ជាតិ
សម្ដេច ហ៊ុន សែន​៖ លោក ត្រាំ មិន​ល្ងង់​រុញ​កម្ពុជា​ចេញពី​ទំនាក់ទំនង​ខ្លួន​ទេ​
29, Jul 2019 , 10:32 am        
រូបភាព
​ភ្នំពេញ​៖ អាមេរិក នឹងមិន​ចេញ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឆ្លើយតប​ទៅនឹង​សភា​ជាន់​ទាប​អាមេរិក ដែល​បានអនុម័ត​សេចក្ដីស្នើច្បាប់​មួយ​ឈ្មោះ «​សេចក្ដីស្នើច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ក្នុង​គោលដៅ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​។


 
​ដ្បិត​ច្បាប់​នេះ មិនទាន់​ដល់ដៃ​លោក ដូ​ណា​ល់ ត្រាំ ក្តី ប៉ុន្តែ​សម្ដេច ហ៊ុន សែន ហាក់ដូចជា​ជឿជាក់ថា ប្រធានាធិបតី​អាមេរិក នឹងមិន​អនុម័ត​ច្បាប់​នេះឡើយ​។ 
 
​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​មន្ត្រី​ទូត​បរទេស នៅក្នុង​ដំណើរ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែល​កំពុងដំណើរការ​សាងសង់ នៅ​ខណ្ឌ​ជ្រាយ​ចង្វារ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​លោក ត្រាំ មិន​ល្ងង់​រុញ​កម្ពុជា​ចេញ​ពីទំនាក់ទំនង​ខ្លួន​ទេ​»​។ 
 
​អះអាង​បែបនេះហើយ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បន្ថែមថា ប្រសិនជា​អាមេរិក​នៅតែ​ចង់​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​មែន​នោះ វា​ក៏​មិន​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​ដែរ ពោលគឺ​វា​គ្រាន់តែ​ប៉ះពាល់​មន្ត្រី​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន បានពន្យល់ថា បើអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាល ដូចជាសម្ដេច ទៀ បាញ់ នោះវានឹងប៉ះពាល់ដល់ទំនាក់ទំនងការពារជាតិ, បើដាក់លើសម្ដេច ស ខេង គឺប៉ះពាល់ដល់កម្លាំងនគរបាលជាតិ, បើដាក់លើលោក ប្រាក់ សុខុន នឹងនាំឲ្យមានផលអវិជ្ជមានដល់ការទូតរវាងប្រទេសពីរជាដើម។
 
​ទាក់ទង​នឹង​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​នេះ ត្រូវបាន​លោក ថេត យូ​ហូ (Ted Yoho) សមាជិក​រដ្ឋសភា​អាមេរិក​ម្នាក់ ដែលជា​មេ​ផ្តើមគំនិត​តាក់តែង​ច្បាប់​នេះ​តាំងពី​អំឡុង​ខែមេសា​មក ដោយបាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​ការអនុម័ត​របស់​រដ្ឋ​សភា​។ ក្នុង​សេចក្តីថ្លែងការណ៍​នោះ សមាជិក​រដ្ឋសភា​រូបនេះ បាន​លើកឡើងថា សេចក្តីស្នើច្បាប់​របស់លោក នឹង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល មន្ត្រី​យោធា និង​មន្ត្រី​សន្តិសុខ ដែល​ចូលរួម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ក្នុងចំណោម​សេចក្តីស្នើច្បាប់​ទាំងនោះ មាន​សេចក្តីស្នើច្បាប់​មួយ ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​អាមេរិក តាក់តែងឡើង ដើម្បី​ជំរុញ​ឲ្យ​លោក ត្រាំ ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នៅ​កម្ពុជា​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​លោក ថេត យូ​ហូ បាន​និយាយ​ដូច្នេះ​ថា​៖«​របប​លោក ហ៊ុន សែន បាន​ប្រើ​អំពើហិង្សា ការគំរាមកំហែង និង​ការកាត់ទោស ដើម្បី​កម្ចាត់​ក្រុមប្រឆាំង​»​។​
 
​ជា​នីតិវិធី សេចក្តីស្នើច្បាប់​នេះ ត្រូវបញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​អាមេរិក​ដើម្បី​សុំ​ការយល់ព្រម មុននឹង​ផ្ញើ​បន្តទៅ​ឲ្យ​ប្រធានាធិបតី​ពិចារណា​។ ក្នុងករណី​ឆ្លង​ផុត​ព្រឹទ្ធសភា សេចក្ដីស្នើច្បាប់​ផ្ដើមគំនិត​ដោយ​លោក ថេដ យូ​ហូ នេះ នឹង​ធ្លាក់​ដល់ដៃ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែលមាន​ពេល​១០​ថ្ងៃ ដើម្បី​ចុះហត្ថលេខា​លើ​សំណើ​ច្បាប់​នេះ ឲ្យ​ក្លាយជា​ច្បាប់​តែម្ដង​។ ប៉ុន្តែ​លោក​ក៏​អាច​ទាត់ចោល (Veto) បានដែរ​។ បើទោះជា​លោក ត្រាំ សម្រេចចិត្ត​ទាត់ចោល​មែន ក៏​មិនមែន​មានន័យថា សេចក្ដីស្នើច្បាប់​នេះ​អសារ​បង់​ទៅវិញ​ដែរ​។ បានន័យថា ក្នុងករណី Veto ខាងលើ សភា​ទាំងពីរ​អាច​បោះឆ្នោត​បដិសេធ​ការទាត់ចោល​នេះ​វិញ (Override) ដោយ​សំឡេង​ពីរភាគបី​នៃ​សមាជិក​ទាំងអស់​។ ដូចនេះ​សេចក្ដីស្នើច្បាប់​នេះ នឹង​ក្លាយជា​ច្បាប់​ផ្លូវការ​។ មាន​ករណី​ខ្លះទៀត ប្រធានាធិបតី​អាមេរិក ក្រោយ​ទទួលបាន​សេចក្ដីស្នើច្បាប់​ពីស​ភា ក៏មាន​សិទ្ធិ​មិន​ធ្វើ​អ្វី​ដែរ​។​
 
«​កម្ពុជា​មិន​ស្លាប់​ទេ​» ។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​ឆ្លើយតប​ទៅនឹង​នីតិបញ្ញត្តិ​អាមេរិក ដោយ​សម្ដេច​និយាយ​ពន្យុះ​ថា បើ​រដ្ឋបាល​អាមេរិក ចង់​ដាក់ ឬ​ចង់​ដក ធ្វើ​តែម្ដងទៅ ហើយ​កុំ​និយាយ​ច្រើន​៕

Tag:
 ហ៊ុន សែន​
  ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com