ការដើរលឿនៗអាចមានលក្ខណៈនៅចន្លោះការដើរ និងរត់។ វាគឺជារឿងល្អបំផុតសម្រាប់អ្នកបើសិនជាមិនចូលចិត្តការដើរធម្មតា និងរត់លឿនឆាប់ហត់។ ការដើរលឿនៗ យកល្អគួរតែធ្វើឲ្យបាន មួយគីឡូម៉ែត្រក្នុងរយៈពេល ២០នាទី។ អ្វីដែលល្អបំផុតចំពោះការដើរលឿនៗ គឺមិនត្រូវការឧបករណ៍អ្វីថ្លៃៗឡើយ។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ធំៗនៃការដើរលឿនៗ៖
បំបាត់ជំងឺពុកឆ្អឹង
អ្នកជំនាញយល់ស្របថា ការដើរលឿនៗគឺជាលំហាត់ប្រាណដ៏មានប្រសិទ្ធភាពបំផុតក្នុងការបន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងងាយកើតខ្លាំងលើស្ត្រីក្រោយរាំងរដូវរួច។
សម្រួលដល់ការឈឺចង្កេះ
វាគឺជារៀងល្អមួយដែលអ្នកជ្រើសរើសការដើរលឿនៗជំនួសការបេះថ្នាំលេបដើម្បីបំបាត់ការឈឺចង្កេះ។ តាមការសិក្សាបានរកឃើញថា ការមានទម្លាប់ដើរលឿនៗហាត់ប្រាណអាចជួយសម្រួលដល់ការឈឺចាប់នៅចង្កេះបានយ៉ាងល្អ ហើយវាក៏ល្អសម្រាប់បង្ការផងដែរ។
រំលាយកាឡូរីដែលលើស
សម្រាប់អ្នកចង់បានរាងស្លីម ប្រហែលជាអាចជឿជាក់លើការដើរលឿនៗជាប្រចាំបាន ព្រោះវាអាចជួយរំលាយកាឡូរីដែលលើស និងសម្រកខ្លាញ់បាន។ ការដើរលឿនៗនឹងជួយរំលាយជាតិខ្លាញ់បានរហូតដល់ ២០០កាឡូរីក្នុងរយៈពេលដើរកន្លះម៉ោង។
បន្ថយការបង្ករោគ
គ្រប់គ្នាដឹងរួចមកហើយថា ការបញ្ចូលអាហារសម្បូរវីតាមីន C ក្នុងរបបអាហារ ជាមធ្យោបាយដ៏ល្អមួយដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែវាមិនមានមនុស្សច្រើនទេដែលដឹងថា ការហាត់ប្រាណទៀងទាត់ក៏អាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំដែរ។ ឧទាហរណ៍ ការដើរលឿនៗ ត្រូវបានគេដឹងថា ពង្រឹងដល់ការសំយោគកោសិកាប្រព័ន្ធភាពស៊ាំតែម្តង។
បន្ថយស្ត្រេស
សម្រាប់អ្នកដែលរស់នៅក្នុងជីវិតមានភាពតានតឹងខ្លាំង និងមិនមានពេលហាត់ប្រាណ ឬតាំងសមាធិទេ ប្រហែលជាអាចប្រើពេលតិចតួចដើម្បីដើរលឿនៗបានក្នុងការបន្ថយស្ត្រេស។ ក្នុងពេលកំពុងតែដើរនេះ អ្នកក៏អាចស្តាប់ចម្រៀងរំងាប់អារម្មណ៍បណ្តើរៗបានដែរ។
បន្ថយការប្រឈមជំងឺបេះដូង
ការដើរលឿនៗជាប្រចាំ អាចជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ុលអាក្រក់ផងដែរ។ ការលើសសម្ពាធឈាម និងការកើនឡើងកូឡេស្តេរ៉ុលអាក្រក់ សុទ្ធតែជាកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាម ដែលជាជំងឺគ្រោះថ្នាក់បំផុត រហូតដល់ទៅជាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន។ យ៉ាងណាមិញ ការដើរលឿនៗគឺជាមធ្យោបាយដ៏ល្អបំផុតដែលអាចជួយឲ្យសុខភាពអ្នកល្អប្រសើរឡើងវិញ ជាពិសេសចៀសផុតពីការកើតជំងឺបេះដូងតែម្តង៕
ត្រួតពិនិត្យដោយ www.health.com.kh