ដែល​ត្រូវបំពេញ​រាល់​ចំណុច​ខ្វះខាត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៤ កក្កដា​។ 
 
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រូបនេះ​បាន​បន្ថែមថា​៖«​កីឡាករ​កីឡាការិនី​យើង​កំពុង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រៀងរាល់ ដើម្បី​បន្ថែម​គុណភាព​ឲ្យ​ដូច​គេ​ដូច​ឯង ដោយសារតែ​យើង​ធ្វើ​ម្ចាស់ផ្ទះ គឺ​យើង​ចង់​ឈ្នះ មិនមែន​ធ្វើ​ដើម្បី​តែ​ល្អមើល​នោះទេ គឺ​យើង​ត្រូវការ​ទាំង​បរិមាណ និង​គុណភាព​។ ខ្ញុំ​គិតថា បច្ចុប្បន្ន​យើង​មាន​ហើយ​បរិមាណ ហើយ​យើង​កំពុង​ចម្រាញ់​ឲ្យ​មាន​គុណភាព ដូច្នេះ​ទើប​យើង​ផ្តល់ឱកាស​ឲ្យ​យុវជន​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន​»​។ 
 
​ក្រៅពី​ត្រួតពិនិត្យ​គុណភាព​ទីលាន និង​ជួយ​កែតម្រូវ​បញ្ហា​បច្ចេកទេស​មួយចំនួន ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​មកកាន់​កម្ពុជា លោក Claude Azema បាន​ជួបពិភាក្សា​ជាមួយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ពី​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​របស់​កម្ពុជា​នៅ​អំឡុង​ខែវិច្ឆិកា​ខាងមុខ​។ លោក ក៏បាន​ទៅ​ត្រួតពិនិត្យ​គុណភាព​សណ្ឋាគារ ដែល​អត្ត​ព​លិ​ក​ត្រូវ​ស្នាក់នៅ​ក្នុងអំឡុងពេល​ប្រកួត​ផងដែរ​៕    

Tag:
 ប៉េតង់​
  Claude Azema
  ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com