ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ជា​អ្នកសរសេរ​ឆ្លើយតប​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​
29, Jul 2019 , 12:13 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ពិតជា​បាន​ឆ្លើយឆ្លង​ផ្ទាល់​ជាមួយ​នាយករដ្ឋមន្ត្រី​មែន​ទេ​? នាពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែកក្កដា នេះ សម្តេច ហ៊ុន សែន បាន​អះអាងថា ពិតជា​ត្រឹមត្រូវ ព្រោះ​មានតែ​សម្តេច​ម្នាក់​គត់​ដែលមាន​សិទ្ធិ​សរសេរ​ឆ្លើយ​ទៅនឹង​ការបញ្ចេញ​យោបល់ ឬ​សំណួរ​ផ្សេងៗ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «Samdech Hun Sen, Cambodian Prime Minister​។​



​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២៦ ខែកក្កដា សម្តេច ហ៊ុន សែន បាន​បង្ហោះ​រូបថត​ពេល​ជូន​ចៅស្រី​ច្បង​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​។ ជាមួយគ្នា​នោះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​ចូលរួម​បញ្ចេញ​មតិយោបល់ ដោយ​អ្នកខ្លះ​ទទួលបាន​ការឆ្លើយតប និង​ការ​ចុច Like ដោយផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​។​

Page Transparency នៅលើ​ទំព័រ Samdech Hun Sen, Cambodian Primer Minister ដែល​បង្កើតឡើង​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១០ បង្ហាញ​ឲ្យ​ឃើញថា អ្នកគ្រប់គ្រង​ទំព័រ (admin) នេះ មាន​៦​នាក់​ដែល​ស្ថិតនៅ​កម្ពុជា​ទាំងអស់ ដោយ​ក្នុងនោះ​សម្តេច ហ៊ុន សែន ផ្ទាល់​ផងដែរ​។​

 «​ក្នុង Page ខ្ញុំ​គ្មាន​អ្នកណា​មាន​សិទ្ធិ​សរសេរ​ឆ្លើយតប​ក្រៅ​ខ្ញុំ​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​ជាមួយនឹង​ការ​រំលឹក​ដោយ​ហួសចិត្ត​ជុំវិញ​ព័ត៌មាន​ដែលថា ការលើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែកក្កដា ដោយសារ​សម្តេច ហ៊ុន សែន ជាប់​ជូន​ចៅ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ រីឯ​អ្នកខ្លះ​លើកឡើង​ពី​បញ្ហា​សុខភាព​របស់​សម្តេច​ផ្ទាល់​នោះ ប្រមុខ​រដ្ឋាភិបាល​បាន​អះអាងថា មិនមាន​ករណីបែបនេះ​ឡើយ​។ សម្តេច​បានកត់សម្គាល់​ផងដែរ អ្នកចោទ​ខុសឆ្គង​ប្រកាន់​មួយចំនួន បានសម្រេច​លុប Comment របស់ខ្លួន​ចេញ ជាពិសេស​បុគ្គល​ដែល​រស់នៅ​កម្ពុជា​។


ពាក់ព័ន្ធ​នឹង​ការអាក់ខាន​មិនមាន​ការប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេចនាយក​រដ្ឋមន្ត្រី​អះអាងថា ដោយសារ​គ្មាន​ឯកសារ​ដែល​ត្រូវ​ប្រជុំ​អនុម័ត ហើយ​ស្របពេល​ជាមួយគ្នា​នោះ សម្តេច​មាន​ជំនួប​ជាមួយ​លោក Gibert Houngbo ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម (IFAD) នាពេល​ព្រឹក​។ នាពេល​រសៀល សម្តេច​ឆ្លៀត​ជូន​ចៅស្រី​ច្បង​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ ដោយសារតែ​លោកស្រី ហ៊ុន ម៉ា​ណា ដែលជា​ម្តាយ​ជាប់​បំពេញការងារ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រីឯ​ជីដូន (​សម្តេច ប៊ុន រ៉ានី ហ៊ុន សែន​) ជាប់រវល់​៕




© រក្សាសិទ្ធិដោយ thmeythmey.com