៣ រឿង​ដែល​អ្នកគាំទ្រ​អាច​មិនដឹង​ពី​ជើង​ខ្លាំង​គុន​ចម្រុះ​ប្រចាំ​សង្វៀន ONE ចាន់ រតនា​
ONE Championship
កីឡាជាតិ
ជាតិ
៣ រឿង​ដែល​អ្នកគាំទ្រ​អាច​មិនដឹង​ពី​ជើង​ខ្លាំង​គុន​ចម្រុះ​ប្រចាំ​សង្វៀន ONE ចាន់ រតនា​
28, Jul 2019 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អត្ថបទ​៖ ស៊ី​ធី  
​អ្នកលេង​ក្បាច់គុន​ចម្រុះ​វ័យ ៣៣ ឆ្នាំ ជា​កីឡាករ​ម្នាក់​ដែល​លេចធ្លោ​ពេល​ឡើង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​លើក​ឆាក​អន្តរជាតិ​ជាពិសេស​នៅ​សង្វៀន ONE តាំងពី​ឆ្នាំ ២០១៤ រហូតដល់​បច្ចុប្បន្ន​។ មានរឿង​រ៉ាវ ៣ សំខាន់​ដែល​អ្នកគាំទ្រ​អាច​មិនដឹង​អំពី​ជើង​ខ្លាំង​គុន​ចម្រុះ​ប្រចាំ​កម្ពុជា ចាន់ រតនា​។

 
 
១- រតនា ជា​កីឡាករ​លេចធ្លោ​មិន​ធ្លាប់មាន​របស់​កម្ពុជា​ក្នុង​ប្រវត្តិ​របស់ ONE 
​ដ្បិត​វ័យ​៣៣​ឆ្នាំ​ហើយ​មាន​ប្រពន្ធ​កូន​ទៀត ចាន់ រតនា ជា​កីឡាករ​មាន​ភាព​អំណត់​តស៊ូ​ខ្លាំងក្លា​ក្នុងការ​ហ្វឹកហាត់​រហូត​ទទួលបាន​កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន ONE បន្តបន្ទាប់​តាំងពី​ឆ្នាំ ២០១៤ មក​។ ចាន់ រតនា ជា​កីឡាករ​ដែល​ទទួលបាន​កិច្ចសន្យា​ប្រកួត​នៅ​សង្វៀន​ពិភពលោក ONE បានយូរ និង ច្រើន​ប្រកួត​ជាងគេ​ក្នុងចំណោម​កីឡាករ​នៅ​កម្ពុជា ពោល​ប្រកួត​លើស​ង្វៀន​អន្តរជាតិ​នេះ​រហូតដល់ ៨ ដង​ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់​៣​ដង​។ រតនា មានកំណត់​ត្រា​ឈ្នះ​កីឡាករ​គុន​ចម្រុះ​បរទេស​ច្រើនជាង​កីឡាករ​កម្ពុជា​ផ្សេងទៀត (​ឈ្នះ​៣​ដង​)​។ ម្ចាស់​ក្លិប «​សិល្បៈ​» រូបនេះ​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian , Abrou Fernandes និង កីឡាករ​ហ្វីលីពីន Ramon Gonzales​។ នៅ​ថ្ងៃទី ១៦ ខែ សីហា ខាងមុខ ចាន់ រតនា ត្រូវ​ជួប​ជើង​ខ្លាំង​គុយបា Gustavo Balart នៅ​សង្វៀន ONE: DREAM OF GOLD នា​ប្រទេស​ថៃ​។ នេះ​ជាការ​ស្វែងរក​កំណត់ត្រា​ថ្មី​ក្នុង​ជ័យជម្នះ ៣ ដង​ជាប់​គ្នា​បើសិន​បំបាក់​ជើង​ខ្លាំង​មកពី គុយបា បាន​។ 
  
 
២-​រឿង​តូចចិត្ត​កាល​ឆ្នាំ​២០១៤​ក្នុង​ពិភព​គុន​ចម្រុះ​
​ចាន់ រតនា បាន​ប្រាប់​អំពី​រឿង​មិនអាច​បំភ្លេចបាន​ក្នុង​អាជីព​ប្រកួត​គុន​ចម្រុះ ឬ MMA ពេល​ប្រកួត​នៅ​សង្វៀន ONE កាល​ឆ្នាំ ២០១៤​។ រតនា រំលឹកថា​៖ «​រឿង​ខ្ញុំ​មិនអាច​បំភ្លេចបាន ពេល​អាជ្ញាកណ្ដាល​ឲ្យ​ខ្ញុំ​ចាញ់ ឌុន សំអាង ដោយ​គិតថា​ខ្ញុំ​វ៉ៃ​ខុស​បច្ចេកទេស​ខណៈដែល​អាជ្ញាកណ្ដាល​ឃាត់​មិន​។ ខ្ញុំ​យំ ខ្ញុំ​តូចចិត្ត​យូរ​ដែរ​ចំពោះ​លទ្ធផល ដែល​ខ្ញុំ​ត្រូវ​ឈ្នះ​ពាន​មានតម្លៃ​ជិត ៥ ពាន់​ដុល្លារ​»​។ ពេលនោះ រតនា គ្មាន​ចេតនា​ទេ ប៉ុន្តែ​ដួល​អស់​ជំហរ​ទប់​អត់​ជាប់ ក៏​ទៅ​ត្រូវ សំអាង ខ្លាំង​ហើយ​គូប្រជែង​បន្ត​ការប្រកួត​ទៀត​លែងកើត​។ ទីបំផុត អាជ្ញាកណ្ដាល​ក៏​ផ្ដល់​ជ័យជម្នះ​ទៅ សំអាង តែម្ដង​។ នោះ​ហើយ​ដែល​ធ្វើ​ឲ្យ ចាន់ រតនា ស្រក់​ទឹកភ្នែក​ក្នុង​អាជីព​គុន​ចម្រុះ​។ គួរ​ដឹងថា ពេល​ស្ថាប័ន​អន្តរជាតិ ONE មក​រៀបចំ​ការប្រកួត​លើកដំបូង​នៅ​កម្ពុជា​នៅ​ឆ្នាំ ២០១៤ គឺ​តម្រូវ​ឲ្យ​មាន ២ គូប្រកួត​គ្នា ហើយ អ្នកឈ្នះ​ឡើងទៅ​ជួប​អ្នកឈ្នះ​ដើម្បី​ដណ្ដើមពាន និង​ប្រាក់រង្វាន់​។ គេ​ចាំបាន​ថា​ពេលនោះ រតនា បាន​វ៉ៃ​ឲ្យ ប្រាក់ ចាន់​ស៊ីន លើក​ទង់ជ័យ​សនា​ទឹក​ទី​១ នា​ប្រកួត​ដំបូង​ស្របពេល ឌុន សំអាង លត់ ជិន ហេង ចុះចាញ់​ត្រឹម​ទឹក​ទី​១ ដូចគ្នា​។ ដូច្នេះ ចាន់ រតនា ត្រូវ​ប៉ះ ឌុន សំអាង នៅ​វគ្គ​ដណ្ដើម​ប្រាក់រង្វាន់​និង​ពាន​។ រឿង​គួរ​ឲ្យ​សោកស្ដាយ​ក្នុង​ជីវិត​គុន​ចម្រុះ រតនា វ៉ៃ​ខុស​បច្ចេកទេស​នៅ​ទឹក​ទី​១  ហើយ​នាំ​ឲ្យ​ពាន​លើកដំបូង​នៅ​សង្វៀន ONE ធ្លាក់​ទៅលើ ឌុន សំអាង​។ 
 
៣-​មិន​នឹកស្មានថា​ល្បី​និង​មានឈ្មោះ​ដល់​បច្ចុប្បន្ន​
​សព្វថ្ងៃនេះ ចាន់ រតនា មិន​ត្រឹមតែ​ជា​អ្នក​ប្រដាល់​អាជីព​ប្រចាំ​សង្វៀន ONE ដ៏​មាន​ប្រជាប្រិយភាព​នោះទេ ប៉ុន្តែ​ថែមទាំង​ជា​ម្ចាស់​ក្លិប​ប្រដាល់​ឈ្មោះ «​សិល្បៈ​» នៅ​ម្ដុំ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ទៀតផង​។ ក្លិប​នេះ​ជា​ដំបូល​បណ្តុះបណ្តាល​ក្មេងៗ​ជំនាន់​ក្រោយ និង បង្ហាត់​ដើម្បី​សុខភាព​ផងដែរ​។ រឿង​មួយទៀត​មិនគួរ​កើត រតនា មិន​នឹកស្មានថា ខ្លួន​អាច​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​នោះទេ ព្រោះ​រូបគេ​មិនដែល​មានបំណង​ចង់​ប្រឡូក​ក្នុង​វិស័យ​ក្បាច់គុន​នោះឡើយ​។ ម្ចាស់​ក្លិប «​សិល្បៈ​» បញ្ជាក់​បែបនេះ​៖«​ខ្ញុំ​មិនដែល​គិតថា​ខ្លួនឯង​ក្លាយជា​អ្នក​ប្រដាល់​ទេ​។ ខ្ញុំ​ទៅ​ហាត់​ក្បាច់គុន ព្រោះ​គ្រាន់តែ​ចង់​ទៅលេង​ជាមួយ​កូនសិស្ស​របស់​ឪពុក​ខ្ញុំ​តែប៉ុណ្ណោះ​។ ឪពុក​ខ្ញុំ​គាត់​ព្យាយាម​បញ្ចុះបញ្ចូល​ខ្ញុំ​ឲ្យ​មក​ហាត់គុន​ឲ្យ​ស្ទា​ត់ទៅ ព្រោះ​មកពី​ខ្ញុំ​មិនបាន​សិក្សា​ច្រើន​ដូច​គេ​។  ប៉ុន្តែ​ទីបំផុត កីឡា​បាន​ជួយ​ខ្ញុំ​ច្រើន​មែនទែន វា​មិន​ឲ្យ​ខ្ញុំ​មាន​គ្រប់សព្វ​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អ្វី​ហូបចុក​គ្រប់គ្រាន់ មាន​គេ​ស្គាល់​ខ្ញុំ​ច្រើន និង​មាន​គេ​គោរព​ខ្ញុំ​ខ្លាំង​។ ដូចនេះ​ខ្ញុំ​មិន​ស្តាយក្រោយ​ទេ ដែល​ឪពុក​ខ្ញុំ​ជំរុញ​ឲ្យ​ខ្ញុំ​ដើរ​ផ្លូវ​នេះ​»​។ ដោយមាន​ឈាមជ័រ​ជា​អ្នក​ហាត់គុន​ដែលមាន​ឳ​ពុក​ឈ្មោះ ចាន់ ប៊ុនធឿន អ្នកលេង​គុន​បុរាណ​ខ្មែរ និង យុទ្ធ​ក្រម​ខម បានធ្វើ​ឲ្យ ចាន់ រតនា ស្នង​ត្រកូល​ក្បាច់គុន​ដ៏​អង់អាច​នេះ​ក្នុងនាម​ក្មេងជំនាន់ក្រោយ និង ជួយ​ផ្សព្វផ្សាយ​ក្បាច់គុន​កម្ពុជា​ទៅកាន់​ពិភពលោក​នាពេល​បច្ចុប្បន្ន​៕ 
 
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com