ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«​ស្រា​» ជា​មធ្យោបាយ​ទំនាក់ទំនង​រវាង​មនុស្ស​ទៅ​ទេព​ឬ​អមនុស្ស​
27, Jul 2019 , 3:39 pm        
រូបភាព
រូបភាព៖ លោកសាស្រ្ដាចារ្យ អាំង ជូលាន
រូបភាព៖ លោកសាស្រ្ដាចារ្យ អាំង ជូលាន
​សៀមរាប​៖ បើ​និយាយ​ពី​ស្រា​មួយ​ម៉ាត់ ហាក់ដូចជា​សាមញ្ញ​សម្រាប់​សង្គម​សព្វថ្ងៃ​។ ស្រា​ជា​គ្រឿង​ស្រវឹង ដែល​ហាក់​មានការ​ពេញនិយម​ក្នុងសង្គម​មនុស្ស​ទូទៅ​។ សម្រាប់​អ្នក​បុរាណវិទ្យា ខ្មែរ​បុរាណ​ក៏​ចូលចិត្ត​ស្រា​នេះដែរ ហើយ​វា​ជា​ភេសជ្ជៈ​មួយ​ដែល​គេ​ប្រើ​ជា​ស្ពាន​ឆ្លង​ពី​មនុស្ស​ទៅ​ទេព​ឬ​អមនុស្ស​។ គេ​ប្រើ​ស្រា​នៅក្នុង​ពិធី​ផ្សេងៗ ដូចជា​បន់ស្រន់​ឬ​សុំឱ្យ​អមនុស្ស​ជួយ​រឿង​អ្វីមួយ​។​

 
​ចង់ដឹងថា គេ​យក​ស្រា​ធ្វើ​ដូចម្ដេច​ដើម្បី​ទំនាក់ទំនង​ទៅ​អមនុស្ស សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​



 
​ស្រា​ជា​គ្រឿង​ភេសជ្ជៈ​មួយ ដែល​គេ​ស្គាល់​ជាទូទៅ និង​មានការ​ពេញនិយម​។ ស្រា​ជា​មធ្យោបាយ​ភ្ជាប់​រវាង​មនុស្ស​ទៅ​ទេ​ពឬ​អមនុស្ស​។ ស្រា​នៅត្រង់​នេះ គឺ​សំដៅលើ​ស្រា​ពី​ដើម ដែល​ដូនតា​ខ្មែរ​ផលិត​តាមរយៈ​ការ​បិតស្រា​ឬ​ជា​ស្រាថ្នាំ​ជាដើម​។ តាម​បទ​បង្ហាញ​របស់​អ្នក​បុរាណវិទ្យា​ឬ​អ្នកស្រាវជ្រាវ មនុស្ស​ចាស់​និង​ក្មេង​ពី​ដើម (​បច្ចុប្បន្ន​នៅមាន​តិច​) ទទួលទាន​ស្រា​នេះ​ជា​ភេសជ្ជៈ​សាមញ្ញ​ក្នុង​ពិធី​កិច្ច​អ្វីមួយ ដើម្បី​ភ្ជាប់​ខ្លួន​ទៅនឹង​ទេព​។ 
 
​បាឋកថា​ស្ដីពី ស្រា ត្រូវបាន​រៀបចំឡើង​កាលពី​ពាក់កណ្ដាល​ខែកក្កដា នៅ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន ជានរ​វិទូ​។ លោក អាំង ជូ​លាន ពន្យល់ថា ស្រា​គឺជា​វិធី​ឬ​មធ្យោបាយ​ធ្វើឱ្យ​មនុស្ស​ទាក់ទង​ទេព​បាន​។ ទេព​កន្លែង​នេះ គឺ​មិន​សំដៅ​តែ​លើ​ព្រះ​ខាង​ព្រះពុទ្ធសាសនា​ឬ​ព្រហ្ម​ម​ញ្ញ​សាសនា​ឡើយ គឺ​អ្វី​មិនមែនជា​មនុស្ស អាចជា​ព្រះ ខ្មោច​តាម​ព្រៃ​។​ល​។​
 
 
​លោក អាំង ជូ​លាន បាន​លើក​ជា​ឧទាហរណ៍​ក្នុង​សាសនាព្រះពុទ្ធ​មក​ពន្យល់ ហើយ​អ្នកខ្លះ​មិនដែល​ចាប់អារម្មណ៍​ថា​វា​ជាការ​រៀបចំ​ដូច​ទៅនឹង​ការ​ជំនឿ​យក​ស្រា​សម្រាប់​កិច្ច​ផ្សេងៗ​។ សាសនាព្រះពុទ្ធ​គឺ​យក​ទាន និង​ធូប សម្រាប់​រៀបចំ​មុន​ពិធី​កិច្ច​ចាប់ផ្តើម​ផ្សេងៗ​។​
 
​តាម​ការពន្យល់​របស់​សាស្ដ្រាចារ្យ អាំង ជូ​លាន មិនមែន​មានតែ​ជនជាតិខ្មែរ​ទេ​ដែល​យក​ស្រា​ជា​គ្រឿង​ភ្ជាប់​ខ្លួន​ទៅនឹង​ទេ​ពឬ​អមនុស្ស ក្នុងនោះ​អ្នក​កាន់សាសនា​ស៊ិន​តូ​របស់​ជប៉ុន និង​អ្នក​កាន់សាសនា​គ្រិស្ដ ក៏មាន​ជំនឿ​ទៅនឹង​រឿងនេះ​ដែរ​។ លោក អាំង ជូ​លាន បន្ត​៖ «...​សាសនា​គ្រឹ​ស្ដ គេ​យក​ស្រាក្រហម​ប្រដូច​ទៅនឹង​ឈាម​ព្រះ​យេ​សូ​...»​។​
 
​ក្រៅពី​មាន​តួនាទី​ភ្ជាប់​មនុស្ស​ទៅ​ទេព​ហើយ​នោះ ស្រា​ក្នុង​បរិបទ​នេះ​ក៏​ជា​ទេព​ខ្លួនឯង​ដែរ ឬក៏​គេ​ហៅថា​ជា Spirit ឬ​ព្រលឹង ភ្ជាប់​មនុស្ស​ទៅ​ទេព​ក្នុង​បំណង​អ្វីមួយ ដូចជា​ការសុំ​ទឹកភ្លៀង សុំ​សេចក្ដីសុខ​អ្វីមួយ​។ លោក អាំង ជូ​លាន ពន្យល់ថា ស្រា​មិនមែន​ផឹក​យកតែ​ឆ្ងាញ់​នោះទេ តែ​វា​មាន​តួនាទី​អ្វីមួយ​ច្បាស់លាស់​។ 
 
 
​ពេល​កំពុងនិយាយ​ពី​ស្រា​នេះ ក៏មាន​សំណួរ​ចោទឡើង​ពី​មូលហេតុ​ថា​តើ​ហេតុដូចម្ដេច​បាន​គេ​យក​ស្រា​ជា​យាន​ភ្ជាប់​មនុស្ស​ទៅ​ទេព​បែបនេះ​។ លោក អាំង ជូ​លាន បាន​លើកយក​ឧទាហរណ៍​តូច​មួយ​មក​ពន្យល់ ដោយ​ថា ការទទួល​ទាន​ស្រា​មិន​ដូច​ការ​ទទួលទាន​ទឹកតែ ឬ​កាហ្វេ​ទេ គឺ​ស្រា​អាច​កែប្រែ​ចារឹក​មនុស្ស​បាន​រាល់ពេល​វា​ចូលក្នុង​ខ្លួន​មនុស្ស​។ លោក​បន្ថែម​៖« ស្រា​ផឹក​បន្ដិច​យើង​ដូរ​បន្ដិច ដាក់​ច្រើន​ដូរ​ច្រើន ដូច្នេះ​វា​មិនមែន​ភេសជ្ជៈ​អ​ព្យា​ក្រឹត្យ​ទេ វា​ធ្វើឱ្យ​យើង​ដូរ បើ​មិនមែនជា​យើង ទៅជា​ស្អី​ផ្សេង ខ្ញុំ​យល់​ដើមកំណើត​អ៊ីចឹង​។ ខ្ញុំ​ឆ្លើយ​តាម​យោបល់​ខ្លួនឯង សង្កេតឃើញ​ពេល​ស្រា​ចូល​ខ្លួនឯង យើង​មិនមែន​យើង ពេលធ្វើ​កិច្ច​យើង​មិន​ធ្វើ​អ៊ីចឹង ជួប​ទេព​ធ្វើ​ម៉េច​ឱ្យ​ទេព​មក​ជិត​ខ្ញុំ​បាន​...»​។​
 
​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​បារាំង ដែល​បាន​ចូល​ស្ដាប់​បាឋកថា​អំពី​ស្រា​នៅពេល​នោះដែរ លោក ណុប សំខាន់ យល់ថា ស្រា​មាន​ទំនាក់ទំនង​ទៅនឹង​វប្បធម៌​ប្រពៃណី​ក្នុងសង្គម​ខ្មែរ ដូច្នេះ​វា​ជា​កេរ​មរតក​មួយ ដែល​កូន​ខ្មែរ​មួយចំនួន​មិនដែល​បានដឹង​។ ក្រោយពី​ស្ដាប់​បាឋកថា​រួច លោក ណុប សំខាន់ យល់ថា​នេះ​ជា​ចំណេះដឹង​ថ្មី​សម្រាប់​លោក​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​។​
 
 
​លោក អ៊ា ដា​រិ​ទ្ធ មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ទទួល​ចំណេះដឹង​ថ្មី​ពី​បាឋកថា​នៅពេល​នោះដែរ​។ «​ធម្មតា​យើង​ដឹងថា ស្រា​ជា​គ្រឿង​សម្រាប់​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​របស់​មនុស្ស​ទេ តែ​ថ្ងៃនេះ​បានបញ្ជាក់​ថា​ស្រា​ក្រៅពី​ទំនាក់ទំនង​ជីវភាព​ប្រចាំថ្ងៃ វា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ទៀត វា​មាន​ទំនាក់ទំនង​សម្រាប់​ភ្ជាប់​រវាង​មនុស្ស​ទៅនឹង​ទេព ស្រា​ទាក់ទង​នឹង​ពិធី​ផ្សេងៗ​ទៀត ដូចជា​ស្រា​ទាក់ទង​ពិធី​ឆ្លង​វ័យ ព្យាបាល​មនុស្ស គឺ​ព្យាបាល​បណ្ដើរ​ទទួលទាន​ស្រា​បណ្ដើរ​»​។ នេះ​បើ​ការលើកឡើង​របស់លោក អ៊ា ដា​រិ​ទ្ធ​។​
 
​ជា​អ្នក​បុរាណ​វិទូ​មួយរូប កន្លងមក​លោក អ៊ា ដា​រិ​ទ្ធ ក៏​ធ្លាប់​បានដឹង​ប្រវត្តិ​ខ្លះៗ​ពី​ការប្រើប្រាស់​ស្រា​នា​សម័យបុរាណ​ផងដែរ​។ តួយ៉ាង តាមរយៈ​ចម្លាក់​នៅ​ប្រាសាទបាយ័ន​បង្ហាញថា មនុស្ស​សម័យ​នោះ​ទទួលទាន​ស្រា​ច្រើន ហើយ​ជា​ប្រភេទ​ស្រា​ពាង និង​មាន​ទុយោ​បឺត​ផង​៕
 
 

 

Tag:
 ស្រា​
  អាំង ជូ​លាន​
  អាជ្ញាធរ​ជាតិ​អប្សរា​
 ​មរតក​រូបី​និង​អរូបី​
© រក្សាសិទ្ធិដោយ thmeythmey.com