ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​យុត្តិធម៌ ផ្អាក​តំណែង​ប្រធាន​អយ្យការ​ខេត្តរតនគិរី ក្រោយ​ប្រព្រឹត្ត​អំពើ «​ផិតក្បត់​»
26, Jul 2019 , 8:19 pm        
រូបភាព
លោក ជា ពេជ្រ ប្រធានអយ្យការខេត្តរតនគិរីដែលត្រូវផ្អាកតំណែង
លោក ជា ពេជ្រ ប្រធានអយ្យការខេត្តរតនគិរីដែលត្រូវផ្អាកតំណែង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ជា ពេជ្រ ព្រះរាជអាជ្ញា និង​ជា​ប្រធាន​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី ត្រូវបាន​លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សម្រេច​ដកតំណែង​និង​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ក្រោយពី​មាន​វីដេអូ​ខ្លី​ប​មួយ បាន​បង្ហាញថា លោក​មានរឿង​អាស្រូវ​ផិតក្បត់​ប្រពន្ធ​។ រដ្ឋមន្ត្រី​យុត្តិធម៌ បានតែងតាំង​លោក ងិន ពេ​ជ  ព្រះរាជអាជ្ញារង ឲ្យ​ធ្វើជា​ព្រះរាជអាជ្ញា​និង​ជា​ប្រធានស្តីទី​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​។ 


 
​លោក អង្គ វង្ស វ​ឌ្ឍា​នា បាន​បញ្ជាក់ថា លោក ជា ពេជ្រ ត្រូវបាន​ចោទប្រកាន់​ពីបទ​ផិត  តាំងពី​ឆ្នាំ​២០១៧ រហូតដល់​២០១៩ ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ឯក​ពន្ធភាព​។ ពេលណា​តុលាការ​ភ្នំពេញ សម្រេច​អំពី​ទោស​ជា​ស្ថាពរ​លើ​លោក ជា ពេជ្រ រួចហើយ រដ្ឋមន្ត្រី​យុត្តិធម៌ នឹងមាន​សេចក្តីសម្រេច​តាម​ក្រោយ​ទៀត​។   
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពាក្យ​ផិត គឺ​សំដៅលើ​ការ​ផិតក្បត់​ភរិយា​/​ស្វាមី ដោយ​លួច​ទៅ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកផ្សេង ខណៈ​ខ្លួន នៅជាប់​ចំណងអាពាហ៍ពិពាហ៍​ផ្លូវច្បាប់​ជាមួយ​ភរិយា​/​ស្វាមី​។ លោក លើកឡើងថា ភរិយា​របស់លោក ជា ពេជ្រ បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ភ្នំពេញ ប្តឹង​ពីបទ​ផិត​នេះ​។ 
 
​អ្នកនាំពាក្យ​រូបនេះ បកស្រាយ​ដូច្នេះ​ថា​៖«​យើង ផ្អាក​ការងារ​គាត់ មិនមែន​បញ្ឈប់​ទេ​។ បើ​តុលាការ កាត់ក្តី​រួច​សម្រេច​ថា​គាត់​មានទោស យើង នឹងមាន​វិធានការ​បន្តទៀត ដូចជា​លុបឈ្មោះ​ចេញ​ក្របខណ្ឌ​ជាដើម ហើយ​ការទទួល​ព្រហ្មទណ្ឌ​អី​គឺ​ទៅតាម​ហ្នឹង​។ តែបើ​តុលាការ សម្រេច​ថា​គាត់ គ្មាន​ទោស​ដូច​ការចោទប្រកាន់​ទេ គាត់​អាច​នឹង​ទៅ​បំពេញការងារ​វិញ​»​។ 
 
​កាលពីពេល​ថ្មីៗ​នេះ លោក​រដ្ឋមន្ត្រី​យុត្តិធម៌ ក៏បាន​ដកតំណែង​លោក អ៊​ង រី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ផងដែរ ដោយ​ប្តូរ​ឲ្យ​មក​បំពេញការងារ​នៅ​ក្រសួងយុត្តិធម៌​វិញ ក្រោយពី​ភរិយា​របស់លោក តាម​ទាន់ ពេល​លោក និង​ស្រី​កំណាន់ លួច​ជួបគ្នា​។ ភរិយា​របស់លោក បាន​ថត​វីដេអូ​នោះ បង្ហោះ​លើ​បណ្តាញ​សង្គម​៕ 

Tag:
 អង្គ វង្ស វ​ឌ្ឍ​នា​
  ជា ពេជ្រ
© រក្សាសិទ្ធិដោយ thmeythmey.com