ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះ​ជីវិត​លំបាក​យ៉ាងណា តែ​ហត្ថា​នៅតែ​ជម្នះ រហូត​ក្លាយជា​អ្នកនិពន្ធ​សៀវភៅ​ទស្សនវិជ្ជា​លេចធ្លោ​ម្នាក់
28, Jul 2019 , 1:24 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្នុង​វ័យ​២៧​ឆ្នាំ កញ្ញា សែត ហត្ថា បាន​និពន្ធ​សៀវភៅ​បាន​ចំនួន​៣​ក្បាល ដែល​កំពុងមាន​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​អ្នកអាន ខណៈដែល​រូបនាង​មិនមាន​សញ្ញាបត្រ​ការសិក្សា​ខ្ពស់​នោះទេ​។ ជា​កូន​កសិករ​នៅ​ខេត្តពោធិ៍សាត់ ហត្ថា ដែល​ឆ្លងកាត់​ការលំបាក​ជាច្រើន បាន​ដុះ​គំនិត​បែប​ទស្សនវិជ្ជា ដែល​តែងតែ​ចង់​ចែករំលែក​វា​ទៅ​អ្នកដទៃ តាមរយៈ​សំណេរ​។ បច្ចុប្បន្ន នាង​ជា​អ្នកនិពន្ធ​សៀវភៅ​បែប​លើកទឹកចិត្ត ដែល​បញ្ចូល​នូវ​ទស្សនៈ​ជាច្រើន ដើម្បី​បណ្តុះ​គំនិត​ដល់​យុវជន ឲ្យ​មាន​ចេះ​វែកញែក វិភាគ និង​ពិចារណា​បាន​ស៊ីជម្រៅ សម្រាប់​ជា​ប្រយោជន៍​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​។

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖ 



 
​កើត​នៅក្នុង​គ្រួសារ​ក្រីក្រ​នៅ​ជនបទ​នៅ​ខេត្តពោធិ៍សាត់ ដែលមាន​ឪពុក​តែងតែ​ប្រើប្រាស់​ហិង្សា បានធ្វើ​ឲ្យ កុមារី សែត ហត្ថា បាត់បង់​ភាពកក់ក្តៅ​ពី​គ្រួសារ និង​ឈប់រៀន​ម្តង​ជា​ពីរដង​រហូត​ចាក​ចេញពីផ្ទះ ទៅ​ដាំ​បន្លែ​និង​ឃ្វាលគោ ជាមួយ​ដូនចាស់​ម្នាក់ និង​ធ្វើជា​កម្មករ​តាម​ផ្ទះ ដើម្បី​សន្សំ​លុយ​ត្រឡប់មក​ចូលរៀន​វិញ​។ រស់នៅ​ក្រៅ​ផ្ទះ និង​ត្រូវ​ធ្វើការ​ដ៏​លំបាកលំបិន​ទាំង​នៅ​កុមារភាព​នេះហើយ បានធ្វើ​ឲ្យ​ហត្ថា មានគំនិត និង​ទស្សនៈ​ជាច្រើន ក្នុងការ​ដោះស្រាយ​បញ្ហា​។ លើសពីនេះ នាង​បាន​យក​បទពិសោធន៍​ទាំងនេះ រួមផ្សំ​នឹង​រឿងរ៉ាវ​អ្នកដទៃ សរសេរ​ជា​សៀវភៅ​បែប​ទស្សនវិជ្ជា រហូត​មានការ​គាំទ្រ​ពី​អ្នកអាន​កាន់តែច្រើន​។ 
  
 
​មាន​វ័យ ២៧​ឆ្នាំ កញ្ញា សែត ហត្ថា ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៥​នាក់​។ តាមពិតទៅ នាង​គ្មាន​ក្តី​ស្រមៃ​ថា​នឹង​ធ្វើជា​អ្នកនិពន្ធ​សោះឡើយ ខណៈ​ជីវិត​កុមារភាព​របស់ខ្លួន រកតែ​ភាព​ស្រណុក​ស្រួល​មួយថ្ងៃ​សឹងតែ​មិនបាន​ផង​នោះ​។ តែ​ផ្ទុយទៅវិញ ភាពលំបាក និង​ភាពស្មុគស្មាញ​ចិត្ត ដែល​ពិបាក​នឹង​រក​អ្នក​ស្តាប់​នេះហើយ ដែល​ជំរុញ​ឲ្យ ហត្ថា ផ្តើម​បង្ហូរ​សេចក្តី​ទុក្ខសោក​ចេញពី​ខ្លួន​តាមរយៈ​សំណេរ​។ នាង​បាន​រម្លឹក​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិនដែល​គិតថា ខ្ញុំ​ក្លាយជា​អ្នកនិពន្ធ​នោះទេ​។ ប៉ុន្តែ​រឿង​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​សរសេរ គឺ​ដោយសារ​ខ្ញុំ​មានរឿង​ច្រើន​ដែល​ខ្ញុំ​ចង់​និយាយ តែ​ខ្ញុំ​មិនមាន​ឱកាស​និយាយ​។ វា​មានរឿង​នៅក្នុង​ចិត្តជា​ច្រើន ដែល​សំឡេង​យើង​មិនអាច​និយាយ​ឲ្យ​អ្នកផ្សេង​ឮ ហើយ​ខ្ញុំ​តែងតែ​ចែករំលែក​ជាមួយ​សៀវភៅ​។ ខ្ញុំ​បាន​ស្គាល់​ពិភពលោក តាមរយៈ​ការអាន​។ ខ្ញុំ​ជា​ក្មេង​ម្នាក់​កើតមក​ក្នុង​គ្រួសារ​ក្រីក្រ ហើយ​អត់​មានលទ្ធភាព ដើម្បី​មើល​ពិភពលោក​ឲ្យ​បាន​ទូលំទូលាយ មិនមាន​អ្នក​លើកទឹកចិត្ត​យើង​នៅក្នុង​ការទទួល​បានកា​រ​អប់រំ​។ យើង​ខ្វះ​គំរូ​ភាពល្អៗ​មើល​។ អ៊ីចឹង ជីវិត​ហ្នឹង យើង​មានរឿង​ច្រើន​ចង់​និយាយ តែ​យើង​អត់​ដឹងថា និយាយប្រាប់​នរណា​? នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ផ្តើម​សរសេរ​រឿង​ក្នុង​ចិត្ត​របស់ខ្ញុំ​»​។   
 
​តាមពិតទៅ ហត្ថា រៀន​មិនបាន​ខ្ពស់​នោះទេ​។ នាង​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១២ និង​ទទួលបាន​អាហារូបករណ៍​ពី​អង្គការ​បារាំង​មួយ​នៅ​ភ្នំពេញ ដោយ​ទទួលបាន​ការបណ្តុះបណ្តាល​រយៈពេល​២​ឆ្នាំ​លើ​ជំនាញ​ព័ត៌មានវិទ្យា ភាសា​អង់គ្លេស និង​ជំនាញ​ទន់​។ 
 
​ទោះ​មិនមាន​សញ្ញាបត្រ​ការសិក្សា​ថ្នាក់ខ្ពស់​មែន តែ​ស្ត្រី​មាឌ​ល្អិត​រូបនេះ បាន​សរសេរ​សៀវភៅ​បាន​ចំនួន​៣​ក្បាល ដែល​សុទ្ធតែជា​សៀវភៅ​បែប​លើកទឹកចិត្ត និង​បណ្តុះ​អ្នកអាន​របស់​នាង ឲ្យ​ពិចារណា​បាន​ស៊ីជម្រៅ​។ សៀវភៅ​របស់​នាង បាន​លក់ដាច់​ខ្លាំង​នៅក្នុង​ទីផ្សារ​កម្ពុជា ស្រប​ពេលដែល​សង្គម​មួយ​នេះ មាន​ចំនួន​អ្នកអាន​តិចតួច​នៅឡើយ​។ 
 
​មាន​សម្បុរ​ខ្មៅ សក់រួញ ហត្ថា​ដែល​អង្គុយ​ក្បែរ​រូបសំណាក សម្តេច​សង្ឃរាជ ជួន ណាត ក្នុង​ទីធ្លា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​និយាយ​ផង និង​ធ្វើ​កាយវិការ​ផង ដើម្បី​សង្ខេប​ពី​ខ្លឹមសារ​សៀវភៅ​របស់​នាង​យ៉ាង​ដូច្នេះ​ថា​៖ «​ទី​១. សៀវភៅ វិញ្ញាសា​ជីវិត ដែលជា​សៀវភៅ​បែប​ជំរុញ​ទឹកចិត្ត​អ្នកអាន​។ ស្ទើរតែ​៩០​ភាគរយ​ក្នុង​សៀវភៅ​នេះ ខ្ញុំ​សរសេរ​ពី​បញ្ហា​អ្នកអាន ព្រោះ​កាលណោះ គាត់​អត់​ស្គាល់​ថា​ខ្ញុំ​ជា​នរណា ប៉ុន្តែ​គាត់​តែងតែ​ផ្ញើ​សារ​មក​សួរ​ខ្ញុំ​ពី​បញ្ហា​របស់គាត់​។ ហើយ​អ្នកខ្លះ មាន​បញ្ហា​ស្ទើរតែ​ទៅ​សម្លាប់ខ្លួន​។ ខ្ញុំ​តែងតែ​ចំណាយពេល​ច្រើន​ជាមួយ​ពួកគាត់​ដើម្បី​ប្រឹក្សា​យោបល់​។ ទី​២. សៀវភៅ កាដូ​ជីវិត ដែល​សរសេរ​ពី​រឿងរ៉ាវ​ឈឺចាប់​ខ្លះៗ ទាក់ទង​នឹង​ការតស៊ូ​ក្នុងការ​សិក្សា ការជួប​បញ្ហា​ក្នុង​ជីវិត​នានា​របស់ខ្ញុំ ដែលមាន​រហូតដល់​៦០​ទៅ​៧០​ភាគរយ​។ ឯ​៣០ ឬ​៤០​ភាគរយ​ទៀត គឺជា​អត្ថបទ​អំពី​អ្នកអាន​ដូចគ្នា​។ ទី​៣. សៀវភៅ​ខ្យល់​ដង្ហើម ដែល​មិនបាន​ដកស្រង់​ពីបទ​ពិសោធន៍​ជីវិត​ខ្លួនឯង និង​បទពិសោធន៍​ជីវិត​នរណា​ឡើយ​។ ប៉ុន្តែ​អត្ថបទ​ហ្នឹង ខ្ញុំ​អត់​ដែល​ជួប​នៅឯណា ខ្ញុំ​អត់​ដែល​អាន​សៀវភៅ​ប្រទះឃើញ​នៅ​ណា​។ អត្ថបទ​ហ្នឹង វា​ជា​ឃ្លា​មួយ​ដែល​ខ្ញុំ​នឹកឃើញ ពេល​ខ្ញុំ​ធ្វើដំណើរ​តាម​ឡាន ឬ​ពេល​ខ្ញុំ​ធ្វើ​អ្វីមួយ​…»​។   
 
​នៅក្នុង​ចំណោម​សៀវភៅ​ទាំង​៣​ក្បាល​នេះ សៀវភៅ​វិញ្ញាសា​ជីវិត បាន​លក់ដាច់​ច្រើនជាងគេ ព្រោះ ត្រឹមតែ​រយៈពេល​ជិត​២​ឆ្នាំ នាង​បាន​លក់​វា​បាន​រហូតដល់​១​ម៉ឺន ៤​ពាន់​ក្បាល​។​
​អ្នកនិពន្ធ​មាឌ​ល្អិត​រូបនេះ បាន​បន្ត​រៀបរាប់​តាមបែប​អ្នក​ប៉ិន​វោហារ​ទៀតថា ការសរសេរ​សៀវភៅ​បែប​ទស្សនវិជ្ជា គឺ​ដោយសារតែ​នាង​ចង់​ផ្តល់​របៀប​គិត​មួយបែប​ពិចារណា ទៅដល់​យុវជន ដើម្បី​ឲ្យ​ពួកគេ​ព្យាយាម​ដោះស្រាយ​បញ្ហា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ សម្រាប់ សែត ហត្ថា នាង​មិន​សរសេរ​សៀវភៅ​អំពី​រឿង​ស្នេហា ឬ​មនោសញ្ចេតនា ព្រោះ​នាង​យល់ថា វា​នឹងធ្វើ​ឲ្យ​យុវជន​មានគំនិត​រវើរវាយ មិនអាច​ដោះស្រាយ​បញ្ហា​អ្វី​បាន​។​
 
​អ្នកនិពន្ធ សែត ហត្ថា ពន្យល់​បន្ថែម​៖ «​អ្វីដែល​យើង​ឆ្លៀត​ធ្វើ គឺ​យើង​ចង់​បញ្ចូល​ទស្សនៈ​ឲ្យ​បាន​ច្រើន ព្រោះ យើង​គិតថា វា​ជា​គំនិត​មួយ ជា​អាហារ​ផ្លូវចិត្ត​មួយ ដែល​ជួយ​ដល់​ការគិត​របស់គាត់ ជួយ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់គាត់ ដែល​នេះ​ជាការ​បំភ្លឺ​ផ្លូវ​ដល់​គាត់​។ យើង​មិន​ចង់​ឲ្យ​គាត់​វក់វី នឹង​អារម្មណ៍​មនោសញ្ចេតនា ស្នេហា​អូន​បង​។ ពេលខ្លះ​វា​ដូចជា​ពង្វក់ ខណៈ​យើង​កំពុង​ស្មុគស្មាញ វា​រក​ច្រកចេញ​អត់​ឃើញ ពេល​អាន​រឿង​មនោសញ្ចេតនា អារម្មណ៍​អីហ្នឹង ក្រ​ញ៉ា​ញ់​នៅ​ហ្នឹង ទៅណា​អត់​រួច​ទេ​»​។  
  
 
​កញ្ញា សែត ហត្ថា ដែលមាន​ឈ្មោះ​ក្រៅ​ថា «​កូនចាប​មាស​» មិនបាន​ទទួល​ការបណ្តុះបណ្តាល​លើ​មុខវិជ្ជា​ទស្សនវិជ្ជា និង​ផ្នែក​ការ​តែង​និពន្ធ​នោះទេ​។ ប៉ុន្តែ​នាង​សរសេរ​សៀវភៅ​ទាំងនេះ ដោយ​ផ្នែក​តាម​បទពិសោធន៍​ជីវិត​របស់​នាង ដែល​សន្សំ​តាំងពី​អតីតកាល បទពិសោធន៍​អ្នកដទៃ ការសង្កេត​បញ្ហា​នានា​នៅក្នុង​សង្គម  ភាព​ឧស្សាហ៍​ក្នុងការ​ពិចារណា និង​ការអាន​ច្រើន​។ ជាពិសេស នាង​ទទួល​ចំណេះដឹង​ពី​វត្ត​អារាម ដ្បិត​នាង​បាន​អាន​សៀវភៅ​ជាច្រើន​នៅ​វត្ត ដូចជា ព្រះ​ត្រៃបិដក ជាដើម​។ នាង អត្ថាធិប្បាយ​ថា ការសរសេរ​សៀវភៅ មិនមែន​សម្រាប់តែ​អ្នកមាន​សញ្ញាបត្រ​ខ្ពស់​នោះទេ​។ ប៉ុន្តែ វា​អាស្រ័យ​លើ​សមត្ថភាព​បុគ្គល ដែល​អាច​សរសេរ​ឲ្យ​អ្នកអាន​គាំទ្រ និង​ទទួលស្គាល់​ស្នាដៃ​ទាំងនោះ​។ 
 
​ជា​មនុស្ស​នឹងធឹង សម្តីសំដៅ​ត្រង់ៗ និង​មុត​ស្រួច ហត្ថា​បាន​បរិយាយ​យ៉ាង​ដូច្នេះ​៖ «​សម្រាប់​អ្នកអាន ដែល​អាន​ស្នាដៃ​មួយ​យល់ មិនមែន​អ្នកនិពន្ធ​នោះ ខ្ពស់​ផុត​គាត់​បាត់​នោះទេ​។ បើ​ខ្ពស់​ផុត​គាត់​ពេក ក៏​គាត់​តាម​អត់​ទៅដល់​ទេ​។ សំខាន់ តើ​អ្នកនិពន្ធ​នោះ​សរសេរ​ប៉ះ​គាត់​អត់​? សរសេរ​ប៉ះ​ហ្នឹង​អ៊ីចេះ​! ឧបមា​ថា អ្នកនិពន្ធ​ខ្លះ​ប្រើពាក្យ​ដូចៗ​គ្នា​។ ហេតុអ្វី​អ្នកនិពន្ធ​ខ្លះ ប្រើពាក្យ​ហ្នឹង​ដែរ ធ្វើ​ឲ្យ​ប៉ះ​ដល់​អ្នកអាន​? បើ​កន្លែង​ហ្នឹង​អ្នកនិពន្ធ​ឈឺចាប់ អ៊ីចឹង​ធ្វើ​ឲ្យ​អ្នកអាន​ដល់​ត្រង់​ហ្នឹង ឈឺចាប់​អួលណែន​ដែរ​។ វា​មកពី​របៀប​នៃ​ការផ្ទេរ របៀប​នៃ​ការនិយាយ របៀប​ប្រើ​ពាក្យពេចន៍ សិល្ប៍​វិធី​របស់​ខ្លួនឯង​ហ្នឹង ដែល​ធ្វើ​ឲ្យ​ប៉ះ​អ្នកអាន​។ ខ្ញុំ​មិន​គិតថា ទាល់តែ​អ្នករៀន​ខ្ពស់​ដាច់​គេ ទើប​អាច​និពន្ធ​បាន ព្រោះ​បទពិសោធន៍​ក្នុង​ជីវិត គ្មាន​នរណា​ខ្ពស់​ដាច់​នោះទេ វា​ឆ្លងកាត់​ស្រដៀង​គ្នា​ហ្នឹង​»​។ 
 
​កញ្ញា សែត ហត្ថា មិន​ត្រឹមតែ​ចេះ​និពន្ធ​នោះទេ តែ​ស្ត្រី​ខ្មែរ​រូបនេះ មាន​ជំនាញ​រចនា (​ឌី​ស្សាញ​) និង​មានបទពិសោធន៍​ធ្វើការ​ផ្នែក​ទីផ្សារ​ឌីជីថល (Digital Marketing) ២​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ​។ ជំនាញ​ទាំងនេះ បាន​ជំរុញ​ឲ្យ​ស្នាដៃ​សៀវភៅ​របស់​នាង មាន​ភាព​លេចធ្លោ និង​លក់ដាច់​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាម​តូប​លក់​សៀវភៅ និង​បណ្ណាគារ​ជាច្រើន​នៅ​ទូទាំងប្រទេស​កម្ពុជា​។ 
 
​ក្រៅពី​សរសេរ​សៀវភៅ ហត្ថា បាន​បង្កើត​ក្រុមហ៊ុន​គ្រឹះស្ថានបោះពុម្ពផ្សាយ ដើម្បី​សម្រួល​ដល់​អ្នកនិពន្ធ​ផ្សេងទៀត ឲ្យ​មានឱកាស​បោះពុម្ព​ស្នាដៃ​របស់ខ្លួន​ទៅកាន់​អ្នកអាន និង​ការពារ​កម្មសិទ្ធិបញ្ញា​ឲ្យ​អ្នកនិពន្ធ​ទៀតផង​។ ប៉ុន្តែ សម្រាប់​គ្រឹះស្ថាន​បោះពុម្ព​របស់​ហត្ថា និង​ស្ថាបនិក​៣​រូប​ទៀត គឺ​បោះពុម្ព និង​លក់​តែ​ប្រភេទ​សៀវភៅ​បែប​ទស្សនវិជ្ជា​ប៉ុណ្ណោះ ដើម្បី​ផ្តល់​ការ​គិតដល់​អ្នកអាន​ជា​ប្រយោជន៍​សម្រាប់​អ្នកអាន និង​សង្គមជាតិ​។ 
 
​បើតាម កញ្ញា សែត ហត្ថា បច្ចុប្បន្ន ចំណូល​ពី​ការលក់​សៀវភៅ និង​ការងារ​របស់​នាង បានធ្វើ​ឲ្យ​គ្រួសារ​របស់ខ្លួន​បាន​ចាក​ផុតពី​ភាពក្រីក្រ និង​ក្លាយជា​គ្រួសារ​គំរូ​ក្នុងការ​ជំរុញ​កូនៗ​ទៅ​រៀន​ទៀតផង​។ នៅ​ថ្ងៃ​អនាគត ស្ត្រី​មាឌ​ល្អិត តែ​ចិត្តធំ​រូបនេះ មានបំណង បង្កើត App ដើម្បី​លក់​សៀវភៅ​ជា PDF និង​សំឡេង ដើម្បី​បង្កើត​ភាពងាយស្រួល​ក្នុងការ​ចែកចាយ​សៀវភៅ​ទៅកាន់​មនុស្ស​ឲ្យ​បាន​កាន់តែច្រើន​៕                      
 
 
 

Tag:
 សែត​ហត្ថា​
 ​ អ្នកនិពន្ធ​
 ​ ទស្សនវិជ្ជា​
© រក្សាសិទ្ធិដោយ thmeythmey.com