ជាតិ
សេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជា​មាន​ស្ថាន​ភាពល្អ​ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​អាច​ជួប​ហានិភ័យ​នៅ​ថ្ងៃ​អនាគត បើ​មិន​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​
28, Jul 2019 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា នៅតែ​ស្ថិតក្នុង​ស្ថានភាព​រឹងមាំ ៧,១ ភាគរយ ក្នុង​ឆ្នាំ​២០១៩​នេះ បើទោះបីជា​កំណើនសេដ្ឋកិច្ច​ពិភពលោក បាន​ថមថយ​ល្បឿន ដោយសារ​ការថយចុះ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ក្តី​។ លោកស្រី ជា សិរី នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ បានលើកឡើង​បែបនេះ​ក្នុង​កម្មវិធី បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២​ឆ្នាំ​២០១៩ របស់​ធនាគារជាតិ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​។​

 
​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ បាន​និយាយថា ក្នុង​ឆ្នាំ​២០១៩​នេះ សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន ៧,១ ភាគរយ ព្រោះ​មានការ​គាំទ្រ​ដោយ​វិស័យ​សំខាន់ៗ ដូចជា វិស័យ​ឧស្សាហកម្ម ១០,៥ ភាគរយ​, សេវាកម្ម ៦,៦ ភាគរយ ហើយ​គួបផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច​នៃ​វិស័យ​កសិកម្ម ១,៤ ភាគរយ​។​បើតាម​លោកស្រី ជា សិរី ជញ្ជីងទូទាត់​កម្ពុជា ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ស្ថានភាព​ល្អប្រសើរ និង​បន្ត​អតិរេក ៥,៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (៧៤១ លាន​ដុល្លារ​អាមេរិក​)​។ ប៉ុន្តែ​សេដ្ឋកិច្ចកម្ពុជា​ក៏​ងាយ​នឹង​ជួប​ហានិភ័យ​ផងដែរ​នា​ថ្ងៃ​អនាគត ដែល​តម្រូវ​កម្ពុជា​ត្រូវតែ​ធ្វើ​ពិពិធ​កម្ម​លើ​សេដ្ឋកិច្ច លើ​គ្រប់​វិស័យ​។ 
 
​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​បើ​យើង​ពិនិត្យ​ជារួម​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​យើង​នឹង​នៅ​បន្ត​ដឹកនាំ​កំណើនសេដ្ឋកិច្ច​អន្តរជាតិ ដោយសារ​នៅក្នុង​សហរដ្ឋអាមេរិក​ក្តី នៅ​អឺរ៉ុប​ក្តី នៅ​ជប៉ុន​ក្តី​កំណើន​កើនឡើង​ដែរ​ប៉ុន្តែ​ក្នុង​កម្រិត​ទាប​។ ដោយឡែក​ក្នុង​តំបន់​អាស៊ី​កំណើន​នឹង​កាន់តែ​ខ្ពស់​»​។  
 
​លោកស្រី សិរី ក៏​សង្កត់ធ្ងន់ថា កម្ពុជា ជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​តិចតួច ដែល​ងាយ​ប្រឈម​នឹង​ភាពផុយស្រួយ​ដល់​កំណើនសេដ្ឋកិច្ច ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ណាមួយ​កើតឡើង ទៅលើ​វិស័យ​ទាំងនោះ រួមមាន កសិកម្ម កាត់ដេរ និង​សំណង់​ជាដើម​។​
 
«​វិស័យ​កសិកម្ម​នៅតែ​ដើរតួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ចកម្ពុជា បើទោះបីជា​មើលទៅ​មាន​សភាព​តូចក្តី ដូច្នេះ​ក្នុងករណី​មានការ​បម្រែបម្រួល​អាកាសធាតុ (​មិនមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​) វា​នឹងធ្វើ​ឲ្យ​ប៉ះពាល​ដល់​ជីវភាព​កសិករ​យ៉ាងច្រើន​។ ការរំពឹង​លើ​វិស័យ​កាត់ដេរ​ក៏​ធំ​ដែរ ខណៈ​វិស័យ​មួយ​នេះ​ងាយ​នឹង​ទទួល​ការប្រែប្រួល​នៃ​តម្រូវការ​។ យើង​ធ្លាប់មាន​ពិសោធន៍​ក្នុង​ឆ្នាំ​២០០៨ និង​២០០៩ នៅពេលដែល​សេដ្ឋកិច្ច​អន្តរជាតិ​ធ្លាក់ចុះ ប្រជា​ពល​នៅក្នុង​ប្រទេស​ទាំងអស់នោះ​គាត់​ឈប់​ត្រូវ​ការទិញ​ខោអាវ ដូច្នេះ​តម្រូវ​ការទិញ​ខោអាវ​ត្រូវ​ធ្លាក់ចុះ ដែល​ធ្វើ​ឲ្យ​ការបញ្ជាទិញ​ខោអាវ​ពី​កម្ពុជា​នឹង​ធ្លាក់ចុះ​ផងដែរ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រ​ឈប​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​»​។​នេះ​ជាការ​លើកឡើង​របស់​នា​យិ​កា​បច្ចេកទេស​នៃ​ធនាគារជាតិ​។​
 
​កន្លងមក​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច ដែល​និយាយថា សេដ្ឋកិច្ចកម្ពុជា នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០២០​ខាងមុខ ដែល​បណ្ដាលមកពី​កត្តា​ខាងក្នុង និង​ខាងក្រៅ​។ ដ្បិត​មិន​និយាយ​ចំៗ​ក្តី ប៉ុន្តែ​លោក វ​ង្សី វិស្សុត បាន​អះអាងថា កត្តា​ខាង​ក្នុងនោះ គឺ​មកពី​កង្វះ​ការយកចិត្តទុកដាក់​កំណែទម្រង់​ឲ្យ​ដល់​កម្រិត ទើប​នាំ​ឲ្យ​កម្ពុជា​ប្រឈមមុខ​នឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ចំណែក​កត្តា​ខាងក្រៅ ដែល​លោក វិស្សុត យល់ឃើញ​វិញ​នោះ គឺ​មកពី​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច និង​ការប្រកួតប្រជែង​ផលិតផល​ស្ដង់ដារ​នៅក្នុង​ទីផ្សារ​ជាដើម​។​
 
​ចំពោះ​កត្តា​ខាងក្នុង​នេះ​លោក វ​ង្សី វិស្សុត បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ជាក់លាក់ និង​មាន​ប្រសិទ្ធភាព​រយៈពេល​វែង ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា ដែល​កម្ពុជា​នឹង​ជួបប្រទះ​នាពេល​ខាងមុខនេះ​។ បើតាម​លោក វិស្សុត បើសិន​រដ្ឋាភិបាល​មាន​វិធានការ​ច្បាស់លាស់​នោះ កម្ពុជា​អាច​រក្សា​សេដ្ឋកិច្ច​បាន​ក្នុងរ​ង្វ​ង ៦,៥ ភាគរយ នៅ​ឆ្នាំ​២០២០​ខាងមុខ ប៉ុន្តែ​បើ​ការអនុវត្ត​គ្មាន​ប្រសិទ្ធភាព​ទេ សេដ្ឋកិច្ចកម្ពុជា អាច​នឹង​ទាប​ជាង​នេះ​។ 
 
​ថ្លែង​ក្នុង​សិក្ខាសាលា​សភា​ដើម្បី​ឈ្វេងយល់​ពី​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​រៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​រូបនេះ បាន​និយាយថា «​បើ​ដឹងថា​ខ្លួន​ឈឺ​ហើយ​មិន​ខំ​ព្យាបាល នឹង​ជួប​គ្រោះថ្នាក់​រយៈពេល​វែង ហើយ​(​អ្នក​)​ទាំងអស់គ្នា​គ្មាន​នរណា​គេច​រួច​ទេ​»​។​
 
​របាយការណ៍​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​ព្យាករ​កាលពី​ខែមេសា​កន្លងមក​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ប្រមាណ ៧ ភាគរយ​ក្នុង​ឆ្នាំ ២០១៩​នេះ និង ៦,៨ ភាគរយ​នៅ​ឆ្នាំ​២០២០​។ ប៉ុ​ន្ថែ​បញ្ហា​ប្រឈម​ក៏មាន​ច្រើន​ផងដែរ ហើយ​បញ្ហា​ប្រឈម​ដែល​សំខាន​ជាងគេ ដែល​រាជ​រដ្ឋា​ភិ​បាន​ត្រូវ​យកចិត្តទុកដាក់​គឺ  ដោះស្រាយ​បញ្ហា​គម្លាត​ជំនាញ ដែល​កើតឡើង​ដោយ​ភាពមិន​ស៊ីគ្នា​រវាង​ជំនាញ​ដែល​ពឹង​លើ​កម្លាំង​ពលកម្ម និង​ជំនាញ​ដែល​និយោជក​ត្រូវការ​។​
 
​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្យាករ​ថា ក្នុង​ឆ្នាំ​២០១៩​នេះ វិស័យ​ឧស្សាហកម្ម​, ទេសចរណ៍ និង​វិស័យ​កសិកម្ម របស់​កម្ពុជា នឹង​ថយចុះ​ជាង​ឆ្នាំមុន​។ «​កំណើន​ទិន្នផល​ឧស្សាហកម្ម ទំនង​ថយចុះ​ពី​ប្រមាណ ១០,៨ ភាគរយ ក្នុង​ឆ្នាំ​២០១៨ មក​នៅត្រឹម​១០,១ ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ កំណើន​នៃ​វិស័យ​សេវាកម្ម​នឹងមាន​ការ​ថមថយ​បន្តិច​ពី​៦,៩​ភាគរយ​មក​៦,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ វិស័យ​កសិកម្ម​ត្រូវបាន​ព្យាករណ៍​ថា មាន​កំណើន​ប្រមាណ​១,៧​ភាគរយ ពោលគឺ​ថយចុះ​បន្តិច​ពី​១,៨​ភាគរយ កាលពី​ឆ្នាំមុន​។ ឱនភាព​សារពើពន្ធ​ត្រូវបាន​គ្រោងទុក​ក្នុង​កម្រិត ៤,៥​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ​២០១៩ បៀ​ប​ធៀប​នឹង​៥,១​ភាគរយ ដែល​បាន​គ្រោងទុក កាលពី​ឆ្នាំ​២០១៨»​។ នេះ​បើ​យោងតាម​របាយការណ៍​ទ​ស្សន​វិស័យ​អភិវឌ្ឍន៍អាស៊ី​របស់ ADB៕

© រក្សាសិទ្ធិដោយ thmeythmey.com