ភ្នំពេញ៖ លោក អេង សុវណ្ណតារា ជានិស្សិតខ្មែរម្នាក់ ដែលគ្រោងទៅបន្តកាសិក្សាជំនាញស្ថាបត្យកម្ម នៅទីក្រុងបារីស ប្រទេសបារាំង នៅខែសីហាខាងមុខ។ ផ្តើមរៀនភាសាបារាំង តាំងពីអាយុ៩ឆ្នាំមក សុវណ្ណតារា អាចនិយាយ ស្តាប់ និងសរសេរភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ ។ ក្រៅពីចេះស្ទាត់ភាសាបារាំង យុវជនវ័យ១៩ឆ្នាំរូបនេះ ក៏មានទេពកោសល្យផ្នែកសិល្បៈមួយចំនួនផងដែរ ដែលជំនាញទាំងនេះផ្សំគ្នា ធ្វើឲ្យរូបគេទទួលបានការស្រឡាញ់ ពេញចិត្តពីអតីតប្រធានអង្គការតារាម៉ាណា (Taramana) ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ។ អតីតប្រធានអង្គការនេះបានឧបត្ថម្ភឲ្យ សុវណ្ណតារា ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល២ឆ្នាំ នៅសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅក្រុងបារីស ប្រទេសបារាំង។
ជាបន្តសូមអញ្ជើញស្តាប់ជីវព័ត៌មាន ដែលរៀបចំដោយ លោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗដូចតទៅ៖
រស់នៅលើផ្លូវរថភ្លើងចាស់ក្នុងខណ្ឌឬស្សីកែវ អេង សុវណ្ណតារា ដែលមានឪពុកម្តាយជាអ្នកលក់ដូរបន្តិចបន្តួច មានវាសនាបានចូលរៀនភាសាបារាំង តាំងពីអាយុ៩ឆ្នាំ នៅអង្គការTaramana។ អង្គការនេះ ផ្តល់ការបង្រៀនភាសាបារាំង ភាសាអង់គ្លេស ល្ខោននិយាយជាភាសាបារាំង រាំ យូហ្គា សកម្មភាពកីឡា និងសិល្បៈមួយចំនួនទៀត ដល់ក្មេងៗដែលរស់នៅសហគមន៍ឬស្សីកែវ។
ជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ លោក អេង សុវណ្ណតារា បានរៀបរាប់យ៉ាងដូច្នេះ៖ «ភា សាបារាំង ខ្ញុំបានរៀនតាំងពីអាយុ៩ឆ្នាំ ហើយមកបច្ចុប្បន្ន ខ្ញុំចេះភាសាបារាំង គេហៅថា កម្រិត ឌែល បេ ឌឺ ជាកម្រិតគេទទួលស្គាល់នៅអឺរ៉ុប។ កម្រិតនេះ អាចនិយាយ ស្តាប់ សរសេរបានគ្រប់យ៉ាង។ កម្រិតនេះភាគច្រើន ជាកម្រិតរបស់គ្រូភាសាបារាំងនៅស្រុកខ្មែរ»។
សព្វថ្ងៃ យុវជនវ័យ១៩ឆ្នាំរូបនេះ ជានិស្សិតស្ថាបត្យកម្មឆ្នាំទី២ នៅសាកលវិទ្យាល័យឯកជនមួយនៅភ្នំពេញ និងជាគ្រូភាសាបារាំងម្តងម្កាលជំនួសគ្រូជនជាតិបារាំងនៅអង្គការតារាម៉ាណា ។
ស្របពេលដែលកំពុងសិក្សាជំនាញស្ថាបត្យកម្មនៅកម្ពុជា និងចេះភាសាបារាំងច្បាស់លាស់នោះ លោក អេង សុវណ្ណតារា ដែលមានទំនាក់ទំនងល្អ ជាមួយអង្គការTaramana ស្រាប់នោះ លោកក៏ត្រូវបានអតីតប្រធានអង្គការសប្បុរសធម៌មួយនេះ ជួយជ្រោមជ្រែងដោយផ្តល់កន្លែងស្នាក់នៅ និងថវិកា ឲ្យរូបគេមានឱកាសទៅរៀនថ្នាក់បរិញ្ញាបត្រជំនាញស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ École Nationale Supérieure d’Architecture de Paris-Malaquais ជាសាកលវិទ្យាល័យឯកជនល្បីឈ្មោះមួយ នៅទីក្រុងបារីស ប្រទេសបារាំង។
បើតាម លោក អេង សុវណ្ណតារា ទោះបីត្រូវបង់លុយរៀនពិតមែន ប៉ុន្តែសាកលវិទ្យាល័យនៅបារាំង មានលក្ខខណ្ឌជាច្រើនដែលមិនងាយស្រួលចូលរៀននោះឡើយ។ លោកបានដាក់ពាក្យ ដោយភ្ជាប់នូវប្រវត្តិសិក្សា និងអំណះអំណាងជាច្រើន ទៅកាន់សាកលវិទ្យាល័យចំនួនពីរនៅប្រទេសបារាំង។ លោកបានធ្លាក់សាកលវិទ្យាល័យមួយ តែជាប់នៅសាកលវិទ្យាល័យ École Nationale Supérieure d’Architecture de Paris-Malaquaisនេះ។
លោក អេង សុវណ្ណតារា បានពន្យល់ពីការដាក់ពាក្យយ៉ាងដូច្នេះថា៖ «លក្ខខណ្ឌរបស់គេ គ្រាន់តែយកឯកសាររបស់យើងដាក់ឲ្យគេ រួមមានសញ្ញាបត្របញ្ជាក់ពីកម្រិតភាសាបារាំង ពិន្ទុដែលយើងរៀនបរិញ្ញាបត្រនៅស្រុកខ្មែរ ការងារដែលយើងធ្វើនៅសាលា និទ្ទេសរៀនថ្នាក់ទី១២ ពិន្ទុកាលរៀនថ្នាក់ទី១១ និងថ្នាក់ទី១២។ សរសេរជា Motivation Letter Recommend Letter ពីគ្រូនៅសាលា និងអ្នកស្គាល់ខ្ញុំ។ និយាយរួម យើងធ្វើដូចជាដាក់ពាក្យទៅរៀននៅសាលាណាមួយ»។
បើតាម សុវណ្ណតារា ការសិក្សាភាសាបារាំងមានលំបាកជាងភារៀនសាអង់គ្លេស ប៉ុន្តែអ្នកចេះភាសាបារាំង មានឱកាសច្រើនក្នុងការទទួលបានអាហារូបករណ៍១០០ភាគរយ ឬបង់លុយទៅរៀននៅប្រទេសបារាំង ឬក៏ងាយស្រួលក្នុងការស្រាវជ្រាវឯកសារជាភាសាបារាំង ជាពិសេសនៅក្នុងមុខជំនាញស្ថាបត្យកម្ម។
អង្គុយមុខកុំព្យូទ័រ ក្នុងហាងកាហ្វេតូចមួយក្នុងខណ្ឌឬស្សីកែវ សុវណ្ណតារា បន្តសរសើរពីសក្តានុពលភាសាបារាំងទៀតថា៖ «មនុស្សភាគច្រើន ឥឡូវនេះមិនបានចាប់អារម្មណ៍ថាភាសាបារាំង ជាភាសាសំខាន់នោះទេ ប៉ុន្តែពេលយើងប្រឡូកក្នុងសង្គម ភាសាបារាំងមានការគាំទ្រច្រើន ព្រោះនៅក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យច្រើនទៀត ជំនាញភាសាបារាំងត្រូវការច្រើនមែនទែន។ បារាំងបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរច្រើនណាស់។ មួយវិញទៀត ឥឡូវនេះ ប្រព័ន្ធបច្ចេកវិទ្យាទូលំទូលាយ បើយើងចេះអង់គ្លេស យើងអាចស្រាវជ្រាវបានច្រើនដែរ។ តែបើចេះភាសាបារាំង គឺល្អខ្លាំងមែនទែន។ បើសិនយើងចេះភាសាបារាំង យើងងាយស្រួលក្នុង Research ព្រោះឯកសារបារាំងមួយចំនួន មិនបានបកប្រែភាសាអង់គ្លេសនោះទេ។ ដូច្នេះ បើយើងចេះ យើងអាចទៅស្រាវជ្រាវ ដូចជានៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា (IFC) មានសៀវភៅភាសាបារាំងល្អៗច្រើនមែនទែន»។
ក្រៅពីចេះភាសាបារាំងច្បាស់លាស់ លោក អេង សុវណ្ណតារា ក៏ត្រូវបានគេស្គាល់ថា ជាយុវជនដែលមានសមត្ថភាពច្រើន។ លោកចេះលេងឧបករណ៍ភ្លេងយ៉ាងស្ទាត់ជំនាញ ដូចជាខ្លុ យ ទ្រ ហ្គីតា ថែមទាំងបានច្នៃបង្កើតភ្លេងប្រើមាត់ ដែលគេហៅជាភាសាអង់គ្លេសថា Beatbox ទៀតផង។ ទេពកោសល្យ និងសម្បូរគំនិតច្នៃប្រឌិតទាំងអម្បាលម៉ាននេះហើយ ទើបអតីតប្រធានអង្គការតារាម៉ាណា សម្រេចបញ្ជូនលោកទៅរៀនផ្នែកស្ថាបត្យកម្ម នៅប្រទេសបារាំង។
សម្បុរស ចិញ្ចើមក្រាស់ និងរូបរាងក្រអាញ លោក សុវណ្ណតារា បានពន្យល់ពីទំនាក់ទំនងរវាងសិល្បៈ និងវិស័យស្ថាបត្យកម្មបែបនេះ៖«ស្ថាបត្យករស្រុកខ្មែរ មានច្រើន តើហេតុអ្វីបានជាអ្នកខ្លះ គេបង្កើតមកចេញជារូបរាងអគារ ដែលធ្វើឲ្យគេចាប់អារម្មណ៍? ហើយមួយទៀត បង្កើតរូបរាងអគារមួយមក វាសាមញ្ញធម្មតា។ អ៊ីចឹង អ្នកសិល្បៈដែលខ្លាំងបំផុត គឺទាមទារចំណាប់អារម្មណ៍។ គេពូកែអាហ្នឹង។ មួយទៀត អ្នកសិល្បៈ គេពូកែដាក់អារម្មណ៍។ ខ្ញុំមានដុងអាហ្នឹង។ ខ្ញុំគ្រាន់តែ Update សិល្បៈ ចូលក្នុងវិស័យស្ថាបត្យកម្ម»។
និយាយបណ្តើរ ភ្នែកក្រឡេកមើលប្លង់ នៅក្នុងកុំព្យូទ័របណ្តើរ សុវណ្ណតារា ថា នៅកម្ពុជាបច្ចុប្បន្ន មានសំណង់អគាររីកដុះដាលខ្លាំង ដែលត្រូវការធនធានស្ថាបត្យករជាច្រើន ដើម្បីរចនាប្លង់អគារ និងផ្ទះសម្បែង ឲ្យមានរបៀបរៀបរយ មានសោភ័ណភាព និងស្រស់ស្អាត។
មិនខុសពីនិស្សិតខ្មែរដទៃទៀតនោះទេ សុវណ្ណតារា ចង់ទៅរៀននៅប្រទេសបារាំង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការសិក្សានៅបរទេស ព្រមទាំងចង់ពង្រឹងសមត្ថភាពផ្នែកស្ថាបត្យកម្ម ហើយយកចំណេះដឹងទាំងនេះ មកចូលរួមអភិវឌ្ឍន៍វិស័យស្ថាបត្យកម្មនៅមាតុភូមិវិញ។
មុនឡើងយន្តហោះទៅសិក្សានៅបស្ចឹមប្រទេស លោក អេង សុវណ្ណតារា បានផ្តាំផ្ញើអ្នកដែលចង់ទៅរៀននៅបារាំង គួរគប្បីខិតខំរៀនភាសាបារាំងពីតូចមក មិនមែនរង់ចាំរៀននៅពេលចូលសាកលវិទ្យាល័យនោះទេ។ លោកបន្តថា បើសិនយើងចេះភាសាបារាំងច្បាស់លាស់ នៅមុនប្រឡងបាក់ឌុប ពេលប្រឡងរួច យើងមានឱកាសច្រើនដាក់អាហារូបករណ៍ ទៅរៀននៅប្រទេសបារាំង ឬក៏ងាយស្រួលរកការងារធ្វើ ជាមួយក្រុមហ៊ុនបារាំងនៅកម្ពុជាផងដែរ៕