អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក លី រៀបរាប់​ពី​ធាតុ​ផ្សំ​ដែល​ធ្វើ​ឲ្យ​«​សង្គម និង​ប្រព័ន្ធ​ដឹកនាំ​សិង្ហ​បុរី​ស្អាតស្អំ​»​ ​
28, Jul 2019 , 11:55 am        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង នា​វេទិកា​ចែករំលែក​បទពិសោធន៍​ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅក្នុង​សង្គម បាន​លើកឡើងថា មាន​កត្តា​រួមផ្សំ​ជាច្រើន បាន​ចូលរួមចំណែក​កសាង​សង្គម និង​ប្រព័ន្ធ​ដឹកនាំ​ស្អាតស្អំ​របស់​សិង្ហ​បុរី​។ ក្នុងនោះ រាប់បញ្ចូល​ទាំង​កេរ្តិ៍ដំណែល​នៃ​អាណានិគម ភាពចាស់ទុំ​របស់​ប្រជាជន និង​ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​ប្រទេស​។

 
​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង មាន​ហេតុផល​ជាច្រើន ដែល​សិង្ហ​បុរី បាន​ព្យាយាម​បញ្ចប់​ស្រមោល​នៃ​អាណានិគម​អង់គ្លេស​។ ក៏ប៉ុន្តែ​ជា​រឿង​ដែល​មិនអាច​ប្រកែក​បាន ប្រព័ន្ធ​ការងារ​ស្អាតស្អំ​របស់​សិង្ហ​បុរី​បច្ចុប្បន្ន ក៏​ជា​កេរ្តិ៍តំណែល​មួយ​បន្សល់​ពី​អាណានិគម​អង់គ្លេស​នោះឯង​។ លោក លី អះអាងថា អង់គ្លេស​បាន​បន្សល់ទុក​នូវ​ប្រព័ន្ធ​ការងារ និង​ប្រព័ន្ធគ្រប់គ្រង​អង្គការ​ដ៏​រឹងមាំ​សម្រាប់​សិង្ហ​បុរី ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ដ៏​ស្មោះត្រង់​។
​គួរ​ឲ្យ​កត់សម្គាល់​នោះ បន្ទាប់ពី​អង់គ្លេស​បញ្ចប់​ការត្រួតត្រា ស្ថាបនិក​សិង្ហ​បុរី បាន​ប្តេជ្ញា​រក្សា​ប្រព័ន្ធ​ស្អាតស្អំ​ថែមទៀត​។ លោកនាយក​រដ្ឋមន្ត្រី លី គូសបញ្ជាក់ថា នៅពេលដែល​សិង្ហ​បុរី មាន​ស្វ័យភាព​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៥៩ ដែលជា​ពេល​គណបក្ស​សកម្មភាព​ប្រជាជន​កាន់អំណាច សិង្ហ​បុរី ប្រឈម​នឹង​បញ្ហា​ជាច្រើន រួមមាន​ភាពក្រីក្រ​, សេវា​សុខភាព​សាធារណៈ​អន់ថយ​, កង្វះ​លំនៅដ្ឋាន ខណៈ​ចំនួន​ប្រជាជន​ក៏​ច្រើន​ទៀត​។ តែ​សិង្ហ​បុរី នៅតែ​អាច​ជម្នះ​បាន​។ ចំណុច​នេះ លោក សំដៅ ប្រព័ន្ធ​ស្អាតស្អំ ក៏​ដោយសារតែ​មេដឹកនាំ​សិង្ហ​បុរី មានការ​ប្តេជ្ញាចិត្ត​ពិតប្រាកដ​។​
​កត្តារួម​ផ្សំ​ទី​បី​នោះ​គឺ ឆន្ទៈ​នយោបាយ​រឹងមាំ​។ តាម​ការអះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី លី សិង្ហ​បុរី បាន​បង្កើត​ក្របខណ្ឌ​មួយ​សម្រាប់​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​អនុវត្ត​ច្បាប់ ជាពិសេស​នោះ​លើ​ការពិនិត្យ​លើ​ការងារ​សាធារណៈ​តែម្តង​។ តាមរយៈ​ច្បាប់​ទប់ស្កាត់​អំពើពុករលួយ បុគ្គល​ពាក់ព័ន្ធ​សាធារណៈ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ហើយ​រាល់​ទ្រព្យសម្បត្តិ​ណា ដែលមាន​លក្ខណៈ​មិន​ប្រក្រតី នឹង​អាច​ត្រូវ​ចាត់ទុកជា​របស់​សូកប៉ាន់ និង​អាច​ត្រូវបាន​រាប់​អូស​។ 
 
​តាមរយៈ​ច្បាប់​នេះដែរ សិង្ហ​បុរី បាន​មាន​ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​មួយ​ប្រកបដោយ​ឯករាជ្យ និង​រឹងមាំ​។ ហើយ​ក្នុង​ប្រព័ន្ធ​ការងារ​សិង្ហ​បុរី មន្ត្រី​ស៊ីវិល ឬ​មន្ត្រី​សាធារណៈ ត្រូវបាន​ផ្តល់ជូន​នូវ​ប្រាក់កម្រៃ ឬ​ប្រាក់បៀវត្ស​ដោយ​តម្លាភាព និង​ត្រលប់​បានមក​វិញ​នូវ​សមិទ្ធកម្ម​ការងារ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់ និង​សុចរិត​ភាព​។ កាន់តែ​ពិសេស​នោះ វិស័យ​សាធារណៈ ត្រូវ​ធ្វើជា​គំរូ​សម្រាប់​វិស័យ​ឯកជន​។​
 
​ចំណុច​បន្ទាប់​នោះ​គឺ សង្គម​សិង្ហ​បុរី ជា​សង្គម​ដែលមាន​ការអភិវឌ្ឍ និង​ជ្រួតជ្រាប​នូវ​វប្បធម៌​ដែល​ស្អប់​អំពើពុករលួយ​។ លោកនាយក​រដ្ឋមន្ត្រី លី ហ៊ាន​ធានាថា សម្រាប់​ប្រជាជន​សិង្ហ​បុរី អ្វីដែល​ពួកគេ​ចង់បាន គឺ​ប្រព័ន្ធ​ស្អាតស្អំ ហើយ​មិន​ចូលចិត្ត វប្បធម៌​សង្គម «​ជូនសគុណ​» ដើម្បី​ជា​ថ្នូរ​សម្រាប់​ជួយ​កិច្ចការ​ណាមួយ​។ ផ្ទុយទៅវិញ ប្រជាជន នឹង​រាយការណ៍​នៅពេល​ពួកគេ ជួប​រឿង​ពុករលួយ ដ្បិត​ពួកគេ ជឿជាក់ថា ច្បាប់​នឹងត្រូវ​អនុវត្ត​លើ​គ្រប់គ្នា ហើយ​ពិសេស​នោះ រដ្ឋាភិបាល ក៏​នឹង​អនុវត្ត​ច្បាប់​ដោយ​មិនមាន​ការភ័យខ្លាច ឬ​មាន​ទំនោរ​ទៅកាន់​ខាង​ឡើយ បើទោះបីជា​ការអនុវត្ត​នោះ នឹង​បណ្តាល​ឲ្យ​មានការ​អាប់ឱន​កិត្តិយស​បុគ្គល​ក៏ដោយ​។​
 
​មុន​បញ្ចប់​ការអត្ថាធិប្បាយ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ចុងក្រោយ​ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​ដឹកនាំ​មួយ​ស្អាតស្អំ ការចាប់ផ្តើម​ដំបូងបង្អស់​គឺ​ចេញពី​មេដឹកនាំ​កំពូល​។ ពួកគេ​នេះហើយ​ត្រូវ​ធ្វើជា​គំរូ​ដ៏​សំខាន់​សម្រាប់​មន្ត្រីក្រោមឱវាទ​នានា​៕ 
 

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  ពុករលួយ​
  ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com