អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្រីលង្កា រង​ការសង្ស័យថា មាន​ផែនការ​ទទួលយក​មូល​ដ្ឋា​ន​ទ័ព​អាមេរិក​
29, Jul 2019 , 10:00 am        
រូបភាព
ដោយ:
​ស្រីលង្កា កំពុង​ជាប់​សង្ស័យ​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​សហរដ្ឋអាមេរិក​ដែល​អនុញ្ញាត​ឲ្យ​យោធា​អាមេរិក​ឈរជើង​នៅ​ទឹកដី​ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ស្រីលង្កា​។

 
​កាលពី​ចុងខែ​មិថុនា​កន្លងទៅ កាសែត​ក្នុងស្រុក​ស្រីលង្កា​មួយ បាន​ចុះផ្សាយ​ពី​ឯកសារ​បែកធ្លាយ​មួយច្បាប់ ដែល​ខ្លួន​អះអាងថា គឺជា​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង Status of Forces Agreement (SOFA) រវាង​ក្រុង​វ៉ាស៊ីនតោន និង​កូឡុំបូ​។ ជាទូទៅ សហរដ្ឋអាមេរិក ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង SOFA ជាមួយ​ប្រទេស​ជា​ដៃគូ ក្នុងនោះ​មាន ជប៉ុន និង​កូរ៉េខាងត្បូង ជាដើម ដើម្បី​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​អាមេរិក និង​ទទួលបាន​សិទ្ធិ​ចូល​ដោយ​សេរី​ក្នុងប្រទេស​ជា​ម្ចាស់ផ្ទះ​។ 
 
​ក្រោយពី​បែកធ្លាយ​ព័ត៌មាន​នេះ​មក លោកនាយក​រដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe បាន​មុខ​ច្រានចោល ដោយ​អះអាងថា ស្រីលង្កា គ្មាន​ផែនការ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រទេស​ណាមួយ ដើម្បី​បង្កើត​មូលដ្ឋានទ័ព​អចិន្ត្រៃយ៍​ក្នុងប្រទេស​ខ្លួន​ឡើយ​។ តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post នៅ​ថ្ងៃទី ២៧ ខែកក្កដា មេដឹកនាំ​រូបនេះ បកស្រាយ​ថា គោលបំណង​នៃ​កិច្ចពិភាក្សា​ដែល​កំពុង​ធ្វើ​នេះ គឺ​ដើម្បី​ស្តារឡើងវិញ​នូវ​កិច្ចព្រមព្រៀង​យោធា​ឆ្នាំ​១៩៩៥ ជាមួយ​ក្រុង​វ៉ាស៊ីនតោន​តែប៉ុណ្ណោះ​។​
 
​ដោយ​បន្ទរ​ពីក្រោយ​លោកនាយក​រដ្ឋមន្ត្រី Wickremesinghe អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ស្រីលង្កា លោកស្រី Alaina B. Teplitz ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​ស្រីលង្កា​មួយ កាលពី​សប្តាហ៍​មុន បាន​លើកឡើងថា ក្រុង​វ៉ាស៊ីនតោន ពុំមាន​បំណង​បង្កើត​មូលដ្ឋាន​ក្នុងប្រទេស​ដែល​ស្ថិតក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​នេះឡើយ​។ លោកស្រី ពន្យល់​ទៀតថា សហរដ្ឋអាមេរិក បាន​ព្យាយាម​បង្កើត​កិច្ចព្រមព្រៀង SOFA ដើម្បី​បំពេញបន្ថែម​លើ​កិច្ចព្រមព្រៀង​មាន​ស្រាប់ ហើយ​វា​មាន​គោលដៅ​ដោះស្រាយ​បញ្ហា​បន្ទាន់​មួយចំនួន​ប៉ុណ្ណោះ​។ 
 
​ត្រង់ចំណុច​នេះ លោកស្រី Teplitz បាន​លើក​ឧទាហរណ៍​មួយ​ជុំវិញ​ហេតុការណ៍​គ្រោះទឹកជំនន់​កាលពី​ឆ្នាំ​២០១៧ ក្នុងប្រទេស​ស្រីលង្កា​។ លោកស្រី ថា កាលនោះ សហរដ្ឋអាមេរិក បាន​ឆ្លើយតប​នឹង​ការស្នើសុំ​ជំនួយ​ពី​សំណាក់​ក្រុង​កូឡុំបូ ដោយបាន​សម្រេច​បញ្ជូន​ជំនួយ​ឧបត្ថម្ភ​ទៅ​ស្រីលង្កា​។ ប៉ុន្តែ​ក្រោយមក យន្តហោះ​ដឹក​ជំនួយ​របស់​អាមេរិក​ទាំ​ង​នោះ តម្រូវ​ឲ្យ​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ស្រីលង្កា​ជាមុនសិន ទើប​អាច​ដឹក​ចូលទៅ​ក្នុងប្រទេស​ដែល​កំពុង​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​នេះ​បាន​។ ការណ៍​នេះ បានធ្វើ​ឲ្យ​មាន​ភាពយឺតយ៉ាវ​សម្រាប់​ជំនួយ​មនុស្សធម៌​។ 
 
​ក្នុង​តំបន់​អាស៊ី​ខាងត្បូង ស្រីលង្កា កំពុង​ក្លាយជា​ទីតាំង​ប្រកួតប្រជែង​យុទ្ធសាស្ត្រ​ថ្មី​មួយ​រវាង​សហរដ្ឋអាមេរិក និង​ចិន​។ មហាអំណាច​ទាំងពីរ​នេះ នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​ព្យាយាម​បង្កើន​វត្តមាន​ខ្លួន​ទាំង​សេដ្ឋកិច្ច និង​យោធា​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​។ 
 
​អ្នកជំនាញ​ផ្នែក​គោលនយោបាយ​ការបរទេស​អាមេរិក​មួ​យ​ចំនួន លើកឡើងថា ការព្រួយបារម្ភ​ថា ស្រីលង្កា​អាច​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ចិន កំពុង​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ខិត​ទៅ​កៀក​ស្រីលង្កា និង​អូសទាញ​ប្រទេស​នេះ​ចូលមក​កាន់​ឆ័​ត្រ​ការទូត​របស់ខ្លួន​។ ហេតុផល​នោះ​គឺថា ក្រុង​វ៉ាស៊ីនតោន ចាត់ទុក ស្រីលង្កា​ជា «​កូនអុក​ដ៏​សំខាន់​» ក្នុង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក សេរី និង​បើកចំហ​របស់ខ្លួន ។ យ៉ាងណាមិញ ក្រុង​ប៉េកាំង សម្លឹង​ឃើញ យុទ្ធសាស្ត្រ​នេះ​ជា​យន្តការ​របស់​ក្រុង​វ៉ា​ស៊ី​តោន​ដើម្បី​ហ៊ុមព័ទ្ធ​ខ្លួន ដោយមាន​ជំនួយ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែលជា​សម្ព័ន្ធ​អាមេរិក​។ 
 
​ក្រុមហ៊ុន​ចិន ក្នុង​ឆ្នាំ​២០១៧ បានកា​នប់​កាប់​កំពង់ផែ​យុទ្ធសាស្ត្រ Hambantota ដែលមាន​តម្លៃ ១,៥​ពាន់​លាន​ដុល្លារ​របស់​ស្រីលង្កា ក្រោយពី​រដ្ឋាភិបាល​ក្រុង​កូឡុំបូ គ្មាន​សមត្ថភាព​បង់​ថ្ល​ជំពាក់​។ បច្ចុប្បន្ននេះ ស្រីលង្កា ជំពាក់​បំណុល​ចិន ៨​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។ 
 
​តាមរយៈ​កាសែត South China Morning Post អ្នកស្រាវជ្រាវ​កិច្ចការបរទេស​ស្រីលង្កា លោក Sathiya Moorthy បាន​លើកឡើងថា  ការណ៍​ដែល​ចិន ឬ​ប្រទេស​ដទៃ អាចមាន​មូលដ្ឋានទ័ព​ក្នុងប្រទេស​ស្រីលង្កា វា​អាច​បង្ក​គ្រោះថ្នាក់ និង​ភាពមិនច្បាស់លាស់​សម្រាប់​ប្រទេស​ស្រីលង្កា និង​បណ្តា​ជិតខាង​ផ្សេងទៀត ក្នុង​តំបន់​មហា​ឥណ្ឌា​។ លោក ថា ស្រីលង្កា គួរ​ជៀសវាង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​មូលដ្ឋានទ័ព​យោធា​បរទេស​ផ្សេងៗ ដើម្បី​គេចផុត​ពី​ការ​ប្រែ​ក្លាយទៅជា​ទីលានប្រយុទ្ធ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន និង​អាមេរិក​៕

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ស្រីលង្កា​
  មូលដ្ឋានទ័ព​
  ភូមិសាស្ត្រ​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com