សង្គមអន្តរជាតិ
អន្តរជាតិ
ចំនួនសត្វឃ្មុំនៅរុស្ស៊ីមានការថយចុះគួរឱ្យព្រួយបារម្ភ
× ចំនួនសត្វឃ្មុំនៅភូមិភាគកណ្តាលនិងខាងត្បូងនៃរុស្ស៊ីមានការថយចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយសារបញ្ហាប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតជាដើម។
ប្រធានសហព័ន្ធការពារសត្វឃ្មុំរបស់រុស្ស៊ី លោក Arnold Butov ថាសត្វឃ្មុំនៅតំបន់ចំនួនម្ភៃនៅក្នុងប្រទេសកំពុងទទួលរងការបំផ្លិចបំផ្លាញច្រើនជាងគេ ដែលក្នុងនោះរួមមានតំបន់ Bryansk តំបន់ Kursk ភាគខាងត្បូងនៃទីក្រុងមូស្គូ តំបន់ Saratov និង តំបន់Ulyanovsk នៃដងទន្លេវ៉ុលកា។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC លោក Butov បានបញ្ជាក់ថា ទិន្នផលទឹកឃ្មុំដែលប្រមូលបានមានការថយចុះ២០% ខណៈដែលមន្ត្រីមួយចំនួនបានបន្ទោសថាបញ្ហានេះបណ្តាលមកពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតមិនបានត្រឹមត្រូវតាមស្តង់ដា។ លោកបានបន្តថាសមាជិកអង្គភាពរបស់លោកបានប្រមូលទិន្នន័យអំពីសត្វឃ្មុំដែលបាត់បង់ ហើយនឹងបញ្ជូនរបាយការណ៍ពិស្តារទៅកាន់រដ្ឋាភិបាលរូស្ស៊ី នៅថ្ងៃទី០១ខែសីហា ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Yulia Melano ដែលជាអ្នកត្រួតពិនិត្យនៅតំបន់ Rosselkhoznadzor បានតទល់នឹងការរិះគន់ដោយអះអាងថាភ្នាក់ងាររបស់លោកស្រីបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតាំងពីឆ្នាំ២០១១មកម្ល៉េះ។
សូមបញ្ជាក់ថា រុស្ស៊ីបានផលិតទឹកឃ្មុំប្រមាណមួយសែនតោនរៀងរាល់ឆ្នាំ។ ជាពិសេសនោះផ្កាឈូករ័ត្ននិងប្រភេទស្រូវសាលីមួយចំនួនដែលជាដំណាំស្បៀងនៅក្នុងប្រទេសមួយនេះត្រូវបាននាំលំអងដោយសត្វឃ្មុំ ខណៈដែលចម្ការដើមឈើហូបផ្លែក៏ពឹងពាក់លើឃ្មុំដែរក្នុងការដើរតួជាលំអងករ។
ទន្ទឹមនិងការព្រួយបារម្ភពីការឡើងថ្លៃរបស់ទឹកឃ្មុំ ការបាត់បង់សត្វភមរជាតិប្រភេទនេះ ក៏ជះឥទ្ធិពលអាក្រក់ទៅលើតម្លៃអាហារផ្សេងៗទៀតផងដែរ។ នាពេលបច្ចុប្បន្ន បញ្ហានេះកំពុងរីករាលដាលទៅដល់តំបន់អាល់តៃក្នុងតំបន់ស៊ីបេរីដែលស្ថិតនៅចម្ងាយប្រមាណ៤០០០គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានីមូស្គូ។
ការធ្លាក់ចុះចំនួនសត្វឃ្មុំបានផ្តល់សញ្ញាព្រមានចំពោះទ្វីបអឺរ៉ុបទាំងមូល ស្របពេលដែលអ្នកជំនាញបានដាក់បន្ទុកការបាត់បង់ទៅលើកត្តារួមផ្សំមួយចំនួនមានដូចជា ប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងការរាតត្បាតប្រភេទចៃដែលជញ្ជក់ឈាមឃ្មុំ៕
ដោយ យ៉ន សុខន
© រក្សាសិទ្ធិដោយ thmeythmey.com