ជាតិ
មូលដ្ឋាន​យោធា​នៅ​រាម មាន​សភាព​ធម្មតា​...
26, Jul 2019 , 2:09 pm        
រូបភាព
លោក ផៃ ស៊ីផាន (ឆ្វេង) និងលោក ឈុំ សុជាត នាំអ្នក​សារព័ត៌មានមើលទីតាំងផ្សេងៗនៅមូលដ្ឋានយោធារាម។ ថតដោយ ប៉ាន់ បូនី
លោក ផៃ ស៊ីផាន (ឆ្វេង) និងលោក ឈុំ សុជាត នាំអ្នក​សារព័ត៌មានមើលទីតាំងផ្សេងៗនៅមូលដ្ឋានយោធារាម។ ថតដោយ ប៉ាន់ បូនី
ដោយ: ថ្មីៗ
​អ្នកសារព័ត៌មាន​ដែល​បម្រើការ​ឲ្យ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ប្រមាណ​៦០​នាក់ បាន​ទៅ​ទស្សនា​ផ្ទាល់​នៅ​ទីតាំង​មូលដ្ឋាន​យោធា​រាម ខេត្ត​ព្រះសីហនុ ដោយ​ទីតាំង​នោះ ត្រូវបាន​សារព័ត៌មាន​អាមេរិក The Wall Street Journal អះអាង កម្ពុជា និង​ចិន បាន​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ក្នុងការ​សាងសង់​មូលដ្ឋានទ័ព​ចិន​។​

 

​ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា ការផ្សាយ​របស់​សារព័ត៌មាន The Wall Street Journal មិនមែនជា​ការពិត រដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ដំណើរ​សម្រាប់​អ្នកសារព័ត៌មាន​ទៅកាន់​ទីតាំង​មូលដ្ឋាន​យោធា​រាម​ដោយផ្ទាល់​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែកក្កដា​។ លោក រំដួល ចិ​ត្រា និង​លោក ប៉ាន់ បូ​នី នៃ​សារព័ត៌មាន ThmeyThmey ក៏មាន​វត្តមាន​ក្នុងចំណោម​អ្នកសារព័ត៌មាន​ផ្សេងទៀត​ផងដែរ​។​


 
«​ការរៀបចំ​បានល្អ និង​គ្មានអ្វី​ប្លែក​នោះឡើយ សូម្បីតែ​អក្សរ​ចិន ក៏​គ្មាន​ដែរ​»​។ នេះ​ជាការ​មើលឃើញ​ដោយផ្ទាល់​របស់លោក រំដួល ចិ​ត្រា ដោយបាន​បញ្ជាក់ថា ក្រុមការងារ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ លោក ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ និង​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​នាំ​ក្រុមអ្នកកាសែត​ទៅ​មើល​ឃ្លាំង និង​អគារ​ផ្សេងៗ ក្នុងនោះ​មាន​អគារ​ដែលជា​អំណោយ​របស់​សហរដ្ឋអាមេរិក​ផងដែរ​។​
 
​លោក ចិ​ត្រា ក៏ដូច​ជា​លោក បូ​នី ដែលជា​អ្នក​ថតរូប បាន​អះអាងថា ពួកគាត់​មើលឃើញថា អូប័រ សព្វាវុធ នៅក្នុង​ឃ្លាំង និង​អាគារ ក៏ដូចជា​កប៉ាល់​មួយចំនួន​នៅលើ​សមុទ្រ ក្បែរ​មូលដ្ឋាន​យោធា​នោះ​ប៉ុណ្ណោះ ដោយ​មិនឃើញ​សញ្ញាណ​អ្វី​ពាក់ព័ន្ធ​នឹង​វត្តមាន​ចិន​នោះឡើយ​។​


 
​ក្រោយ​ទស្សនា​ពេញ​មួយ​ព្រឹក លោក ផៃ ស៊ី​ផាន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​សារជាថ្មី​ថា រដ្ឋាភិបាល​ពិតជា​គ្មាន​អ្វីដែល​លាក់បាំង​ពលរដ្ឋ​របស់ខ្លួន​នោះឡើយ​។ លោក ឈុំ សុជាត បាន​រំលឹក​ម្តង​ទៀតថា កម្ពុជា​ក៏​គ្មាន​ហេតុផល​អ្វីដែល​ត្រូវការ​វត្តមាន​ទ័ព​បរទេស​នៅលើ​ទឹកដី​ខ្លួន​នោះដែរ​។ 
 
​នេះ​ជា​អ្វីដែល​អ្នកសារព័ត៌មាន ThmeyThmey មើលឃើញ​តែប៉ុណ្ណោះ ដោយ​យើង​មិនអាច​និយាយបានថា ជាការ​សន្និដ្ឋាន​រួម​របស់​អ្នកសារព័ត៌មាន​ទាំងអស់​នោះឡើយ​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មតិ​មួយចំនួន​បាន​រិះគន់ថា រដ្ឋាភិបាល​នាំ​អ្នកសារព័ត៌មាន​ដែល​មិនមាន​ជំនាញ​ផ្នែក​យោធា ជាពិសេស​ការបដិសេធ​វត្តមាន​មន្ត្រី​ទូត​បរទេស ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​។ មតិ​ខ្លះ​បាន​លើកឡើងថា វា​ជា​រឿង​សម​ហេតុផល​ខ្លាំងណាស់​ដែល​អ្នកសារព័ត៌មាន​មើលមិនឃើញ​សភាព​ខុសប្លែក ដោយសារ​មូលដ្ឋានទ័ព​នោះ​ស្ថិតនៅក្នុង​គម្រោង​នៅឡើយ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល​នូវ​រាល់​ការសន្និដ្ឋាន​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សាង​មូលដ្ឋាន​យោធា​ចិន​នៅលើ​ទឹកដី​កម្ពុជា​។ លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា ព័ត៌មាន​ទាំងនោះ ជា «Fake News»៕
















លោក រំដួល ចិត្រា អ្នក​យកព័ត៌មាន ThmeyThmey រាយការណ៍ពីមូលដ្ឋានយោធារាម

Tag:
 ​មូលដ្ឋាន​យោធា​រាម
© រក្សាសិទ្ធិដោយ thmeythmey.com