ជាតិ
សង្គមជាតិ
មន្ត្រី​បរិស្ថាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​និង​អាជីវករ​ធ្វើ​សកម្មភាព​សម្អាត​បរិស្ថាន​
28, Jul 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ ការចូលរួម​បង្កើត​កម្មវិធី​ឬ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅតាម​សហគមន៍​ឬ​តំបន់​ដែល​ខ្លួន​រស់នៅ ជា​រូបភាព​ដ៏​ល្អ​មួយ ដែល​មន្ត្រី​នៃ​ក្រសួងបរិស្ថាន​លើកសរសើរ​និង​លើកទឹកចិត្ត​ឱ្យធ្វើ​បន្តទៀត​។ នេះ​ជា​ស្មារតី​ចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​បំណង​ដើម្បីឱ្យ​បរិស្ថាន​ក្នុងសង្គម​មាន​សោ​ភណ្ឌ​ភាព​។​

​លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ក្នុង​ខេត្តសៀមរាប នា​ថ្ងៃទី​២៧ កក្កដា លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« ក្នុងនាម​ក្រសួង ខ្ញុំ​សុំ​ថ្លែង​ការកោតសរសើរ​ចំពោះ​សង្កាត់​សាលា​កំរើក​ដែល​បានធ្វើ​សកម្មភាព​ដែល​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ភោជនីយដ្ឋាន អ្នករស់នៅ​ក្នុង​សង្កាត់​ទាំងអស់ បានធ្វើ​សកម្មភាព​ប្រមូល​នូវ​សំរាម សម្អាត​នៅក្នុង​សង្កាត់​របស់ខ្លួន​ដោយ​មិនចាំបាច់​មាន​នរណា​ប្រាប់ គឺ​យើងទាំងអស់គ្នា​ជា​អ្នក​ដែល​ទទួលខុសត្រូវ​នៅក្នុង​ការសម្អាត​អនាម័យ​បរិស្ថាន​ជុំវិញខ្លួន​យើង ហើយ​ពេល​បរិស្ថាន​ស្អាត គឺ​មិនមែន​មកពី​ខាង​ណា​ទេ គឺ​ផ្តើម​ពី​ខ្លួន​យើងទាំងអស់គ្នា​នេះឯង​»​។​
 
​ការលើកឡើង​របស់លោក នេត្រ ភក្ដ្រា គឺជា​ការឆ្លើយតប​ទៅនឹង​ក្រុម​អ្នករកស៊ី និង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សាលា​កំរើក កាលពី​ថ្ងៃទី​២០ កក្កដា​កន្លងទៅ បានធ្វើ​យុទ្ធនាការ​សម្អាត​បរិស្ថាន​ដ៏​ធំ​មួយ​ដែលមាន​អ្នកចូលរួម​ប្រមាណ ៧៥០​នាក់ បំណង​ដើម្បីឱ្យ​សង្កាត់​ខ្លួន​មាន​ភាព​ស្អាត​និង​បៃតង និង​ដើម្បី​បង្កើតជា​អត្ដ​សញ្ញាណ​ថ្មី​មួយ​ដល់​សង្កាត់​សាលា​កំរើក ឱ្យ​ក្លាយជា​សង្កាត់​ដែល​គ្មាន​សំរាម​ប្លា​ស្ទិ​ក​ទៅ​ថ្ងៃ​អនាគត​។ យុទ្ធនាការ​នេះ​មានការ​ចូលរួម​ពី​ជនជាតិ​បរទេស និង​ខ្មែរ​ដែលមាន​ទាំង​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ ភោជនីយដ្ឋាន សាលារៀន និង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​៕
 
 
 
 
 
 

Tag:
 សំរាម​
  ប្លា​ស្ទិ​ក​
  នេត្រ ភក្ដ្រា​
  សង្កាត់​សាលា​កំរើក​
© រក្សាសិទ្ធិដោយ thmeythmey.com