ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជូរ​មែន​! ប៉ុន្តែ “​ក្រូចឆ្មារ​” ប្រសើរ​ចំពោះ​សុខភាព ទប់ស្កាត់​សូម្បី​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​
30, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រូចឆ្មារ ជា​ផ្លែឈើ​ម្យ៉ាង​ដែលមាន​រសជាតិ​ជូរ​និង​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​ផ្លែឈើ​រសជាតិ​ជូរ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់បាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ក្រៅពី​ជួយ​បង្កើន​រសជាតិ​អាហារ​និង​ភេសជ្ជៈ​មួយចំនួន​ហើយ​នោះ ក្រូចឆ្មារ​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​សុខភាព​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​សារៈសំខាន់​នៃ​ក្រូចឆ្មារ​ចំពោះ​សុខភាព​រាងកាយ ៖

១. ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ខ្ពស់​
 
​ក្រូចឆ្មារ មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​​ជួយ​ទប់ស្កាត់ និង​កម្ចាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បំផ្លាញ​កោសិកា​បង្ក​ជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ​។ វីតាមីន C ក៏មាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​សរសៃ​​ឈាម​បេះដូង បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​ផងដែរ​។​
 
២. សុខភាព​ស្បែក​
 
​វីតាមីន C ព្រមជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដទៃទៀត​ជួយ​កាត់បន្ថយ​ស្នាម​ជាំ​និង​ស្នាម​ជ្រីវជ្រួញ​ដោយ​ទប់ស្កាត់​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​។ វីតាមីន C ដែលមាន​ក្នុង​ក្រូចឆ្មារ​ក៏​ជួយ​ការពារ​ស្បែក​ពី​ភាព​ចាស់​មុន​វ័យ ក៏ដូចជា​កម្ចាត់រោគ​មុន និង​កាត់បន្ថយ​ការបំផ្លាញ​ពី​ពន្លឺព្រះអាទិត្យ​ផងដែរ​។ ទឹកក្រូច​ឆ្មារ​សំអាត​ជាតិពុល​ចេញពី​ឈាម​ដែល​ជួយ​ឱ្យ​ស្បែក​មាន​ភាពស្រស់ថ្លា​ពី​ខាងក្នុង​។​
 
៣. សម្អាត​ថ្លើម​បន្សាប​ជាតិពុល​
 
​ក្រូចឆ្មារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​C រួមបញ្ចូល​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​កម្ចាត់​បាក់តេរី​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ហើយ​សម្លាប់​ពពួក​បាក់​តេ​រី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ដែល​ជួយ​ឲ្យ​មុខងារ​ថ្លើម​កាន់តែ​ល្អប្រសើរ និង​បង្កើន​ដំណើរការ​នៃ​ការ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​ផងដែរ​។​
 
៤. សុខភាព​មាត់​ធ្មេញ​
 
​អត្ថប្រយោជន៍​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​ក្រូចឆ្មារ គឺ​ជួយ​ដោះស្រាយ​បញ្ហា​មាត់​ធ្មេញ​បាន​យ៉ាង​ប្រសើរ​តាមរយៈ​បរិមាណ​នៃ​វីតាមីន C ដែល​វា​មាន​ផ្ទុក​។ ទឹកក្រូច​ឆ្មារ​ជួយ​បំបាត់​អាកា​រៈ​ឈឺធ្មេញ​បាន​យ៉ាង​ឆាប់រហ័ស ដោយ​គ្រាន់តែ​ប្រើ​វា​លាប​ទៅលើ​ធ្មេញ​ដែល​ឈឺ​ជាការ​ស្រេច​។ ទឹកក្រូច​ឆ្មារ​ក៏​ជួយ​បំបាត់​អាកា​រៈ​ហូរឈាម​អញ្ចាញ​ផងដែរ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹកក្រូច​ឆ្មារ​ស្រស់​លើ​អញ្ចាញ​ដែល​រង​ផលប៉ះពាល់​។ ចំពោះ​បញ្ហា​រាក់​ស៊ី​ធ្មេញ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ៤ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ ហើយ​ទទួលទាន​រៀងរាល់ ២ ទៅ ៤ ម៉ោង​ម្ដង​។ 
 
៥. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​សារធាតុ polyphenol ដែលមាន​ផ្ទុក​ក្នុង​ក្រូចឆ្មារ​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​ជៀស​ផុតពី​ជំងឺ​ធាត់​ជ្រុល​។ ហើយ​ជាទូទៅ​រូបមន្ត​សម្រក​ទម្ងន់​បែប​ធម្មជាតិ​នេះ​តម្រូវឱ្យ​អ្នកទទួល​ទាន​ទឹកក្រូច​ឆ្មារ​ស្រស់​លាយ​ជាមួយ​ទឹកឃ្មុំ និង​ទឹក​ក្ដៅ​ឧណ្ហៗ​រៀងរាល់​ព្រឹក​មុនពេល​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​អ្វី​ផ្សេង សូម្បីតែ​ទឹក​ធម្មតា​។ ភេសជ្ជៈ​នេះ​ក៏​ជួយ​កម្ចាត់​នូវ​រាល់​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុង​រាងកាយ​ផងដែរ​។​
 
៦. បំបាត់​ក្លិន​ខ្លួន​មិនល្អ​
 
​ក្លិន​ក្លៀក​មិនមែនជា​បញ្ហា​តែមួយ​ដែល​លក្ខណៈសម្បត្តិ​សម្លាប់​មេរោគ​របស់​ក្រូចឆ្មារ​ជួយ​កម្ចាត់​បានឡើយ​។ ទឹកក្រូច​ឆ្មារ​អាច​គ្រប់​គ្រង​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ដែល​បង្កឡើង​ដោយ​បាក់តេរី​បាន​យ៉ាង​ប្រសើរ​។ ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​មួយ​កែវ​នៅពេល​ព្រឹក​អាចជួយ​ដោះស្រាយ​បញ្ហា​ក្លិន​មាត់​ឆាប់រហ័ស​។ ជម្រើស​ផ្សេងទៀត​ដើម្បី​បំបាត់​ក្លិន​មិនល្អ គឺ​ច្របាច់​ក្រូចឆ្មារ​ម្ខាង រួច​យក​ទឹកក្រូច​ឆ្មារ​នេះ​ទៅ​ដុស​លាប​ក្រោម​បាតជើង ឬ​ត្រង់​ក្លៀក ទុកឱ្យ​ស្ងួត រួច​ងូតទឹក​ជាការ​ស្រេច​។​
 
៧. លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​
 
​មូលហេតុ​ពិសេស​មួយទៀត​ដែល​ធ្វើឱ្យ​ក្រូចឆ្មារ​សំខាន់​សម្រាប់​សុខភាព​រាងកាយ​នោះ គឺ​វា​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រយុទ្ធ​ប្រឆាំងនឹង​បាក់តេរី​ផ្សេងៗ​ដែល​អាច​បង្កបញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​រាងកាយ​។​
 
៨. សុខភាព​ឆ្អឹង​
 
​ការ​ទទួលទាន​ក្រូចឆ្មារ​ក៏​ជួយ​បង្កើន​សុខភាព​ឆ្អឹង​គួរឱ្យកត់សម្គាល់​ផងដែរ​។ វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​កាល់ស្យូម​ដែល​ជួយ​ក្នុងការ​រក្សា និង​ធ្វើ​ឲ្យ​សុខភាព​ឆ្អឹង​កាន់តែ​ប្រសើរឡើង​។ លើសពីនេះទៅទៀត ក្រូចឆ្មារ​ក៏​ជួយ​ការពារ​ឆ្អឹង​ពី​ជំងឺ​ផ្សេងៗ​ទាក់ទង​នឹង​ឆ្អឹង​រួមបញ្ចូល​ទាំង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​, ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។​
 
៩. ទប់ស្កាត់​ក្រួស​ក្នុង​តម្រងនោម​
 
​អាស៊ីត​ស៊ី​ទ្រិ​ក​ដែលមាន​ក្នុង​ទឹកក្រូច​ឆ្មារ​ជួយ​ទប់ស្កាត់​បញ្ហា​គ្រួស​ក្នុង​តម្រងនោម​បាន​យ៉ាង​ប្រសើរ​។ ស៊ី​ត្រាត​ដែលជា​សមាសធាតុ​មួយ​នៃ​អាស៊ីត​ស៊ី​ទ្រិ​ក​ធ្វើឱ្យ​ទឹកនោម​មិនសូវមាន​ជាតិ​អាស៊ីត និង​ថែមទាំង​អាច​បំបែក​ក្រួស​តូចៗ​ក្នុង​តម្រងនោម​ទៀត​។ ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកទទួលបាន​នូវ​ស៊ី​ត្រាត​គ្រប់គ្រាន់​ឡើយ ប៉ុន្តែ​ក៏​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ទឹក​ស្របតាម​តម្រូវការ​ដើម្បី​ទប់ស្កាត់ ឬ​កម្ចាត់​ចោល​នូវ​ក្រួស​ផងដែរ​។​

១០. ព្យាបាល​អាកា​រៈ​ទល់លាមក​
 
​អាស៊ីត​ស៊ី​ទ្រី​ក​ដែលមាន​ផ្ទុក​នៅក្នុង​ក្រូចឆ្មារ គឺ​អាចជួយ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​អាច​កម្ចាត់ ឬ​បញ្ចេញ​នូវ​កាកសំណល់ រួមទាំង​ជាតិពុល​ចេញពី​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូលក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១​ពែង រួច​ទទួលទាន​ភេសជ្ជៈ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរ និង​សកម្ម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com