ជាតិ
សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ក្រុមហ៊ុន «​ឥណទាន​ភ្នំពេញ​» ដែល​គ្មាន​អាជ្ញាប័ណ្ណ​
27, Jul 2019 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គនាយករង​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា លោក គិត សុវណ្ណារិទ្ធ បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​លើ ក្រុមហ៊ុន​ផ្តល់​កម្ចី​មួយ​ដែលមាន​ឈ្មោះ «​ឥណទាន​ភ្នំពេញ​» ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ច្បាប់​អនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ទេ​។

 
​លោក គិត សុវណ្ណារិទ្ធ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នា​ព្រឹក​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ថា ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ចាញ់បោក​ពី​ការ​ខ្ចីលុយ ពី​ក្រុមហ៊ុន​មួយ​នេះ ព្រោះ​ធនាគារជាតិ​នៃ​កម្ពុជា​មិនបាន​ផ្ដល់​អាជ្ញាប័ណ្ណ និង​ច្បាប់​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​«​ឥណទាន​ភ្នំពេញ​»​នោះទេ​។ មិន​ត្រឹមតែ​គ្មាន​ច្បាប់​អនុញ្ញាត​ហើយ ក្រុមហ៊ុន​ឥណទាន​មួយ​នេះ ហ៊ាន​យក​រូប​ថ្នាក់ដឹកនាំ​នៃ​ធនាគារជាតិ​ទៅប្រើ​ប្រាស់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដើម្បី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ទៀតផង​។ នេះ​បើតាម​លោក សុវណ្ណារិទ្ធ​។ 
 
​លោក​បាន​និយាយថា​៖«​ធនាគារជាតិ​នៃ​កម្ពុជា មិនបាន​គាំទ្រ ឬ​ផ្ដល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន ឥណទាន​ភ្នំពេញ នេះឡើយ និង​ស្នើ​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ក្រុមហ៊ុន​នេះ​។ សូម​ស្នើ​ដល់​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន «​ឥណទាន​ភ្នំពេញ​» ដែល​ក្រុមហ៊ុន​នេះ បាន​ប្រកប​អាជីវកម្ម​ផ្ដល់​ឥណទាន ឬ​ប្រាក់កម្ចី​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​គ្មាន​អាជ្ញាប័ណ្ណ ឬ​ច្បាប់​អនុញ្ញាតិ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នោះឡើយ​»​។ 
 
​អគ្គនាយករង​រូបនេះ​បន្តថា ក្រុមហ៊ុន «​ឥណទាន​ភ្នំពេញ​» មិនមែនជា​គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ​នោះទេ ជា​ក្រុមហ៊ុន​ផ្តល់​កម្ចី​តាម​ប្រព័ន្ធ​អន​ឡាញ​។ លោក​បន្ថែមថា ធនាគារជាតិ​នឹងធ្វើ​កា​រសើប​អង្កេត​បន្ថែមទៀត នឹង​ចាត់ការ​ទៅតាម​ច្បាប់​ស្ដីពី​គ្រិះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែលមាន​ចែង​ជា​ធរមាន​៕  


© រក្សាសិទ្ធិដោយ thmeythmey.com