ជាតិ
សង្គមជាតិ
គម្រោង​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​ក្រុង​សៀមរាប​សម្រេចបាន​ជាង​១៣​ភាគរយ​ហើយ​
28, Jul 2019 , 4:39 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
 សៀមរាប​៖ គម្រោង​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប សម្រេចបាន​ជាង​១៣​ភាគរយ​ហើយ​បើ​គិត​មកដល់ពេលនេះ​។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ទីប្រជុំជន​ខេត្តសៀមរាប ក្រោម​ឥណទាន​ថវិកា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​អនុវត្តន៍​គម្រោង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Beijing Urban Construction Group (BUCG)​។ នេះ​បើ​យោងតាម​ការផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្តសៀមរាប​។​

​គម្រោង​នេះ​ធ្វើឡើង​ក្នុង​បំណង​កែលម្អ ពង្រីក​សមត្ថភាព​ប្រមូល​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​រហូតដល់​ឆ្នាំ ២០៤០​។ បន្ថែម​ពីនេះ ទឹក​កខ្វក់​ដែល​បាន​បញ្ចេញ​ចោល​តាម​បណ្ដាញ​លូ ត្រូវបាន​ប្រមូល​សម្អាត​មុននឹង​បញ្ចេញ​ចេញ​ប្រព័ន្ធ​បញ្ចេញ​ធំ ដើម្បី​សុខុមាលភាព​របស់​ប្រជា​ពល​ដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ និង​លើកកម្ពស់​អនាម័យ បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​ទាំងមូល​ផងដែរ​។​
 
 
​គួររម្លឹកថា គម្រោង​នេះ​បាននិងកំពុង​អនុវត្តតាម​បណ្ដោយ​ផ្លូវ​លេខ​២៦៧ មុខ​វត្ត​ចក និង​ឆ្ពោះ​មក​ផ្លូវ​ស៊ីវ​ត្ថា រហូត​ទៅដល់​មុខ​សណ្ឋាគារ​សុខា​អង្គរ ដោយ​ប្រើ​បច្ចេកវិទ្យា​ខួង​បំពង់​ក្រោម​ដី​ដែលមាន​ជម្រៅ​ពី​៣ ទៅ ៨​ម៉ែត្រ​។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ ២០១៩ នេះ គម្រោង​អនុវត្តបាន​១៣,៦២%​ហើយ នឹង​ឈានទៅ​បញ្ចប់​គម្រោង​ក្នុងអំឡុង​ខែសីហា ឆ្នាំ​២០២០​ខាងមុខ​។ នេះ​បើតាម​ខ្លឹមសារ​របស់​រដ្ឋបាលខេត្ត​ដដែល​៕
 




Tag:
 ទឹក​កខ្វក់​
  សៀមរាប​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com