កីឡាអន្តរជាតិ
អន្តរជាតិ
រកឃើញសាកសពមនុស្សក្នុងផ្ទះរបស់ Elneny ខ្សែបម្រើ Arsenal
× សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញក្នុងទីធ្លាផ្ទះរបស់ Mohamed Elneny ខ្សែបម្រើក្រុម Arsenal នៅឯប្រទេសអេហ្ស៊ីប។
បើតាមកាសែត Gazetta ឪពុករបស់ Elneny ជាអ្នកប្រទះឃើញសាកសពដោយផ្ទាល់នៅឯផ្ទះក្នុងក្រុង Mahalla Al-Kubra ហើយបានប្រាប់ប៉ូលិសភ្លាមៗអំពីដំណឹងដ៏អាក្រក់នេះកាលពីថ្ងៃសុក្រសប្តាហ៍មុន។ យ៉ាងណាក៏ដោយ ក្រុមប៉ូលិសនៅមិនទាន់ដឹងពីមូលហេតុនៃការស្លាប់នេះទេ ដោយស្ថិតក្រោមការស៊ើបអង្កេតដើម្បីរកអត្តសញ្ញាណ។
ផ្ទះរបស់ខ្សែបម្រើសញ្ជាតិអេហ្ស៊ីប វ័យ២៧ឆ្នាំ ដែលរកឃើញមានសពមនុស្សស្លាប់នេះគឺ កំពុងស្ថិតនៅក្នុងការសាងសង់បន្ថែម។ បើតាមការសនិដ្ឋានមួយចំនួន សាកសពនេះប្រហែលជាកម្មករសំណង់ដែលធ្វើផ្ទះឲ្យ Elneny ហើយការស្លាប់នេះអាចជារឿងឃាតកម្មផង។
Elneny ដែលចូលរួមជាមួយក្រុមកាំភ្លើងធំកាលពីខែមករា ឆ្នាំ២០១៦ នោះ ជាប់ កាតព្វកិច្ចឲ្យក្រុមជម្រើសជាតិអេហ្ស៊ីបនាយុទ្ធនាការប្រកួតពានរង្វាន់អាហ្វ្រ៊ិក Africa Cup of Nations ឆ្នាំ២០១៩ ដែលអេហ្ស៊ីបធ្វើម្ចាស់ផ្ទះ។ អេហ្ស៊ីបដែលជាម្ចាស់ពាននេះច្រើនជាងគេ បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់អាហ្វ្រិកខាងត្បូង ១-០៕
Tag:
Mohamed Elneny
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com