អន្តរជាតិ
នយោបាយអន្តរជាតិ
អគ្គស្នងការនគរបាលជាតិ ប្រកាសតាមចាប់ខ្លួនលោក សម រង្ស៊ី និងបក្ខពួកគ្រប់មធ្យោបាយតាមច្បាប់
× ភ្នំពេញ៖ បើលោក សម រង្ស៊ី និងបក្ខពួកឈានជើងចូលទឹកដីកម្ពុជាពេលណា សមត្ថកិច្ចនឹងចាប់ខ្លួន តាមច្បាប់ភ្លាម ។ នេះជាការប្រកាសជាថ្មី របស់អគ្គស្នងការនគរបាលជាតិ ដែលទទួលបានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីតុលាការ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានប្រាប់សារព័ត៌មានថ្មីៗថា ការអនុវត្តវិធានការច្បាប់ គឺខាងសមត្ថកិច្ច នឹងប្រើប្រាស់គ្រប់មធ្យោបាយ និងតាមរូបភាពនានា ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី និងបក្ខពួក យកផ្តន្ទាទោសតាមច្បាប់ បើសិនជាពួកគេហ៊ានឈានជើងចូលកម្ពុជា។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ការចេញចំណាត់ការនេះ ក្នុងគោលបំណងពង្រឹង និងការពារនីតិ ជាពិសេសធានាការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ។ បន្ថែមពីនេះលិខិតរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរដូច្នេះថា៖«សូមអំពាវនាវដល់សាធារណៈជនជាតិ និងអន្តរជាតិចូលរួមគាំទ្រដល់ការអនុវត្តភារកិច្ចរបស់កងកម្លាំងអនុវត្តច្បាប់ និងកុំធ្លាក់ក្នុងឧបាយកលញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលកំពុងបំផុសឲ្យប្រជាពលរដ្ឋបះបោរប្រឆាំងអាជ្ញាធរមានសមត្ថកិច្ចដែលសកម្មភាពនេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើដែលបង្កឲ្យមានអសន្តិសុខដល់សង្គម» ។
ក្រៅពីនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានរំឭកថា រាល់ចេតនារារាំងការអនុវត្តដីការបស់តុលាការ គឺជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមានទៀតផង។
ការប្រកាសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនេះ ធ្វើឡើងស្របពេលដែលលោក សម រង្ស៊ី និងថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង អះអាងថា ពួកគេនឹងធ្វើមាតុភូមិនិវត្ត នៅក្នុងអំឡុងខែសីហា ឬកញ្ញាខាងមុខ ដោយអហិង្សានិងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ បើតាមលោក សម រង្ស៊ី ការធ្វើមាតុភូមិនិវត្តរបស់លោកនេះ ក៏មានអមដំណើរជាមួយមន្ត្រីអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា មកដល់ពេលនេះលោក សម រង្ស៊ី បានរងបណ្តឹងមិនតិចជាង១០ទេ ពីសំណាក់ថ្នាក់ដឹកនាំនិងសកម្មជនគណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ មានបណ្តឹងខ្លះ ត្រូវបានជំនុំជម្រះរួចហើយ ហើយបណ្តឹងខ្លះទៀត កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ៕
Tag:
នេត សាវឿន
សម រង្ស៊ី
ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com