ភ្នំពេញ៖ មកដល់ពេលបច្ចុប្បន្ននេះទៅហើយនៅតែមានអ្នកដែលជីកគ្រឹះប្រាសាទ ដើម្បីស្វែងរកវត្ថុមានតម្លៃ ដែលពួកគេហៅថាកំណប់។ ហើយអ្នកជីកទាំងនោះមិនមានអ្នកណាឆ្ងាយឡើយ គឺជាអ្នកភូមិដែលមានទីលំនៅក្បែរប្រាសាទទាំងនោះ។ នេះបើតាមការស្រាវជ្រាវរបស់លោក ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានឱ្យដឹងក្នុងបាឋកថាកាលពីពេលកន្លងទៅ។ អ្នកជំនាញរូបនេះថាអ្នកដែលជីកគ្រឹះប្រាសាទ ដែលជាបេតិកភណ្ឌជាតិប្រៀបបាននឹងជនដែលបំផ្លាញប្រវត្តិសាស្ត្រជាតិដូច្នោះដែរ។
ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ
«នៅស្រុកមួយចំនួនទៀតដែលខ្ញុំមិនទាន់ទៅ ប្រជាជនគាត់ប្រាប់ខ្ញុំថាមានភស្តុតាងប្រាសាទមួយចំនួនទៀត។ អ្វីដែលខ្ញុំសំណូមពរសូមបងប្អូនត្រូវយល់ថាភស្តុតាងប្រាសាទនេះគឺជារឿងចាំបាច់ណាស់របស់ប្រវត្តិសាស្ត្រខ្មែរ។ ប្រសិនបើនរណាម្នាក់ឬជនជាតិខ្មែរបំផ្លាញបេតិកភណ្ឌជាតិនេះ ដូចបំផ្លាញ់ប្រវត្តិសាស្ត្រជាតិយើងអ៊ីចឹង។ ព្រោះនៅក្នុងប្រាសាទមានសិលាចារិក ដែលបាននិយាយពីព្រឹត្តិការណ៍ក្នុងសង្គម និងនិយាយពីព្រឹត្តិការណ៍ផ្សេងៗក្នុងសម័យនោះ»។ នេះជាការទទូចរបស់លោក ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដល់ជនដែលជីកគ្រឹះប្រាសាទក្នុងអតីតក្រុងសម្ពុបុរៈ ដែលជាទីក្រុងដ៏ល្បីល្បាញរបស់អាណាចក្រចេនឡា ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន។ ប្រាសាទទាំងនោះហើយ ដែលបានផ្ដល់ភស្ដុតាងដ៏រឹងមាំ ឱ្យជនជាតិបារាំងម្នាក់ស្រាវជ្រាវនិងសន្និដ្ឋានជារួមថា គឺជាទីក្រុងអ្នកប្រាជ្ញនោះ។
នៅក្នុងបាឋកថាដែលបានធ្វើឡើងរយៈពេល២ម៉ោង អ្នកស្រាវជ្រាវប្រាសាទបុរាណខាងលើ សម្ដែងការព្រួយបារម្ភ និងការហួសចិត្តដោយសារតែមកដល់ពេលបច្ចុប្បន្ននេះទៅហើយ នៅតែមានអ្នកទៅជីកគ្រឹះប្រាសាទរករបស់មានតម្លៃ ដោយគិតថាទីតាំងទាំងនោះគឺជាកន្លែងកប់កំណប់។ លោកបញ្ជាក់ដូច្នេះ៖«សព្វថ្ងៃនេះគ្រប់ប្រាសាទទាំងអស់ដែលខ្ញុំបានស្រាវជ្រាវ អ្នកស្រុកគេហៅថាជាទួលកំណប់ទាំងអស់ តែខ្ញុំបានប្រាប់ប្រជាជនវិញថាមិនមែនជាទួលកំណប់ទេ ទាំងនោះគឺជាប្រាសាទ។ ក្នុងនាមខ្ញុំជាអ្នកវិទ្យាសាស្ត្រជាអ្នកស្រាវជ្រាវ ខ្ញុំដាក់ឈ្មោះថាប្រាសាទ។ ប្រាសាទទាំងអស់នោះនៅសល់តែគ្រឹះ។ ប្រាសាទឥដ្ឋមានប្រាសាទអូរច្បារ ប្រាសាទចារ ប្រាសាទណារ៉ុង មានច្រើនដែលមានការលួចជីកដល់សព្វថ្ងៃ ដោយសារការយល់ឃើញថាមានកំណប់នោះឯង»។
ជាសិក្ខាកាមមួយរូបកញ្ញា តែ សុខជា និស្សិតឆ្នាំទី២ផ្នែករូបវិទ្យា សោកស្ដាយចំពោះអ្វីដែលនាងបានដឹងថាមានការជីកគ្រឺះប្រាសាទសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួននោះ៖«ខ្ញុំគិតថាការជីកគ្រឹះប្រាសាទនេះវាធ្វើឱ្យបាត់បង់ផូស៊ីលចាស់ៗ។ ជាក់ស្ដែងវាគ្មិនបានរកឃើញអង្ករខ្មៅ វាជាផូស៊ីលចាស់បុរាណ។ បើសិនជាយើងយកទៅសិក្សាយើងនឹងបានដឹងពីរយៈពេលនៃការកកើត។ បើសិនជាបំផ្លាញរបស់ទាំងនោះ វាអាចធ្វើឱ្យបាត់បង់ប្រវត្តិសាស្ត្រដែលបានកើតឡើងពីមុន»។
នារីវ័យ១៩ឆ្នាំដែលមកពីខេត្តសៀមរាបរូបនេះ ចាត់ទុកការជីកគ្រឹះប្រាសាទថាជាអំពើរដែលប្រៀបបាននឹងការបំផ្លាញជាតិ៖«ខ្ញុំចង់ផ្ដល់យោបល់ដល់គាត់ថា សូមបញ្ឈប់សកម្មភាពនេះ ព្រោះវាដូចជាបំផ្លាញជាតិរបស់ខ្លួនឯង។ ទី២កាលណាធ្វើបែបនោះ អាចមានគ្រោះថ្នាក់ដល់អ្នកដំណើរពេលយប់។
ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញដែលមានសិក្ខាកាមប្រមាណជា៧០រូបចូលរួម លោកបណ្ឌិត ធុយ ចាន់ធួន បានបញ្ជាក់ពីគោលបំណងដែលនាំឱ្យលោកធ្វើបាឋកថាយ៉ាងដូច្នេះ៖«បាឋកថានេះក្នុងគោលបំណងបង្ហាញពីអ្វីដែលជារបកគំហើញថ្មីរបស់ខ្ញុំ ដើម្បីគោលដៅធំបំផុតគឺខ្ញុំសរសេរសៀវភៅមួយអំពីទីក្រុងសម្ពុបុរៈ»។
ចំណែកកញ្ញា ថ្កើង ចានី ដែលមានអាយុ២០ឆ្នាំវិញ ប្រាប់ពីអ្វីដែលនាងទទួលបានក្រោយពីចូលរួមបាឋកថា៖«ដោយសារបាឋកថានេះគេនិយាយពីទីក្រុងសម្ពុបុរៈ ខ្ញុំបានដឹងច្បាស់ថាទីក្រុងសម្ពុបុរៈនៅក្នុងខេត្តក្រចេះ ហើយនៅទីនោះមានអរិយធម៌អ្វីខ្លះ។ កម្មវិធីនេះធ្វើឱ្យខ្ញុំដឹងថាសម័យមុនប្រជាជនរស់នៅបែបណា។ នៅពេលដែលយើងបានដឹងហើយ យើងអាចជួយផ្សព្វផ្សាយបន្ត»។
នារីសម្បុរស្រអែមដែលមានទឹកមុខប្រជាប្រិយជានិច្ច តែ សុខជា យល់ថាក្នុងតំបន់អតីតក្រុងសម្ពុបុរៈ គួរតែក្លាយជាតំបន់ទេសចរណ៍នៅថ្ងៃអនាគត៖«ខ្ញុំទទួលបានចំណេះដឹងថ្មី ដែលខ្ញុំមិនធ្លាប់ដឹងពីមុនមក។ ខ្ញុំដឹងថាទីក្រុងចាស់មានប្រាសាទអ្វីខ្លះ។ ទៅមុខយើងអាចអភិវឌ្ឍន៍ទីនោះជាកន្លែងទេសចរណ៍»។
ស្របនឹងការយល់ឃើញរបស់កញ្ញា សុខជា ដែលបានបង្ហាញខាងលើ ព្រោះអតីតក្រុងសម្ពុបុរៈ គឺជាទីក្រុងអ្នកប្រាជ្ញ។ លោក ចាន់ធួន បញ្ជាក់ពីមូលហេតុដែលនាំឱ្យគេចាត់ទុកក្រុងសម្ពុបុរៈជាទីក្រុងអ្នកប្រាជ្ញ ៖«ជាទីក្រុងមានពហុសិវៈ ខាងព្រហ្មញ្ញសាសនា មិនមែនខ្ញុំជាអ្នកថាដំបូងទេ គឺលោក អាល្មាល់ហ៊ីសត្លែ បាននិយាយថាទីក្រុងសម្ពុបុរៈគឺជាទីក្រុងអ្នកប្រាជ្ញរួចហើយ។ ឥឡូវខ្ញុំថាបន្តពីលោកទៀត ដោយសារមានភស្ដុតានូវព្រះខាងព្រហ្មញ្ញសាសនា ដែលជាព្រះមានឥទ្ធិពលពីឥណ្ឌាមក។ យើងត្រូវតែស្វែងយល់ទៀត តើព្រះវិស្ណុជាព្រះតំណាងឱ្យអ្វី ព្រះគណេស តំណាងឱ្យអ្វី»?
លោកពន្យល់បន្ថែម៖«ដូចជាព្រះគណេសជាអវតារតំណាងឱ្យអ្នកចេះដឹង ដូច្នេះព្រះសិវៈ ជាព្រះដែលបង្កើតលោក។ លោក អាល្មាល់ មានភស្តុតាងពិតដែលថា សម្ពុបុរៈជាទីក្រុងអ្នកប្រាជ្ញ។ ព្រះពិរុណ តំណាងឱ្យសត្វហង្ស ហើយតំណាងឱ្យទឹកភ្លៀង។ មូលហេតុដែលហៅសម្ពុបុរៈជាទីក្រុងអ្នកប្រាជ្ញ ព្រោះមានព្រះធំនៅទីនេះគឺព្រះវិស្ណុ»។
សម្រាប់លោក សុរិយោ សុផា ដែលត្រៀមខ្លួនចូលសិក្សាឆ្នាំទី៣ជំនាញប្រវត្តិវិទ្យា ថាខ្លួនទទួលបានចំណេះថ្មីជាច្រើនដែលលោកមិនធ្លាប់ដឹងពីមុនពីបាឋកថានេះ៖«បានជាខ្ញុំមកចូលរួមមកពីវាបានផ្ដល់ចំណេះដឹងបន្ថែមដល់ខ្ញុំ។ ដោយសារតែខ្ញុំជាអ្នករៀនប្រវត្តិសាស្ត្រផង ដូច្នេះបាឋកថានេះនិយាយពីប្រវត្តិសាស្ត្រដែលខ្ញុំមិនធ្លាប់ដឹងពីមុន»។
បុរសដែលមកពីខេត្តស្វាយរៀងរូបនេះ ថាយុវជនគួរតែចូលរួមស្ដាប់ក្នុងកម្មវិធីណាដែលជួយឱ្យខ្លួនមានការអភិវឌ្ឍផ្នែកគំនិតបញ្ញា៖«សម្រាប់ខ្ញុំក្នុងនាមយើងជាយុវជនយើងមិនគួរចំណាយពេលទៅធ្វើអ្វីដែលមិនសូវមានប្រយោជន៍ទេ យើងគួរតែចំណាយពេលដ៏មានតម្លៃមកស្ដាប់កម្មវិធីបែបនេះដើម្បីបានចំណេះដឹង។ លើកក្រោយគាត់អាចទៅស្រាវជ្រាវបន្តដើម្បីឱ្យក្មេងជំនាន់ក្រោយដែលមិនទាន់បានដឹង ឱ្យបានរៀនបន្ត»។
បើទោះបីជាមិនរៀនផ្នែកប្រវត្តិសាស្ត្រប៉ុន្តែ សុផា ដែលមានអាយុ២០ឆ្នាំ លើកចិត្តយុវជនខ្មែរទាំងអស់ ឱ្យខំសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន៖«ទោះបីជាគាត់មិនរៀនខាងប្រវត្តិសាស្ត្រក៏ដោយ ក៏គាត់គួរតែមកស្វែងយល់ពីអ្វីដែលជាប្រវត្តិសាស្ត្ររបស់ខ្មែរយើង ដើម្បីឱ្យគាត់បានដឹងថាគាត់មានកំណើតចេញពីណា។ បុព្វបុរសរបស់គាត់មានភាពល្បីល្បាញយ៉ាងណា តើបុព្វបុរសរបស់គាត់បានសាងអរិយធម៌អ្វីខ្លះបន្សល់ទុកឱ្យពួកគាត់ជំនាន់ក្រោយ»។
ងាកមកអ្នកស្រាវជ្រាវលើគម្រោងប្រាសាទក្នុងក្រុងសម្ពុបុរៈ តាំងពីដើមឆ្នាំ២០១៩វិញ លោក ធុយ ចាន់ធួន ថាក្ដីកង្វល់ដែលជាប់ក្នុងអារម្មណ៍របស់លោករាល់ថ្ងៃគឺថវិកាសម្រាប់ការស្រាវជ្រាវបន្ត។ លោកបង្ហាញពីក្ដីបារម្ភរបស់ខ្លួនដូច្នេះ៖«អ្វីដែលជាកង្វល់ ខ្ញុំត្រូវការថវិកាដើម្បីសិក្សាស្រាវជ្រាវបន្តទៀត។ ហើយកង្វល់ទី២សុំឱ្យអាជ្ញាធរដែនដី ឬក៏ក្រសួងពាក់ព័ន្ធចុះស្រាវជ្រាវទាំងអស់គ្នា ដើម្បីផ្សព្វផ្សាយពីបេតិកភណ្ឌជាតិ និងដើម្បីកុំឱ្យក្រុមទាំងនោះជីកគាស់កកាយទៀត»។
អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ថាកិច្ចការស្រាវជ្រាវពីប្រវត្តិសាស្ត្រមិនមែនជាភារកិច្ចដាច់ខាតរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរបស់ខ្មែរគ្រប់រូប៖«ខ្ញុំចង់ឱ្យទាំងអស់គ្នាជួយបង្ហាញថានេះជាភស្ដុតាងប្រវត្តិសាស្ត្រខ្មែរ កុំនាំគ្នាជីក នាំគ្នាបំផ្លាញ ប៉ុន្តែត្រូវនាំគ្នាសិក្សាស្រាវជ្រាវ។ ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំងរាជបណ្ឌិត្យសភា ទាំងមហាវិទ្យាល័យបុរាណវិទ្យា ទាំងមហាវិទ្យាល័យប្រវត្តិសាស្ត្រ យើងចុះស្រាវជ្រាវទាំងអស់គ្នា។ នេះជារឿងរបស់យើងទាំងអស់គ្នា មិនមែនជារឿងរបស់ ធុយ ចាន់ធួន រឿងរបស់អាជ្ញាធរដែនដីខេត្តដែលត្រូវគ្រប់គ្រងនោះទេ ការស្រាវជ្រាវអ្នកណាក៏អាចធ្វើបានដែរ»៕