ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​៖«​បើ​ខ្ញុំ​មាន​ពីរពាន់​លាន​ដុល្លារ​ទុក​នៅ​អាមេរិក​មែន ខ្ញុំ​មិនចាំបាច់​សុំ​ចិន​ទេ​»
29, Jul 2019 , 3:08 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី បើកកូនរថយន្តកម្សាន្តលេង តាមផ្លូវលេខ២១ ចន្លោះក្រុងតាខ្មៅនិងស្រុក កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្រ្តី បើកកូនរថយន្តកម្សាន្តលេង តាមផ្លូវលេខ២១ ចន្លោះក្រុងតាខ្មៅនិងស្រុក កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ចង់​ឮ​អាមេរិក ព្រមាន​ដដែលៗ​ឡើយ ពី​ការធ្វើ​ច្បាប់​រឹបអូស​និង​បង្កក​ទ្រព្យសម្បតិ្ត​របស់ខ្លួន ដែល​គេ ចោទ​កន្លងមក ថា​បាន​ផ្ញើ​នៅ​អាមេរិក ប្រមាណ​ពីរពាន់​លាន​ដុល្លារ​។ សម្តេចនាយក​រដ្ឋមន្ត្រី ពន្យុះ​ថែម​ឲ្យ​អាមេរិក ឆាប់​រឹបអូស​ឬ​បង្កក​ទ្រព្យសម្បត្តិ​ទាំងនោះ​តែម្តងទៅ ដោយ​មិនចាំបាច់​រង់ចាំ​រហូត​ច្បាប់​ត្រូវបាន​អនុម័ត​នោះទេ​។


 
​ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ (​នៅ​ទល់មុខ​វិមាន​ឈ្នះ​ឈ្នះ​) នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ប្រាប់​ទៅ​រដ្ឋាភិបាល​អាមេរិក ដូច្នេះ​ថា​៖«​បើ​ដាក់​ចំ​ខ្ញុំ ដាក់​មក​ចុះ ហើយ​សុំ​រឹបអូស​ទៅ មិនចាំបាច់ និយាយ​ច្រើន​ទេ​»​។ 
 
​ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បំភ្លឺថា ខ្លួន​ពុំមាន​លុយ​ប្រមាណ​ពីរពាន់​លាន​ដុល្លារ ផ្ញើ​នៅ​អាមេរិក​ឡើយ​។ មេ​ដឹកនាំ​កម្ពុជា បញ្ជាក់​បែបនេះ​ថា​៖«​បើ​ខ្ញុំ​មាន​លុយ​ប៉ុណ្ណឹង​មែន ខ្ញុំ​មិនចាំបាច់​ទៅសុំ​ចិន​ទេ​»​។ 
 
​លើសពីនេះ មេដឹកនាំ​កម្ពុជា ក៏បាន​ជំរុញ​ឲ្យ​អាមេរិក រឹបអូស​ឬ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​កម្ពុជា​ផងដែរ បើ​ពួកគេ ពិតជា​បាន​ផ្ញើ​នៅ​អាមេរិក​មែន​។ «​ខ្ញុំ​ស្វាគមន៍​ការ​រឹបអូស​....​ដើម្បី​ខ្ញុំ​បានឃើញ​មុខមាត់​ពិត​របស់​មន្ត្រី ដែលមាន​ប្រាក់​ចាយ​មិន​អស់ យកទៅ​ចោល​នៅ​ស្រុក​គេ​»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើង​ពី​រឿងនេះ បន្ទាប់ពី​រដ្ឋសភា​អាមេរិក បានអនុម័ត​សេចក្តីស្នើច្បាប់​មួយ​ស្តីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​គោលដៅ​នៃ​ការតាក់តែង​សេចក្តីស្នើច្បាប់​នេះ គឺ​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា ដូចជា បង្កក​ទ្រព្យសម្បត្តិ និង​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ ជាដើម​។ បច្ចុប្បន្ន សេចក្តីស្នើច្បាប់​នេះ កំពុងស្ថិត​ក្នុង​ដៃ​របស់​ព្រឹទ្ធសភា​អាមេរិក​។ 
 
​ជា​នីតិវិធី បើ​ព្រឹទ្ធសភា​អាមេរិក អនុម័ត សេចក្តីស្នើច្បាប់ នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រធានាធិ​តី (​លោក ដូ​ណា​ល់ ត្រាំ​)​។ ហើយ​សេចក្តីស្នើច្បាប់ អាច​ក្លាយជា​ច្បាប់ លុះត្រាតែ​ប្រធានាធិបតី​ចុះហត្ថលេខា​។ យ៉ាងណា មេដឹកនាំ​កម្ពុជា ហាក់​ពុំ​ជឿ​ឡើយ​ថា ប្រធានាធិបតីអាមេរិក នឹង​ចុះហត្ថលេខា​លើ​សេចក្តីស្នើច្បាប់​នេះ​៕ 
 

Tag:
 ហ៊ុន សែន​
  ចិន​
  អាមេរិក​
  ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com