កីឡាអន្តរជាតិ
អន្តរជាតិ
កុមារា Tidd រំភើបដោយជួបកីឡាការិនី Pikckett ដែលជានិមិត្តរូបខ្លួន!
× ក្មេងប្រុស Joseph Tidd អាយុជាង១ឆ្នាំ និងកីឡាការិនីបាល់ទាត់ Carson Pickett របស់ក្រុម Orlando Pride នៃលីគបាល់ទាត់ស្ត្រីរបស់អាមេរិក បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ។ ពួកគេសុទ្ធតែជាអ្នកស្រឡាញ់កីឡាបាល់ទាត់ខ្លាំងដូចគ្នា ហើយបាត់បង់ដៃឆ្វេងដូចគ្នាទៀត។ អ្នកទាំងពីរជួបគ្នាក្នុងទីលាន ហើយត្រូវបានថតរូបបង្ហោះចែកចាយល្បីពេញប្រព័ន្ធអ៊ិនធឺណិត។
អ្នកទាំងពីរបានយកដៃពិការទង្គិចគ្នា បន្ទាប់ពីនាង Pickett វ័យ២៥ឆ្នាំបានរត់សំដៅទៅកាន់គ្រួសាររបស់ Joseph ដែលជាអ្នកគាំទ្រខ្លួន ក្រោយពីនាងលឺពួកគេស្រែកហ៊ោអំឡុងការប្រកួត។ នៅពេល Joseph និង Pickett យកដៃពិការទង្គិចគ្នាជាមួយនឹងស្នាមញញឺមនោះ ម្តាយរបស់ Joseph អ្នកស្រី Colleen Tidd មានអារម្មណ៍ភ្ញាក់ផ្អើលហើយបានយកទូរស័ព្ទថតពួកគេតែម្តង។ រូបភាពនោះបានចែកចាញពាសពេញអ៊ិនធឺណិត និងមានការចុះផ្សាយពីសារព័ត៌មានល្បីៗជាច្រើនជុំវិញពិភពលោក។
«នៅក្នុងស្ថានភាពនោះខ្ញុំពិតជារំភើបចិត្តណាស់។ វាពិតជាគួឲ្យស្រឡាញ់មែនទែន»។ នេះជាសម្តីអ្នកស្រី Tidd ដែលជាម្តាយ Joseph ក្នុងបទសម្ភាសមួយកាលពីថ្ងៃទី២៤ ខែកក្កដា។
អ្នកស្រីអះអាងទៀតថាកូនរបស់នាង ហាក់ទទួលបានភាពកក់ក្តៅមិនធ្លាប់មានពីមុនមកក្រោយ Pickett រត់មកប៉ះដៃគ្នានោះ។ Joseph បានចំណាយពេលជិះឡានពីកីឡាដ្ឋានទៅផ្ទះវិញដោយសម្លឹងមើលដៃរបស់ខ្លួនហើយញញឹមរហូត ព្រោះរូបគេដឹងថាគេមានមិត្តម្នាក់ នោះគឺ Pickett ដែលជាកីឡាការិនីបាល់ទាត់។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបានឲ្យដឹងថា កុមារ Joseph ស្ថិតក្នុងចំណោមកុមារពិការភាពពីកំណើតដែលកើតនៅសហរដ្ឋអាមេរិកចំនួន ២២៥០នាក់ ជារៀងរាល់ឆ្នាំ។ កុមារពិការទាំងនោះត្រូវការជំនួយជារៀងរាល់ថ្ងៃ ហើយជួនកាលកុមារខ្លះក៏មានអារម្មណ៍ដឹងខ្លួនអំពីរូបរាងកាយរបស់ពួកគេដែរ។
អ្នកស្រី Tidd អាយុ២៨ឆ្នាំ លើកឡើងថានាងបានដឹងនៅពេលមានផ្ទៃពោះ Joseph ថាគ្មានដៃម្ខាងទៅហើយ។ នាងបានយំម្តងដែរ ប៉ុន្តែនាងគិតថាសំណាងនឹងជួយនាង និងជឿថាកូនប្រុសនឹងមិនអីទេ។
រហូតដល់បច្ចុប្បន្ន Joseph អាយុ២២ខែ ហើយក្មេងប្រុសនេះពិតជាមានសុខភាពល្អណាស់។ នេះជាការបញ្ជាក់បន្ថែមរបស់ អ្នកស្រី Tidd៕
© រក្សាសិទ្ធិដោយ thmeythmey.com