ជាតិ
សង្គមជាតិ
ចម្ការ​ឈើ​គ្រញូង​នៅ​សៀមរាប​អាច​ផ្តល់​ពូជ​ក្នុង​មួយឆ្នាំ​ពី​៣០​ទៅ​៥០​គីឡូក្រាម​
28, Jul 2019 , 7:59 pm        
រូបភាព
 សៀមរាប​៖ សៀមរាប​ជា​ខេត្ត​ដែលមាន​ផល​ព្រៃឈើ​ដ៏​ធំ​មួយ ពិសេស​ទៅតាម​តំបន់​ជួរ​ភ្នំ​មួយចំនួន​ដូចជា​ភ្នំ​គូលែន ភ្នំ​ហប់ ដែល​នៅក្បែរនោះ​មាន​តំបន់​ព្រៃ​ស្អា​ក ដែល​គេ​ស្គាល់​ថា​ជា​តំបន់​ដែល​សម្បូរ​ព្រៃ​ដ៏​ធំ​មួយ​កាលពីមុន​។ ចម្ការ​ឈើ​គ្រញូង​ដ៏​ធំ​មួយ ត្រូវបាន​បង្កើតឡើង​នៅ​តំបន់​ក្បែរ​នោះ បំណង​ដើម្បី​អភិរក្ស​ពូជឈើ​កម្រ​របស់​កម្ពុជា​។ បច្ចុប្បន្ន ចម្ការ​នេះ​មានការ​ពង្រីក​ជា​បន្តបន្ទាប់ ដែល​រៀងរាល់ឆ្នាំ​អាច​ផ្តល់​គ្រាប់ពូជ​ចន្លោះ​ពី​៣០​ទៅ​៥០​គី​ឡួ​ក្រាម​ក្នុង​មួយឆ្នាំ​។

 
​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យដឹងថា ចម្ការ​ឈើ​គ្រញូង​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០១ ដែល​ដំបូង​មាន​ទំហំ​២៥​ហិកតា​។ លោក​បន្ថែមថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយមាន​ការយកចិត្តទុកដាក់​ពី​រដ្ឋបាលខេត្ត​ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង ចម្ការ​នេះ​មានការ​ពង្រីក​ជា​បន្តបន្ទាប់ និង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ មាន​ទំហំ​រហូតដល់​ជាង​២​ពាន់​ហិកតា​ដែល​គ្របដណ្ដប់​លើ​ស្រុក​ចំនួន​៣ មានស្រុក​បន្ទាយស្រី ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ា​រិន្ទ​។​
 
 
«​យើង​មាន​ដើម​មេ​ពូជ​គ្រញូង​ចំនួន ៥៧២​ដើម ដែល​អាច​ផ្តល់​គ្រាប់​ជា​រៀងរាល់ឆ្នាំ​ចន្លោះ​ពី​៣០​ទៅ​៥០​គីឡូក្រាម ហើយ​ជា​មធ្យម​ក្នុង​មួយ​គីឡូក្រាម​មាន ៣៣,៦៩៩​គ្រាប់ ដែល​យើង​បាន​ចែកជូន​ទៅតាម​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​សម្រាប់ធ្វើ​ការបណ្ដុះ និង​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ដាំ​ដុះ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក ម៉ុង ប៊ុន​លីម​។​
 
​ដ្បិតថា មានឈ្មោះ​ជា​ចម្ការ​ពូជឈើ​គ្រញូង​ក៏ពិតមែន តែ​តាម​ការបញ្ជាក់​ពី​លោក ម៉ុង ប៊ុន​លីម ចម្ការ​នេះ​ក៏មាន​លាយ​ប្រភេទ​ឈើ​មួយចំនួនទៀត​ដែរ មាន​ប្រភេទ​ឈើ​បេង នាង​នួ​ង ធ្នង់ ត្រាច សុ​គ្រំ​។​ល​៕
 






Tag:
 ឈើ​គ្រញូង​
  ចម្ការ​ឈើ​គ្រញូង​សៀមរាប​
  ម៉ុង ប៊ុន​លីម​
© រក្សាសិទ្ធិដោយ thmeythmey.com