ជាតិ
ក្រៅពីដកតំណែង សម្ដេច ហ៊ុន សែន បញ្ជាឲ្យACU តាមពិនិត្យទ្រព្យសម្បត្តិមន្ត្រីពុករលួយ៣រូបនៅពោធិ៍សាត់
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រួតពិនិត្យលើទ្រព្យសម្បត្តិរបស់មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់៣រូប ដែលបានទារលុយខុសច្បាប់ ជាថ្នូរនឹងការចេញលិខិតកាន់កាប់ដីធ្លី និងច្បាប់សំណង់។ សម្ដេច បញ្ជាបែបនេះ នៅក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលកំពុងដំណើរការសាងសង់ នៅខណ្ឌជ្រាយចង្វារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
«កុំត្រឹមតែដកតំណែង !ទ្រព្យសម្បត្តិហ្អែង(មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់) ទាំងប៉ុន្មាន ត្រូវមើលអាហ្នឹងទៀត។ តាមមើលឲ្យដល់»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យមើលទ្រព្យសម្បត្តិរបស់មន្ត្រីសុរិយោដី៣រូប ដែលបានប្រព្រឹត្តសកម្មភាពទារលុយខុសច្បាប់ពីពលរដ្ឋ។
សម្ដេច ហ៊ុន សែន ដែលដឹងព័ត៌មានពីការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីសុរិយោដីទាំង៣រូបនេះ បាននិយាយថា ពួកគេបានទារលុយពីម្ចាស់ក្រុមហ៊ុនមួយ ដែលគ្រោងបើករោងចក្រនៅខេត្តពោធិ៍សាត់នោះ ក្នុងទំហំទឹកប្រាក់ពី៥ម៉ឺន ទៅ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការចេញលិខិតស្នាម សម្រាប់អនុញ្ញាតឲ្យសាងសង់។ ដោយសារដឹងពីបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេតលើករណីនេះ ដោយបន្លំខ្លួនធ្វើជាម្ចាស់ក្រុមហ៊ុន ហើយយកប្រាក់ទៅកក់៥ម៉ឺនដុល្លារសិន តាមការទាមទាររបស់មន្ត្រីសុរិយោដីនោះ។ ក្រោយកក់ប្រាក់រួចរាល់ហើយ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ឃាត់ខ្លួនមន្ត្រីទាំង៣រូបមកតែម្ដង។
អមជាមួយការពន្យល់នេះ ប្រមុខរដ្ឋាភិបាល បានប្រកាសពីការវះកាត់មន្ត្រីប្រព្រឹត្តខុសពីគោលនយោបាយដឹកនាំរបស់ខ្លួន យ៉ាងដូច្នេះថា៖«អភិក្រមទី៥ ត្រូវបានអនុវត្ត ដោយអត់មានការលើកលែង បើមិនអ៊ីចឹងខូច(ការដឹកនាំ)។ ហ្អែង(មន្ត្រីសុរិយោដី) បំផ្លាញជាតិ បំផ្លាញរដ្ឋបាល ហ៊ុន សែន»។
មន្ត្រីសុរិយោដីទាំង៣រូបនោះ រួមមានលោក លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍, លោក ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ និងលោក តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។ អ្នកទាំង៣រូបនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅក្នុងភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ ដែលជាទីកន្លែងដែលពួកគេនិងម្ចាស់ដីជួបគ្នា ដើម្បីប្រគល់លុយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ឱម យ៉ិនទៀង បាននិយាយថា ក្រៅពីបទល្មើសពុករលួយលើទឹកប្រាក់១០ម៉ឺនដុល្លារនោះ មន្ត្រីទាំង៣នាក់នេះ ក៏នៅជាប់សង្ស័យករណីផ្សេងទៀតដែរ។ ប៉ុន្តែលោក ឱម យ៉ិនទៀង មិនទាន់អាចបញ្ជាក់ឲ្យច្បាស់បានទេ ដោយសារត្រូវការពេលសាកសួរ និងស៊ើបអង្កេតរកភស្តុតាងបន្ថែមលើមន្ត្រីទាំង៣រូបនេះ៕
Tag:
ហ៊ុន សែន
ACU
សុរិយោដី
អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com