អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្អូញត្អែរ​ដែល​ចូល​ស្រុក​វិញ​មិន​រួច ថាក់ស៊ីន នៅតែ​ចិញ្ចឹមចិត្ត​បម្រើ​ជាតិ និង​ជួយ​សេដ្ឋកិច្ច​ថៃ​ឲ្យ​រីកចម្រើន​
28, Jul 2019 , 10:59 pm        
រូបភាព
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បាន​ថ្លែង​ហួស​ចិត្តនឹង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ថៃ​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​លោក មិនអាច​ធានាបាន​ពី​ការវិលត្រឡប់​ចូល​ប្រទេស​វិញ​។ ទោះយ៉ាងណា ក៏ដោយ​លោ​កន​បានប្រកាសថា​ខ្លួន​ត្រៀមលក្ខណៈ​ជាស្រេច​ជួយ​ស្រុកទេស​ជាពិសេស​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ និង​បម្រើប្រជាជន​និង​ប្រជាជាតិ​ថៃ​ឌ​។​

​ដូច​សព្វមួយដង​រៀងរាល់​ថ្ងៃកំណើត លោក​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ តែងតែមាន​ការសន្ទនា​វីដេអូ​មួយ ជាមួយនឹង​អ្នកគាំទ្រ​របស់លោក ដើម្បី​បង្ហាញ​ពី​ការ​នឹករលឹក និង​ការគាំទ្រ​ឥត​ងាករេ​របស់​អ្នកគាំទ្រ​លោក ដែល​តែងតែ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ត្រឡប់មក​រាជាណាចក្រ​ថៃ​វិញ ។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Bangkok Post នាឱកាស​ប្រារព្ធ​ខួបកំណើត ៧០ ឆ្នាំ​ពី​ទីក្រុង​ឌូ​ប៉ៃ នៅ​ថ្ងៃ​២៩ កក្កដា លោក ថាក់ស៊ីន បាន​ប្រាប់​អ្នកគាំទ្រ​របស់លោក​ថា ដោយសារ​ភាពមិនច្បាស់លាស់​នៃ​ប្រជាធិបតេយ្យ​ថៃ ទើប​លោក​ត្រូវ​និរទេស​ចេញពី​ប្រទេស​។ លោក អះអាង​ទៀតថា ក្រុមប្រឆាំង តែងតែ​ឆ្លៀតឱកាស​បំផ្លាញ​លោក និង​អ្នកគាំទ្រ​របស់លោក រាប់បញ្ចូល​ទាំង​តាមរយៈ​ការបន្លំ​ក្នុងការ​បោះឆ្នោត ក៏ប៉ុន្តែ​លោក តែងតែ​ឈ្នះ​ជានិច្ច​។ 
 
​នៅពេលដែល​អ្នកគាំទ្រ​សាកសួរ​ថា​តើ​ពេលណា​លោក​វិល​ត្រឡប់មក​រាជា​ណា​ចក្រ​ថៃ​វិញ អតីត​មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយភាព​របស់​ថៃ​រូបនេះ បាន​ថ្លែងថា លោក គ្មាន​យោបល់​នោះទេ ហើយ​នោះ ក៏​ព្រោះតែ​លោក យល់ឃើញថា ច្បាប់ និង​យុត្តិធម៌​របស់​ថៃ បាន​បាត់​បង់អស់​ទៅហើយ​។ 
 
​តែ​ទោះ​យ៉ាងណាក៏ដោយ លោក អះអាងថា លោក​ពិតជា​ចង់​បម្រើ​ជាតិ និង​ប្រជាជន​ថៃ និង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ផ្តល់យោបល់ និង​ជា​ដំណោះស្រាយ​សម្រាប់​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ​។ មួយវិញទៀត​លោក បន្ថែមថា លោក ក៏​មិន​ចង់​ឲ្យ​ប្រធាន​សន្តិសុខ ក្លាយជា​អគ្គនាយក​ដែរ​។ លោកនាយក​រដ្ឋមន្ត្រី មិន​លម្អិត និង​ពន្យល់​បន្ថែមថា លោក​សំដៅលើ​មេដឹកនាំ​រូប​ណា ដែល​ប្រែក្លាយ​ពី​អ្នកគ្រប់គ្រង​សន្តិសុខ​ទៅជា​អគ្គនាយក​នោះទេ​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ គឺជា​អតីត​មេដឹកនាំ​ថៃ​មួយរូប ដែលមាន​ប្រជាប្រិយភាព ជាពិសេស​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​កសិករ​។ លោក ត្រូវបាន​ទម្លាក់​ពី​តំណែង​តាម​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ​២០០៦ ក្រោម​ហេតុផល និង​បទ​ចោទ​ពី​ការប្រព្រឹត្ត​អំពើពុករលួយ និង ប្រើប្រាស់​អំណាច​ខុសច្បាប់​។ ក្នុង​ឆ្នាំ ២០០៨ លោក​ត្រូវ​តុលាការ​ថៃ​កាត់ទោស​ពន្ធនាគារ​៕ 

Tag:
 ថៃ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com