ជាតិ
សង្គមជាតិ
លោក ហ៊ូ ក្រើន​៖ កូនបៅ​ទឹកដោះគោ បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ កើនឡើង​៥​ដង​
28, Jul 2019 , 10:00 am        
រូបភាព
លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller ប្រចាំកម្ពុជា( ប្រភពរូប ពីAKP)
លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller ប្រចាំកម្ពុជា( ប្រភពរូប ពីAKP)
​ភ្នំពេញ​៖ ការ​បំបៅកូន​ដោយ​ទឹកដោះគោ បង្ក​ហានិភ័យ​ដល់ជីវិតកើនឡើង​៥​ដង បើ​ធៀប​ទៅនឹង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា​(KAP) ដែល​បាន​ស្រង់​សម្តី​លោក ហ៊ូ ក្រើន អនុប្រធាន​អង្គការ Helen Keller ប្រចាំ​កម្ពុជា នៅក្នុង​វគ្គប​ណ្តុះ​ណ្តា​ល​អ្នកសារព័ត៌មាន ស្តីពី​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ និង​អាហារូបត្ថម្ភ កាល​ព្រឹក​ថ្ងៃទី​២៥ កក្កដា នៅ​សណ្ឋាគារ Sunway​។​

 
​សារព័ត៌មាន​ជាតិ​(KAP) បាន​ស្រង់​សម្តី លោក ហ៊ូ ក្រើន  ថា ហានិភ័យ​រហូតដល់​ជីវិតនេះ ​ព្រោះ​ការ​បំបៅកូន​ដោយ​ទឹកដោះគោ បណ្តាលឱ្យ​កុមារ​ខ្វះ​អាហារូបត្ថម្ភ ខ្វះ​សារធាតុចិញ្ចឹម​ធ្វើឱ្យ​កុមារ​មាន​បញ្ហា​ក្រិស​ក្រិន ខ្សោយសតិ​បញ្ញា រៀន​ត្រួតថ្នាក់ និង​មាន​រា​ង្គ​កាយ​ស្គម​ដែល​អាច​ស្លាប់​បាន​។ ចំណែក​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​មាន​សារធាតុ​ចិញ្ចឹមជីវិតរ​ស់​នៅ និង​ទ្រទ្រង់​រាងកាយ​សម្រាប់​សុខភាព​ជាង​ម្សៅ​ទឹកដោះគោ​។  
 
​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ បាន​ធ្លាក់ចុះ​ពី ៧៣,៥​ភាគរយ នៅ​ឆ្នាំ​២០១០ មក​ត្រឹម ៦៤,៦​ភាគរយ​នៅ​ឆ្នាំ​២០១៤​។ ការចាប់ផ្តើម​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ភ្លាមៗ​ក្នុងអំឡុង​ម៉ោង​ដំបូង​បន្ទាប់ពី​សម្រាល​បាន​ធា្ល​ក់​ចុះ​ពី ៦៥,៣​ភាគរយ មក​ត្រឹម ៦២,៦​ភាគរយ និង​ការបន្ត​បៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​រហូតដល់​អាយុ​១២​ខែ បាន​ធ្លាក់ចុះ​ពី​៨៣​ភាគរយ មក​ត្រឹម ៨០​ភាគរយ​។ ចំណែក​ការ​បំបៅកូន​ដោយ​ដប​ទឹកដោះគោ មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ចាប់ពី​១១,៨​ភាគរយ​នៅ​ឆ្នាំ​២០០៥ រហូតដល់ ២៤,៧​ភាគរយ នៅ​ឆ្នាំ​២០១០ និង​កើនឡើង​បន្ថែម​រហូតដល់ ៣១​ភាគរយ​នៅ​ឆ្នាំ​២០១៤​។ នេះ​បើតាម​លោក ហ៊ូ ក្រើន​។​
 
​លោក​បាន​បញ្ជាក់ថា មូល​ហេតុដែល​ធ្វើឱ្យ​ថយចុះ​នៃ​អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នេះ គឺ​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ការផ្សព្វផ្សាយ​លក់​ផលិតផល​ម្សៅ​ទឹកដោះគោ​ជំនួស​ទឹកដោះ​ម្តាយ​។ ម្យ៉ាងទៀត​បណ្តាលមកពី​កង្វះ​ចំណេះដឹង​អំពី​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ខ្វះខាត​ការគាំទ្រ​ពី​សមាជិកគ្រួសារ មិត្តភក្តិ​ និងសង្គម រួមទាំង​បញ្ហា​ម្តាយទៅធ្វើការងារ​ក្រោយ​សម្រាលកូន​​ជាដើម​៕

Tag:
 ម្តាយ​
  ទឹកដោះគោ​
© រក្សាសិទ្ធិដោយ thmeythmey.com