ជាតិ
សេដ្ឋកិច្ច
អ្នកខ្លះ​ឆ្ងល់​ថា តួលេខ​អតិផរណា​កើន​បន្តិច​សោះ តែ​ពេល​ទិញ​ផលិតផល​ខ្លះ ឡើងថ្លៃម៉្លេះ​
29, Jul 2019 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អត្រា​អតិផរណា​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ មាន​ត្រឹម ១,៩​ភាគរយ ដែល​ថយចុះ​ពី ២,៥​នៅ​ឆមាស​ទី​២​ឆ្នាំ​២០១៨ ។ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុ​ជាមាន​អត្រា​អតិផរណា​ទាប ដែលជា​មធ្យម ២,៨​ភាគរយ ដោយសារ​ការ​ថយ​ល្បឿន​កំណើន​ថ្លៃ​ក្រុម​ម្ហូបអាហារ គួបផ្សំ​នឹង​ការ​ថយ​ថ្លៃ​ក្រុម​ទំនិញ និង​សេវា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​។​


 
​សាធារណជន​មួយចំនួន ឆ្ងល់​ថា តួលេខ​អត្រា​អតិផរណា នេះ​ប្រែប្រួល ឬ​កើនឡើង​តិចតួច​ប៉ុណ្ណោះ តែ​ហេតុអ្វី​ទំនិញ​ដែល​ពួកគាត់​ទិញ​មួយចំនួន តម្លៃ​ឡើង​ខ្ពស់ មិន​ស៊ីគ្នា​នឹង​លេខ​កំណើន​អតិផរណា​សោះ​? 

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​ជុំវិញ​អតិផរណា​នេះ សូម​ស្ដាប់​ការបកស្រាយ​របស់លោក​ស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដូចតទៅ​នេះ​៖
 


 
​អ្នកស្រី ជា សិរី បានលើកឡើង​ក្នុង​បទឧទ្ទេសនាម​នា​ពិធី​បូកសរុប​របាយការណ៍​ប្រចាំឆមាស​ទី​១​របស់​ធនាគារជាតិ នៅ​ថ្ងៃទី​២៧​ខែកក្កដា ថា  ការគិត​រក​អត្រា​អតិផរណា គឺ​មិន​ចំណុះ​ឲ្យ​ទំនិញ​មួយណា​នោះទេ ពោលគឺ​អ្នកបច្ចេកទេស ប្រមូល​រាល់​ប្រភេទ​ទំនិញ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ (​ប​ន្លៃ ត្រី សាច់ ហ្គាស​…) យកមក​គណនា រក​បម្រែបម្រួល​ថ្លៃ​។ ព្រោះថា ទំនិញ​មិន​ឡើងថ្លៃ​ខ្លាំង​ទាំងអស់​នោះទេ ខ្លះ​ឡើងថ្លៃ​តិច ខ្លះទៀត​ថេរ និង​ខ្លះទៀត​ថយ​តម្លៃ ដែល​ទាំងនេះ​វា​យឹត​យោងគ្នា ហើយ​បង្កើតបានជា​អត្រា​អតិផរណា​ក្នុង​កម្រិត​ណាមួយ​។  
 
​មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​រូបនេះ អះអាងថា ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេសមួយ កាលណា​មាន​អត្រា​អតិផរណា ខ្ពស់​ពេក​ក៏​មិនល្អ ហើយ​បើ​ទាប​ក្រោម​សូន្យ ឬ​កម្រិត​អវិជ្ជមាន (​បរិ​ផ​រណា​) ក៏​មិនល្អ​ដូចគ្នា​។ បើ​អត្រា​អតិផរណា​ខ្ពស់​ពេក មានន័យថា អំណាច​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ បាន​ធ្លាក់ចុះ​។ 
 
​ឧទាហរណ៍ ពីមុន​រកចំណូលបាន ១០​ម៉ឺន​រៀល គេ​អាច​ទិញ​អង្ករ​៥០​គីឡូក្រាម​បាន តែបើ​អតិផរណា​ឡើង​ខ្ពស់ ចំណូល​១០​ម៉ឺន​រៀល​នេះ មិនអាច​ទិញ​អង្ករ ៥០​គីឡូក្រាម​បានទេ​។ បានសេចក្ដីថា​អតិផរណា​ឡើង​ខ្ពស់ ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់​ផលិតផល និង​សេវាកម្ម​។​
 
​ដោយឡែក​បើ​ថ្លៃទំនិញ​របស់​ប្រទេស​នោះ ធ្លាក់​ដល់​បរិ​ផ​រណា ឬ តម្លៃ​ទំនិញ​ជារួម ទាប​ជាង​មុន នោះ​នឹង​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច​។ អតិផរណា​ធ្លាក់ចុះ​ខ្លាំង បង្ហាញថា​តម្រូវការ​ប្រើប្រាស់​ទំនិញ​ក្នុងប្រទេស​នោះ​ថយចុះ ដែល​នាំ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ថមថយ ហើយ​អ្នក​ផលិត អ្នកវិនិយោគ ក៏​មិន​ចង់​បោះទុន​ផលិត​ទៀត​ដែរ​៕
 

Tag:
 អតិផរណា​
  ជា សិរី​
© រក្សាសិទ្ធិដោយ thmeythmey.com