ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេ​ACU៖ មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​៣​រូប ជាប់​ពាក់ព័ន្ធ​ករណី​ទារលុយ​១០​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់​
28, Jul 2019 , 12:25 pm        
រូបភាព
​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​៣​រូប ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ទារលុយ​១០​ម៉ឺន​ដុល្លារ ជា​ថ្នូរ​ចេញ​លិខិត​កាន់កាប់​ដីធ្លី និង​ចេញ​ច្បាប់​សាងសង់​។ ការឃាត់ខ្លួន​មន្ត្រី​ទាំង​៣​នាក់ កាលពី​ថ្ងៃទី​២៧ កក្កដា ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឱម យ៉ិនទៀង បាន​និយាយថា ក្រៅពី​បទល្មើស​ពុករលួយ​លើទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ​នោះ មន្ត្រី​ទាំង​៣​នាក់​នេះ ក៏​នៅជាប់​សង្ស័យ​ករណី​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​លោក ឱម យ៉ិនទៀង មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​បានទេ ដោយសារ​ត្រូវការ​ពេល​សាកសួរ និង​ស៊ើបអង្កេត​រក​ភស្តុតាង​បន្ថែម​លើ​មន្ត្រី​ទាំង​៣​រូបនេះ​។​
សូមស្តាប់សំឡេងលោក  ឱម យ៉ិនទៀង




«​បទល្មើស​ជាក់ស្ដែង គឺ​ការពាក់ព័ន្ធ​នឹង​បញ្ហា​យកប្រាក់​គេ នៅក្នុង​ការធ្វើ​សំបុត្រស្នាម​ដីធ្លី និង​ចេញ​ច្បាប់​សំណង់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​បន្ថែមថា អង្គភាព​លោក មិនទាន់​ដាក់​បទ​ចោទ​អ្វី​លើ​អ្នក​ទាំង​៣​នាក់​នោះឡើយ ។​
 
​មន្ត្រី​សុរិយោដី​ទាំង​៣​រូបនោះ រួមមាន​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍​, លោក ជាង វុទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ និង​លោក តែ ប៊ុន​ថេ​ង មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក​។ អ្នក​ទាំង​៣​រូបនេះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​នៅក្នុង​ភោជនីយដ្ឋាន​មហាលាប ក្រុង​ពោធិ៍សាត់ ដែលជា​ទីកន្លែង​ដែល​ពួកគេ​និង​ម្ចាស់​ដី​ជួបគ្នា ដើម្បី​ប្រគល់​លុយ​៕

Tag:
 ឱម យ៉ិនទៀង​
  ACU
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com