ជាតិ
អាជ្ញាធរបិទផ្លូវឡើងភ្នំគូលែនស្រុកស្វាយលើ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍សម្លាប់ចិន២នាក់
× សៀមរាប៖ បន្ទាប់ពីមានការគ្រោះថ្នាក់ជាបន្តបន្ទាប់ និងបន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាពីក្រុមការងារចម្រុះរួចមក ផ្លូវភ្នំគូលែនក្នុងភូមិសាស្ដ្រស្រុកស្វាយលើ បានបិទការចរាចរណ៍ចាប់ពីថ្ងៃទី២៥ កក្កដា តទៅរហូតដល់ផ្លូវនេះសាងសង់រួចរាល់ជាស្ថាពរ។
ក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលចេញផ្សាយនៅល្ងាចថ្ងៃទី២៤ កក្កដា បានជម្រាបដល់សាធារណជន ក្រុមហ៊ុន មគ្គុទ្ទេសក៍ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ពីការបិទចរាចរណ៍ទាំងស្រុងលើផ្លូវខ្នងភ្នំគូលែនពីផ្លូវឡើងស្រុកស្វាយលើដល់ភូមិតាពេញនេះ។ អាជ្ញាធរជាតិអប្សរាលើកហេតុផលថា ផ្នែកខ្លះនៃផ្លូវនេះមិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានរកឃើញទៀតថា ទីតាំងមួយចំនួននៅមានគ្រាប់ក្រួសដែលបណ្ដាលឱ្យរថយន្តក្នុងស្ថានភាពចុះចំណោតងាយរអិល ចំណុចបត់កោងមួយចំនួនទៀតមានសភាពតូចចង្អៀត និងមិនទាន់ធ្វើជម្រាលសុវត្ថិភាពនៅឡើយ។ល។
ដើម្បីបញ្ជៀសហានិភ័យផ្សេងៗ អាជ្ញាធរសម្រេចបិទផ្លូវនេះទាំងស្រុងចាប់ពីថ្ងៃទី២៥ កក្កដាតទៅ រហូតដល់ផ្លូវនេះត្រូវបានស្ថាបនារួចជាស្ថាពរ។ ប៉ុន្តែករណីនេះ បានលើកលែងសម្រាប់ប្រជាជនដែលរស់នៅលើខ្នងភ្នំគូលែន ដែលមានលិខិតឆ្លងកាត់ដែលចេញដោយអាជ្ញាធរមូលដ្ឋាន។
អាជ្ញាធរជាតិអប្សរា សង្ឃឹមយ៉ាងមុតមាំថា សាធារណជន ក្រុមហ៊ុន មគ្គុទ្ទេសក៍ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងចូលរួមអនុវត្តន៍តាមសេចក្ដីជូនដំណឹងនេះឱ្យបានល្អប្រសើរ។
គួរបញ្ជាក់ថា ផ្លូវនេះគឺជាគម្រោងអភិវឌ្ឍន៍ថ្មីរបស់អាជ្ញាធរជាតិអប្សរា បំណងដើម្បីសម្រួលចរាចរណ៍ឡើងចុះភ្នំគូលែន ដែលពីមុនមានតែផ្លូវមួយខ្សែសម្រាប់ឡើងចុះ។ ជាមួយគ្នានេះ ផ្លូវនេះក៏សម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋនៅស្រុកស្វាយលើក្នុងការឡើងចុះភ្នំគូលែនផងដែរ ដែលពីមុនការធ្វើដំណើរត្រូវវាងទៅស្រុកបន្ទាយស្រី ដែលមានចំងាយឆ្ងាយ។ ក្រោយបើកការដ្ឋានសាងសង់ប្រមាណជិត២ឆ្នាំមកនេះ ផ្លូវនេះមិនទាន់សង់រួចរាល់នៅឡើយ តែបានបើកឱ្យធ្វើដំណើរជាបណ្ដោះអាសន្ន។ ថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៍យ៉ាងហោចចំនួន២លើកនៅលើផ្លូវនេះ ដែលលើកទី១បានកើតឡើងលើរថយន្តដឹកអ្នកដំណើររបស់ប្រជាពលរដ្ឋមួយគ្រឿង ដែលបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ចំណែកគ្រោះថ្នាក់លើកទី២ កើតឡើងនៅថ្ងៃទី២១ កក្កដា លើរថយន្តភ្ញៀវទេសចរជនជាតិចិនមួយក្រុមមានគ្នា១៣នាក់ ក្នុងនោះស្លាប់ចំនួន២នាក់៕
Tag:
ផ្លូវភ្នំគូលែន
អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com