ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ត្រឹមតែ​ឆ្ងាញ់​ទេ “​ផ្លែ​បឺ​រ​” ប្រសើរ​ណាស់​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​សាហាវ​ជាច្រើន​
29, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​បឺ​រ​អាចមាន​ផ្ទុក​ជាតិ​កាឡូរី​និង​ជាតិ​ខ្លាញ់​ខ្ពស់ ប៉ុន្តែ​វា​នៅតែ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុចិញ្ចឹម​និង​សារធាតុ​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​ក្នុងការ​រក្សា​សុខភាព​បេះដូង​រឹងមាំ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ ហើយ​អាច​នឹង​ឧស្សាហ៍​ទទួលទាន​ផ្លែ​បឺ​រ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​បានដឹង​អំពី​អត្ថប្រយោជន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ផ្លែឈើ​នេះ​ចំពោះ​សុខភាព​ឡើយ​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​មូល​ហេតុដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​បឺ​រ ៖
 
១. ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​
 
​ផ្លែ​បឺ​រ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ ជាតិ folate និង​ប៉ូ​តា​ស្យូ​ម ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ជាតិ​ខ្លាញ់​ល្អៗ​ជួយ​បង្កើន​សុខភាព​ស្បែក ខួរក្បាល​និង​ជាលិកា​របស់​ទារក​។ ជាតិ folate ទប់ស្កាត់​ការវិវឌ្ឍ​ទៅជា​បញ្ហា​សរសៃប្រសាទ​។ ហើយ​ជាតិ​ប៉ូ​តា​ស្យូ​ម​វិញ គឺ​ជួយ​បំបាត់​អាកា​រៈ​រមួលក្រពើ​។​
 
២. កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​នោះ​ក៏​ព្រោះតែ​ផ្លែ​បឺ​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត oleic និង​ជាតិ​ខ្លាញ់​ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​នៃ​វីតាមីន E ដែល​អាច​បញ្ឈប់​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រ​ម្ខាង​រាល់ថ្ងៃ​ជាប្រចាំ ដើម្បី​ជៀសផុត​ពី​បញ្ហា​កម្រិត​មិនល្អ​ឡើង​ខ្ពស់​។​
 
៣. បន្សាប​ជាតិពុល​ពី​ថ្លើម​
 
​ផ្លែ​បឺ​រ​មាន​ឥទ្ធិពល​មិនគួរ​ឲ្យ​ជឿ​ក្នុងការ​ជម្រុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាពប្រសើរឡើង​ទៀត​ផង​។ ផ្លែ​បឺ​រ​ក៏មាន​ផ្ទុក​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ហើយ​ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល​និង​សារ​ធាតុគីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម និង​លាមក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​
​ឈើ​នេះ​ជាប្រចាំ​។​
 
៤. សុខភាព​ស្បែក​
 
​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ​! ការទទួល​ទាន​ផ្លែ​បឺ​រ​ឱ្យបាន ១ ផ្លែ​ក្នុង​មួយថ្ងៃ​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​គាំទ្រ​ដល់​ដំណើរការ​នៃ​ការស្តារ​ឡើងវិញ​របស់​កោសិកា​ស្បែក​។ ផ្លែ​បឺ​រ​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន C ប៉ូ​តា​ស្យូ​ម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អាស៊ីតហ្វូលីក​។​
 
៥. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​
 
​ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន K ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​ដោយ​វា​ជួយ​បង្កើន​ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​រាងកាយ​និង​កាត់បន្ថយ​ការបញ្ចេញ​កាល់ស្យូម​ច្រើនពេក​តាមរយៈ​ទឹកនោម​។ 
 
៦. ទប់ស្កាត់​ការ​រលាក​ក្នុង​រាងកាយ​
 
​ផ្លែ​បឺ​រ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ monounsaturated ជាតិ​សរសៃ វីតាមីន ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែល​ជួយ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
៧. សម្រាល​អាកា​រៈ​មុនពេល​មក​រដូវ​
 
​គ្រាន់តែ​ទទួលទាន​ផ្លែ​បឺ​រ​មួយ​ចំហៀង អា​ការៈឈឺចាប់​ពេល​មក​រដូវ​នឹង​បាត់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។ នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម ជាតិ​ខ្លាញ់​ល្អ និង​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​តុល្យភាព​នៃ​អ័រម៉ូន​។​
 
៨. បញ្ចុះ​សម្ពាធ​ឈាម​
 
​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​។ ក្រៅពីនេះ​ផ្លែ​បឺ​រ ក៏​ជា​ប្រភព​នៃ​សារធាតុ carotenoids ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​ច្រើន​ទៀតផង​ដែរ​។​
 
៩. សុខភាព​សាច់ដុំ​
 
​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ រួមជាមួយ​វីតាមីន​C E និង K ដែល​ជួយ​រក្សា​សុខភាព​សាច់ដុំ​បាន​យ៉ាង​ប្រសើរ​។​
 
១០. ទប់ស្កាត់​បញ្ហា​ជ្រុះ​សក់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E ដែល​ជួយ​ឱ្យ​ឫស​នៃ​សក់​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធភាព និង​បង្កើន​ចរន្តឈាម​ជម្រុញ​ការលូតលាស់​សក់​។ វា​ក៏​ជួយ​រក្សា​កម្រិត​តុល្យភាព PH និង​ជាតិ​ប្រេង​ទប់ស្កាត់​ភាព​រាំងស្ទះ​ដល់​ការលូតលាស់​នៃ​សក់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com