អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ព្រម​ផ្តល់​សេវា​គាំទ្រ​បច្ចេកទេស​ដល់​យន្តហោះ​ចម្បាំង F-16 ប៉ា​គី​ស្ថាន និង​លក់​គ្រឿងបន្លាស់​យន្តហោះ​យោធា​ឲ្យ​ឥណ្ឌា
27, Jul 2019 , 10:30 pm        
រូបភាព
 
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានសម្រេច​អនុម័ត​លក់​គ្រឿងបន្លាស់​និង​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​សម្រាប់​យន្តហោះ​យោធា F-16 របស់​ប៉ា​គី​ស្ថាន និង​យន្តហោះ​ដឹកជញ្ជូន C-17 របស់​ឥណ្ឌា​។​

​យន្តហោះ​ចម្បាំង F-16 របស់​ប៉ា​គី​ស្ថាន និង​យន្តហោះ​ដឹកជញ្ជូន​យោធា C-17 របស់​ឥណ្ឌា​នឹង​ទទួល​បានការ​សេវា​គាំទ្រ​បច្ចេកទេស និង​ភស្តុភារ​ពី​សំណាក់​រដ្ឋបាល​អាមេរិក បន្ទាប់ពី​ក្រសួងការបរទេស​អាមេរិក​សម្រេច​អនុម័ត​គម្រោង​មានតម្លៃ ៨០០ លាន​ដុល្លារ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​ទី ២៦​ខែកក្កដា​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អាមេរិក​សម្រេច​យល់ព្រម​ផ្តល់​សេវា​គាំទ្រ​បច្ចេកទេស និង​ភស្តុភារ​ដល់​យន្តហោះ F-16 ដែល​ប៉ា​គី​ស្ថាន​បាន​ទិញ​ពី​អាមេរិក​។ ការសម្រេច​នេះ ធ្វើឡើង​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ទស្សនកិច្ច​របស់​នាយរ​ដ្ឋ​មន្ត្រី​ប៉ា​គី​ស្ថាន​លោក Imran Khan នៅ​អាមេរិក និង​ជួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​ដែរ​។​
 
«​ការអនុម័ត​ផ្តល់​សេវា​បច្ចេកទេស​និង​ភស្តុភារ​ទាំងនេះ​នឹង​គាំទ្រ​គោលនយោបាយ​ការបរទេស​អាមេរិក និង​ធានា​សន្តិសុខ​ជាតិ ដោយ​ការពារ​បច្ចេកវិទ្យា​អាមេរិក​តាមរយៈ​ការបន្ត​រក្សា​វត្តមានរ​បស់​អ្នកបច្ចេកទេស​អាមេរិក​នៅ​គាំទ្រ​ច្ចេកទេស​ក្នុងការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 របស់​ប៉ា​គី​ស្ថាន​»​។ ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់​ដូច្នេះ​។ 
 
​ចំណែក​ក្រសួងការបរទេស​អាមេរិក​ក៏​សម្រេច​អនុម័ត​លក់​គ្រឿងបន្លាស់ និង​ផ្តល់​សេវា​ហ្វឹកហ្វឺន​ផ្សេងទៀត​ដើម្បី​គាំទ្រ​កងទ័ព​ឥណ្ឌា​ក្នុងការ​ប្រើប្រាស់​យន្តហោះ​ដឹកជញ្ជូន​យោធា C-17​។ គម្រោង​នេះ​មានតម្លៃ​សរុប​ប្រមាណ ៦៧០ លាន​ដុល្លារ​ឯណោះ​។ 
«​ឥណ្ឌា​ត្រូវការ​ការគាំទ្រ​បច្ចេកទេស​បន្តទៀត​ដើម្បី​ធានា​ការត្រៀមខ្លួន​ប្រតិបត្តិការ និង​សមត្ថភាព​នានា​ក្នុង​ការផ្តល់​ការគាំទ្រ​ប្រតិបត្តិការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌ និង​សម្រួល​ដល់​ការដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ​នៅក្នុង​តំបន់​»​។ ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់​ដូច្នេះ​។ 
 
​ការផ្តល់​ការគាំទ្រ​ពី​សំណាក់​អាមេរិក​នេះ​កំពុង​បង្កើត​ក្តីបារម្ភ​ផងដែរ ដ្បិត​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ជាស​ត្រូវ​ស៊ីសាច់ហុតឈាម​គ្នា​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ រដ្ឋបាល​លោក ត្រាំ បានបញ្ជាក់​រួចហើយ​ថា ការផ្តល់សេវា​គាំទ្រ​បច្ចេកទេស និង​លក់​សម្ភារៈ​យោធា​ដល់​រដ្ឋ​អាស៊ី​ខាងត្បូង​ទាំងពីរ​មិន​ប៉ះពាល់​ដល់​តុល្យភាព​យោធា​នៅក្នុង​តំបន់​ឡើយ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com