ត្រាំ ថា កូរ៉េខាងជើង​បាញ់​ផ្លោង​មី​ស៊ី​ល​គ្មាន​គោលបំណង​គំរាម​អាមេរិក​ឡើយ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ ថា កូរ៉េខាងជើង​បាញ់​ផ្លោង​មី​ស៊ី​ល​គ្មាន​គោលបំណង​គំរាម​អាមេរិក​ឡើយ​
28, Jul 2019 , 8:59 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា​ការបាញ់​សាកល្បង​មី​ស៊ី​រយៈ​ចម្ងាយ​ខ្លី​របស់​កូរ៉េខាងជើង​មិន​ប៉ះពាល់​ដល់​អាមេរិក ហើយ​ឥរិយាបថ​នេះ​ក៏​មិន​បង្ហាញ​ពី​គោលដៅ​ប្រឆាំង​អាមេរិក​របស់​កូរ៉េខាងជើង​ដែរ​។​

 
​មួយថ្ងៃ​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ពីរ​គ្រាប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប្រមុខរដ្ឋ​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​សម្រួល​ស្ថានការណ៍​ដោយ​អះអាង​ពេញមាត់​ថា ឥរិយាបថ​ថ្មី​របស់​កូរ៉េខាងជើង គ្មានអ្វី​ត្រូវ​បារម្ភ​ទេ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ បាន​កត់សម្គាល់ថា ការបាញ់​មី​ស៊ី​ល​ជាថ្មី​នេះ​ជា​រឿង​ធម្មតា ហើយ​វា​ក៏មាន​គោលដៅ​ព្រមាន​តែ​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ដោយសារ​ភាគី​មាន​បញ្ហា​ជម្លោះ​ផ្ទាល់​។ លោក ត្រាំ ចង់​សម្តៅលើ​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០​ដល់​ឆ្នាំ ១៩៥៣ ដែល​អាមេរិក​កាលនោះ​ក៏​ធ្វើជា​ខ្នងបង្អែក​កូរ៉េខាងត្បូង​ដែរ​។ 
 
«​វា​មិនមែនជា​សញ្ញា​ព្រមាន​ណាមួយ​ចំពោះ​អាមេរិក​ឡើយ​។ ប្រទេស​ទាំងពីរ​នេះ​មាន​ជម្លោះ​ផ្ទាល់ខ្លួន​»​។ នេះ​ជាស​ម្តី​របស់​មេដឹកនាំ​អាមេរិក​ដំបូង​គេ​ដែល​ឈាន​ជើង​ឆ្លងដែន​ចូល​ទឹកដី​កូរ៉េខាងជើង​លោក ត្រាំ នៅ​ចំពោះមុខ​អ្នកកាសែត​នៅ​ថ្ងៃ​សុក្រ​។  
 
​លោក ត្រាំ ក៏បាន​រៀបរាប់​ឡើងវិញ​ផងដែរ​ពី​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​លោក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នាពេល​បច្ចុប្បន្ននេះ ក្រោយ​បាន​ជួបពិភាក្សា​គ្នា​ផ្ទា​ល់បី​ដង​មកហើយ​រាប់​ចាប់ពី​ឆ្នាំ ២០១៨​មក​នោះ​។ 
 
​តាមពិតទៅ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោក គីម ជុង​អ៊ុង  ជា​អ្នកដឹកនាំ និង​រៀបចំ​ការបាញ់​មី​ស៊ី​ល​នេះ​ដោយផ្ទាល់ ដោយ​លោក​ចាត់ទុកថា ការបង្ហាញ​អានុភាព​យោធា​នេះ ជា​សារ​ព្រមាន​យោធា​កូរ៉េខាងត្បូង​ដែល​ស្រឡាញ់​សង្គ្រាម​តាមរយៈ​ការពង្រាយ​អាវុធ​ដ៏​ទំនើប​នៅ​កូរ៉េខាងត្បូង និង​រៀបចំ​លំ​ហាត់​យោធា ទោះ​ខ្លួន​បាន​ព្រមាន​ច្រើនលើក​ហើយ​ក្ដី​។ 
 
​ត្រឡប់មកវិញ វា​ទំនង​ដូច​អ្វីដែល​លោក ត្រាំ និយាយ​ដែរ​។ មេដឹកនាំ​កូរ៉េខាងជើង​ដាក់​គោលដៅ​ប្រឆាំង​តែ​កូរ៉េខាងត្បូង ហើយ​មិនបាន​រិះគន់​អាមេរិក​សូម្បី​តែមួយ​ម៉ាត់​។ វា​អាច​ថា មេដឹកនាំ​កូរ៉េខាងជើង​ចង់​បន្ត​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​មេដឹកនាំ​អាមេរិក​ផង ហើយ​ចង់​ឲ្យ​មាន​ការបន្ត​ការចរចា​ឡើងវិញ​ដើម្បី​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​ដែរ​៕ 
 
 
 
 
 
 
​ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  មី​ស៊ី​ល​
© រក្សាសិទ្ធិដោយ thmeythmey.com