អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ឡាវ៖ មន្ត្រី​ស៊ីវិល​ត្រូវ​ឈប់​រំលោភ​អំណាច​យក​តំណែង​រដ្ឋ​ដើម្បី​តែ​ប្រយោជន៍​បុគ្គល ឬ​សាច់ញាតិ​ខ្លួន​
28, Jul 2019 , 7:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បានចេញ​បទបញ្ជា​ថ្មី​មួយ ដោយបាន​ដាក់​កំហិត​ឲ្យ​ទាំង​មន្ត្រី​ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត និង​មន្ត្រី​ជួរ​រដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់ បញ្ឈប់​ការរំលោភ និង​បំពាន​អំណាច ហើយ​ធានា​ឲ្យ​បានការ​ផ្តល់​សាវា​សាធារណៈ​សម្រាប់​ប្រជាជន​ប្រកបដោយ​តម្លាភាព​។ ក្រុង​វៀងចន្ទន៍ ចង់ឃើញ​មន្ត្រី​ស៊ីវិល​ទាំងអស់ ប្រតិបត្តិ​ការងារ​តាម​ក្រម​ប្រតិបត្តិ​មួយ​រួមគ្នា និង​ប្រកបដោយ​វិជ្ជាជីវៈ​។​

 
​ចាប់ពី​ខែសីហា​តទៅ ក្រឹត្យ​លេខ ១៨៤ ស្តីពី​ក្រមសីលធម៌​របស់​មន្ត្រី​រដ្ឋការ​ស៊ីវិល​ឡាវ ដែល​ទើបតែ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ថុង​លួ​ន ស៊ី​សូលី​ត នឹងត្រូវ​ចូល​ជា​ធរមាន​ជា​ផ្លូវការ​។ រាល់​ការប្រតិបត្តិ​ការងារ និង​ឥរិយាបថ​របស់​មន្ត្រី​ស៊ីវិល​ទាំងអស់​របស់​ឡាវ នឹង​ត្រូវបាន​គ្រប់គ្រង និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​តាមរយៈ​ក្រឹត្យ​នេះ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ Laotian Times ក្រឹត្យ​ថ្មី​នេះ មាន​គោលដៅ​អប់រំ​ដល់​មន្ត្រី​ស៊ីវិល និង​ធានាថា ពួកគេ ត្រូវមាន​កាតព្វកិច្ច​ពេញលេញ​ក្នុងការ​បំពេញ​មុខងារ​របស់ខ្លួន​, គោរព​ច្បាប់ និង​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជាជន ជាមួយនឹង​ក្តី​គោរព ស្មើភាព និង​រម្យទម​បំផុត​។ ការថែរក្សា​ទ្រព្យសម្បត្តិ និង​យកជាតិ ជាធំ ក៏​ជា​ចំណុច​ស្នូល​ក្នុង​ក្រឹត្យ​នេះ​ផងដែរ​។ 
​ជាមួយនឹង​គ្នា​នេះ តាមរយៈ​ក្រឹត្យ​នេះ មន្ត្រី​រដ្ឋការ​ស៊ីវិល ត្រូវបាន​ហាម​ដាច់ខាត​ពី​ការបំពាន​អំណាច ពោលគឺ​ការប្រើប្រាស់​អំណាច​រដ្ឋ ឬ​សាធារណៈ​ដើម្បី​បម្រើ​ប្រយោជន៍​បុគ្គល ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ​របស់ខ្លួន​។  ការទទួលយក​អំណោយ​ពី​បុគ្គល ឬ​ស្ថា​ប័​ឯកជន​នានា ជា​ថ្នូរ​នឹង​ការដឹងគុណ ក៏​ជា​សកម្មភាព​ដែល​រដ្ឋាភិបាល​កុម្មុយនីស្ត​ហាម​ដែរ​។ អ្នកប្រតិបត្តិ​ផ្ទុយ នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​។ 
 
​តាម Laotian Times ការដាក់ចេញ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ធ្វើឡើង​ស្របពេល​មាន​អ្នកវិនិយោគ​មួយចំនួន បាន​ត្អូញត្អែរ ពី​ការសុំ​ចំណាយ​បន្ថែម​ពី​មន្ត្រី​សាធារណៈ ដើម្បី​ជាការ​សម្រួល និង​ព​ន្លឿ​ន​ឯកសារ​ឲ្យ​ឆាប់​បាន បើ​មិន​ដូច្នេះ នីតិវិធី នឹងត្រូវ​អូសបន្លាយ​យូរ​៕ 

Tag:
 ឡាវ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com